សំណុំរឿងលោក កឹម សុខា៖ ដំណើរការនៅទ្រឹង ខណៈមេធាវីបន្តអង្គុយរង់ចាំដំណឹងពីតុលាការ
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅមិនមានចំណាត់ការថ្មីណាមួយទៅលើសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខាទេ គិតមកដល់ពេលនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមេធាវីលោកកឹម សុខានៅព្រឹកថ្ងៃចន្ទនេះ។ យ៉ាងណាក៏ដោយ ក្រុមមេធាវីលោកកឹម សុខា ក៏មិនទាន់មានគម្រោងអ្វីមួយដែរ ទៅកាន់តុលាការ ចំពោះបញ្ហានេះ គឺត្រឹមតែរង់ចាំដំណឹងពីខាងតុលាការតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
តាំងពីបញ្ចប់ការសាកសួរលើសាក្សីបន្ថែមកាលអំឡុងចុងខែមករាមក គិតមកដល់ពេលនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញនៅមិនមានចំណាត់ការអ្វីថ្មីលើដំណើរការស៊ើបអង្កេតសំណុំរឿងលោកកឹម សុខានៅឡើយទេ។ នេះ គឺជាការកត់សម្គាល់របស់លោកចាន់ ចេន សហមេធាវីម្នាក់របស់លោកកឹម សុខា។ តែទោះជាបែបនេះក្តី លោកមេធាវីចាន់ ចេន បានអះអាងថា នៅពេលនេះ ក្រុមមេធាវីក៏មិនទាន់មានគម្រោងថា ដាក់សំណើរ ឬវិធានការតាមផ្លូវច្បាប់ណាមួយចំពោះបញ្ហានៅទ្រឹងដំណើរការសំណុំរឿងលោកកឹម សុខានេះនោះឡើយ ពោលគឺក្រុមមេធាវីនៅបន្តរង់ចាំដំណឹងពីខាងតុលាការមកវិញ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេពាក់ព័ន្ធនឹងបញ្ហានេះ។ ប៉ុន្តែកន្លងមក លោកចៅក្រមស៊ើបសួរធ្លាប់បានបដិសេធសំណើសុំទម្លាក់បទចោទមកលើលោក កឹម សុខា ដែលស្នើដោយក្រុមមេធាវីចំនួន៤ដងរួចហើយ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោកជិន ម៉ាលីន ធ្លាប់បានបញ្ជាក់ថា ការចង់ស្នើសុំពីបញ្ហាអ្វីមួយក្នុងសំណុំរឿងលោក កឹម សុខា គឺជាសិទ្ធិរបស់មេធាវី។ ប៉ុន្តែរាល់ការសម្រេច គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ បើតាមលោកជិន ម៉ាលីន ចៅក្រមស៊ើបសួរអាចត្រូវការពេលវេលាបន្ថែមទៀតក្នុងសំណុំរឿងនេះ ទើបនៅតែបន្តដំណើរការស៊ើបអង្កេត។
គិតមកដល់ពេលនេះ គឺជិត២ឆ្នាំហើយ ដែលលោក កឹម សុខា បានស្ថិតក្រោមការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ លោកត្រូវបានតុលាការចោទប្រកាន់ថា បានឃុបឃិតជាមួយ បរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការបានឃុំខ្លួនលោក កឹម សុខា ជាងមួយឆ្នាំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ តែក្រោយមកបានសម្រេចប្តូររូបលោកមកឃុំខ្លួននៅក្នុងផ្ទះ ក្នុងរាជធានីភ្នំពេញវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលពីសំណាក់តុលាការ។
បើតាមមេធាវីរបស់លោក កឹម សុខា បើទោះបីលោកប្រធានអតីតគណបក្សសង្រ្គោះជាតិរូបនេះ ត្រូវឃុំនៅក្នុងផ្ទះក៏ដោយ ប៉ុន្តែលោកកំពុងមានបញ្ហាសុខភាព គឺពាក់ព័ន្ធនឹងជំងឺចាស់គៀបសរសៃស្មា ដែលបង្កការ ឈឺចាប់ដល់លោក កឹម សុខា។ សម្រាប់មេធាវី ការបន្តឃុំខ្លួនលោក កឹម សុខា យូរបែបនេះ វាប៉ះពាល់ទាំងនីតិវិធីច្បាប់ និងសិទ្ធិរបស់លោក កឹម សុខា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ