កម្ពុជា

លោក​កឹម សុខា ​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ មិនមែន​ជា​បក្ស​ហែហម​បក្ស​កាន់អំណាច​ឡើយ

លោក កឹម សុខា
លោក កឹម សុខា RFI/Siv Channa

បន្ទាប់​ពី​មាន​រូបភាព​នយោបាយ​យ៉ាង​ស្អិត​រមួត​ រវាង​លោក​សម រង្ស៊ី ​ប្រមុខ​គណបក្ស​ប្រឆាំង​ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​រួចមក​, លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ចេញ​មុខ​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​ គណបក្ស​សង្គ្រោះជាតិ​មិនមែន​ជា​គណបក្ស​ក្នុង​រដ្ឋាភិបាល​ ដើម្បី​ហែហម​គណបក្ស​កាន់​អំណាច ​នាពេល​បច្ចុប្បន្ន​នោះ​ទេ។ ការ​ថ្លែង​នេះ​ បាន​ធ្វើ​ឡើង​ ក្នុង​ពេល​ប្រមុខ​គណបក្ស​សង្គ្រោះជាតិ​ទាំងពីរ​ បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​សុពលភាព​ប្រធាន​ និង​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្តពោធិ៍សាត់​ នៅ​ថ្ងៃ​ទី​២០​មេសា។

ផ្សាយពាណិជ្ជកម្ម

(សម្លេង លោក​កឹម សុខា)
នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ទៅ​កាន់​សកម្មជន​ អ្នក​គាំទ្រ​របស់​ខ្លួន​ នៅក្នុង​ឱកាស​ ដែល​ប្រមុខ​គណបក្ស​ប្រឆាំង​ទាំងពីរ​ បាន​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​ប្រកាស​សុពល​ភាព​ប្រធាន​ និង​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​ពោធិ៍សាត់​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២០​មេសា។

ការ​ថ្លែង​របស់​លោក​កឹម សុខា​ នៅ​ពេល​នេះ​ ត្រូវ​បាន​គេ​សង្គេត​ឃើញ​ថា​ គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី​ ប្រមុខ​គណបក្ស​ប្រឆាំង​ និង​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​ បាន​បង្ហាញ​ភាព​ស្អិត​រមួត​ជាមួយ​គ្នា​ នៅក្នុង​ឱកាស​ទៅ​ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរសង្គ្រាន្ត​ នៅ​ក្នុង​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃទី​ ១៤មេសា។

លោក​កឹម សុខា ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ គឺ​ត្រូវតែ​ផ្លាស់​ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​ តាមរយៈ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ ដើម្បី​ឈាន​ទៅ​កាន់​អំណាច​ ប្រយោជន៍​គឺ​ដើម្បី​សង្គ្រោះជាតិ​ ប្រជាពលរដ្ឋ​ខ្មែរ​ ពី​ការ​ដឹកនាំ​បែប​កុម្មុយនិស្ត។​ តាម​លោក​កឹម សុខា​ បើ​គណបក្ស​សង្គ្រោះជាតិ​ មិន​ឈ្នះ​ឆ្នោត​ទេ​នោះ​ ​គឺ​គ្មាន​ឡើយ​ការ​ផ្លាស់ ប្តូរ​ ឬ​កំណែទម្រង់​ពិតប្រាកដ។

លើស​តែ​ពី​ការ​បញ្ជាក់​ពី​គោលដៅ​ និង​ជំហរ​របស់​គណបក្ស​ខ្លួន​ លោក​កឹម សុខា ​ក៏​បាន​បន្ថែម​ថា​ ថ្វី​ត្បិត​តែ​មេដឹកនាំ​គណបក្ស​ទាំងពីរ​ ត្រូវ​រូវគ្នា ​ហើយ​បង្កើត​ចេញ​នូវ​វប្បធម៌​សន្ទនា​គ្នា​ពិតមែន​ ប៉ុន្តែ​គណបក្ស​ប្រឆាំង ​មិន​ដែល​ផ្លាស់ប្តូរ​គោល​ដៅ​របស់​ខ្លួន​នោះ​ឡើយ។ ​លោក​ថា​ គណបក្ស​សង្គ្រោះជាតិ​ នឹង​មិន​ឲ្យ​មាន​អនាគត​បែកបាក់​ ដូច​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​ទេ។ ​លើស​ពី​នេះ​ លោក​កឹម សុខា​ បញ្ជាក់​ថា​ ការ​ធ្វើ​នយោបាយ​ គឺ​ត្រូវ​តែ​មាន​យុទ្ធសាស្ត្រ​បត់បែន​ ទៅ​តាម​កាលៈទេសៈ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI