អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក កឹម សុខា មិន​គាំ​ទ្រ​សន្និសីទ​ពិភពលោក​របស់​អតីត​បក្ស​ប្រឆាំង​នៅ​អាមេរិក តែ​អ្នក​រៀប​ចំ​ថា​នឹង​នៅ​តែ​ធ្វើ​

លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ
លោក កឹម សុខា ប្រធាន​​​គណបក្ស​​សង្គ្រោះ​​ជាតិ REUTERS/Samrang Pring
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក​កឹម សុខា តាម​រយៈ​មេធាវី​បាន​អះអាង​ថា លោក​មិន​គាំទ្រ​នូវ​ការ​រៀប​ចំ​សន្និសីទ​ពិភពលោក​របស់​សាខា​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ទី១ និងទី២ ខែធ្នូ នៅ​អាមេរិក​ឡើយ​។ ប៉ុន្តែ​បើ​ជា​បែប​នេះ​ក្តី អ្នក​រៀប​ចំ​សន្និសីទ​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សន្និសីទ​ពិភពលោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​ដដែល​។ 

ផ្សាយពាណិជ្ជកម្ម

មេធាវី​ម្នាក់​របស់​លោក​កឹម សុខា គឺ​លោក​ចាន់ ចេន បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា លោក កឹម សុខា ​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ មិន​បាន​ដឹង​ឮ​ពី​គម្រោង​រៀប​ចំ​សន្និសីទ​ពិភពលោក​របស់​សាខា​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ហើយ​ថា លោក​ក៏​មិន​គាំទ្រ​ដែរ​ចំពោះ​សកម្មភាព​នេះ​។ លោក​មេធាវី ចាន់ ចេន បាន​នាំ​ពាក្យ​លោក​កឹម សុខា មក​ប្រាប់​ដូច្នេះ បន្ទាប់​ពី​លោក​បាន​ចូល​ជួប​លោក​កឹម សុខា ដោយ​ផ្ទាល់​នៅ​ក្នុង​គេហដ្ឋាន​លោក កាល​ថ្ងៃ​ព្រឹក​ថ្ងៃ​ចន្ទ​។

ក៏​ប៉ុន្តែ លោក អ៊ុង រិទ្ធី តំណាង​សាខា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​អាមេរិក និង ជា​អ្នក​រៀប​ចំ​សន្និសីទ​ពិភពលោក​នេះ មិន​ទទួល​ស្គាល់​ការ​នាំ​ពាក្យ​របស់ លោក កឹម សុខា ដោយ​លោក​មេធាវី ចាន់​ ចេន នេះ​ឡើយ​។ លោក​ថា បើ​សិន លោក កឹម សុខា ចង់​មាន​មតិ​យោបល់​លើ​បញ្ហា​នេះ លោក​នឹង​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង​មិន​ចាំ​បាច់​មាន​មេធាវី​នាំ​ពាក្យ​ទេ​។

តែ​ទោះ​ជា​យ៉ាង​ណា លោក អ៊ុង រិទ្ធី គូស​បញ្ជាក់​ថា គម្រោង​សន្និសីទ​ពិភពលោក​នៅ​អាមេរិក នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង​ដដែល ដោយ​ហេតុ​ថា គម្រោង​នេះ​មិន​បាន​សម្រេច​រៀប​ចំ​ឡើង​ដោយ​ថា្នក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ​។ ពោល​គឺ​បាន​សម្រេច​រៀប​ចំ​ឡើង​ដោយ​តំណាង​សាខា​អតីត​បក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស រួម​មាន អាមេរិក កាណាដា ប៊ែល​ហ្ស៊ិក ស្វីស អូទ្រីស អ៊ីតាលី ហូឡង់ អាល្លឺម៉ង់ ស៊ុយ​អែត ហ្វាំង​ឡង់ ន័រវ៉េ ដាណឺម៉ាក អូស្រ្តាលី ណូវែល សេឡង់ ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ថៃ​។ សន្និសីទ​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១ និងទី២ ខែធ្នូ ខាង​មុខ​នៅ​ទីក្រុង អាត្លង់តា សហ​រដ្ឋអាមេរិក​។ សន្និសីទ​ពិភពលោក​លើក​ទីមួយ​របស់​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​នយោបាយ ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។

លោក អ៊ុង រិទ្ធី បាន​អះអាង​បន្ថែម​ថា សន្និសីទ​ពិភពលោក​នេះ ក៏​នឹង​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ទាម​ទារ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ​ផង​ដែរ​។ បើ​តាម លោក អ៊ុង រិទ្ធី ក្រុម​អ្នក​រៀប​ចំ​បាន​ធ្វើ​លិខិត​អញ្ជើញ​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះជាតិ អតីត​តំណាងរាស្រ្ត​ទាំង​៥៥​នាក់ និង​លោក សម រង្ស៊ី ឲ្យ​ចូល​រួម​ផង​ដែរ​។ លោក​ថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី និង​អតីត​តំណាង​រាស្រ្ត​មួយ​ចំនួន​បាន​បញ្ជាក់​ឲ្យ​ដឹង​ហើយ​ថា នឹង​ចូល​រួម​នៅ​ក្នុង​សន្និសីទ​ពិភពលោក​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ