ជំនួបបិទទ្វារ ហ៊ុន សែន-កឹម សុខា ឈានទៅរកដំណោះស្រាយនយោបាយនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបង្ហាញមុខនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា បន្ទាប់ពីទទួលបានការលើកលែងទោស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាត់ទុកលោក កឹម សុខា ថាជាដៃគូសន្ទនាថ្មីជំនួសលោក សម រង្ស៊ី បានជួបប្រជុំគ្នាបិទទ្វារជាង ១ម៉ោង ក្នុងដំណើរឆ្ពោះទៅរកដំណោះស្រាយនយោបាយនៅកម្ពុជា។
យ៉ាងហោចណាស់មានរបៀបវារៈសំខាន់ចំនួន៣ ត្រូវបានលើកឡើងនៅក្នុងជំនួបបិទទ្វាររយៈពេលជាង ១ម៉ោង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលពេលនេះ គឺជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភាដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ ក្នុងចំណោមរបៀបវារៈទាំង៣នោះ លោក កឹម សុខា បានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការអន្តរាគមន៍ដោះលែងមេឃុំគណបក្សសម រង្ស៊ី លោក ស៊ាង ចែត, មន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គជប ម្នាក់ផង។ នេះបើតាមការបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯរដ្ឋសភាជាតិថា លោកមេឃុំ ស៊ាង ចែត អាចនឹងត្រូវដោះលែងនៅថ្ងៃនេះ ចំណែកមន្ត្រីសង្គមស៊ីវិលមួយចំនួន ព្រមទាំងមន្ត្រីគ.ជ.ប ដែលកំពុងជាប់ឃុំអាចនឹងមានការដោះលែងនៅដំណាច់ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាកំណត់ពេលជួបប្រជុំគ្នាមួយខែម្តងផងដែរដើម្បីពិនិត្យមើលផលទ្ធផលនៃស្ថានការណ៍នយោបាយនៅកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងនៅថ្ងៃនេះ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃទី២ធ្នូ និងបន្ទាប់ពីលោកបានបញ្ចប់ការឃុំខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្សអស់រយៈពេលជាង៦ខែកន្លងមកនេះ។ មុនពេលផ្តើមកិច្ចប្រជុំសភាកាលពីព្រឹកមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ដៃស្វាគមន៍លោក កឹម សុខា នឹងបានចាត់ទុកលោក កឹម សុខា ថា គឺជាដៃគូសន្ទនាថ្មីរបស់លោក។ កិច្ចប្រជុំសភាកាលពីព្រឹកមិញ បានពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដោយមានការចូលរួមពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិសរុបចំនួន១០៨រូប។
សូមបញ្ជាក់ដែរថា នៅប៉ុន្មានម៉ោងក្រោយពីជំនួបនេះ លោកមេឃុំ ស៊ាង ចែត ដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សីរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នោះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសនៅល្ងាចថ្ងៃទី៧ធ្នូឆ្នាំ២០១៦នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ