បាតុកម្មប្រឆាំងបាតុកម្មនាំឲ្យមានហានិភ័យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅចុងសប្តាហ៍មុននិងនៅដើមសប្តាហ៍នេះមានបាតុកម្មចំនួនពីរធ្វើឡើងប្រឆាំងនឹងមេដឹកនាំ គណបក្សប្រជាជនកម្ពុជា និងប្រឆាំងអនុប្រធានគណបក្សសង្គ្រោះជាតិ។ គឺជាបាតុកម្មដែលមើលទៅហាក់ដូចជាការផ្ចាញ់ផ្ចាលគ្នាក្នុងនយោបាយប៉ុន្តែមិនមែនដើម្បីដោះស្រាយបញ្ហារួមរបស់ប្រជាជននោះទេ។
មានបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំងកាលពីចុងសប្តាហ៍ដោយចោទអំពីការដឹកនាំផ្តាច់ការនិងការមិនសប្បាយចិត្តមួយចំនួនដូចជាបញ្ហាដីធ្លីជាដើម។ ហើយក៏មានដែរបាតុកម្មប្រឆាំងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអនុប្រធានសភានៅកម្ពុជាកាលពីថ្ងៃចន្ទម្សិលមិញនេះ។ ក្រុមបាតុករទាមទារឲ្យដកដំណែងលោកកឹម សុខា ដោយចោទប្រកាន់សម្រាប់អ្វីដែលពួកគេហៅថាទង្វើបង្កអស្ថេរភាពក្នុងសង្គម។
វាច្បាស់ណាស់ថាបាតុកម្មទាំងនេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយសម្រាប់មេដឹកនាំគណបក្សប្រជែងគ្នាទាំងពីរ។ ប៉ុន្តែចង់ឬមិនចង់គេអាចមើលឃើញពីបាតុកម្មទាំងនេះដែលមានចរិតនយោបាយ។ ចរិតនយោបាយដោយសារវាហាក់ដូចជាមានការប្រទាក់ក្រឡាគ្នា ហើយហាក់ដូចជាមានការរៀបចំដើម្បីធ្វើការប្រឆាំងគ្នាទៅវិញទៅមក។ ប៉ុន្តែចុះហេតុអ្វីបានជាបាតុកម្មទាំងពីរមានចរិតជាការរៀបចំបែបនយោបាយ? មិនខុសទេ វាមិនមែនជាហេតុការគួរឲ្យភ្ញាក់ផ្អើលនោះឡើយប្រសិនបើគេពិនិត្យមើលប្រវត្តិនយោបាយរបស់ប្រទេសកម្ពុជារាប់ទសវត្សកន្លងមក។ ការប្រើប្រាស់បាតុកម្មក្នុងរូបភាពនយោបាយទាំងពីរខាងលើជាក្រឡាអុកងាយៗមួយដែលគ្រាន់តែជាមធ្យោបាយដើម្បីនយោបាយនិងការប្រើប្រាស់បាតុកម្មដើម្បីឆ្លើយតបនឹងបាតុកម្ម ឬជាប្រភេទបាតុកម្មប្រឆាំងបាតុកម្ម។
ប្រយោជន៍គឺទី១ ជាការបំបាក់មុខឬបំបាក់ស្មារតីដល់គូប្រជែង ហើយការប្រើប្រាស់បាតុកម្មឆ្លើយតបគឺជាការសងសឹកគ្នាភ្លាមៗយ៉ាងក្តៅគគុក។ ទី២ជាការបង្ហាញសាច់ដុំដាក់គ្នាទៅវិញទៅមកតាមរយៈការប្រើរូបភាពនៃអ្នកគាំទ្របក្សនយោបាយរៀងៗខ្លួន។ ទី៣ ជាការផ្ចាញ់ផ្ចាលគ្នាដោយត្រង់ៗ។ ទី៤គឺជានយោបាយបែបយកកំហឹងទល់កំហល់។ ទី៥អ្វីដែលបានកើតឡើងគ្រាន់តែជារូបភាពមួយគ្រាប៉ុន្តែមិនអាចឈានដល់លទ្ធផលអ្វីឡើយ។
យ៉ាងណាក៏ដោយការប្រើប្រាស់រូបភាពបាតុកម្មបែបខាងលើនេះគឺជាគំរូមិនគាប់ប្រសើរមួយក្នុងនយោបាយដែលគេទំនងជាលែងប្រទះឃើញនៅក្នុងបណ្តាប្រទេសលោកខាងលិច។ហើយការបន្តអនុវត្តន៍បែបនេះនឹងរក្សាទុកវប្បធម៌មួយក្នុងនយោបាយកម្ពុជា។
មួយវិញទៀតការប្រើប្រាស់បាតុកម្មច្រើនជ្រុលដែលមិនសមស្របដើម្បីផលប្រយោជន៍បក្សនយោបាយជាពិសេសបាតុកម្មបែបបង្ហាញសាច់ដុំអាចងាយនឹងបណ្តាលឲ្យមានអំពើហិង្សាផ្ទុះឡើងប្រសិនបើគេមានការធ្វេសប្រហែសបែបណាមួយ។ នៅពេលដែលមានការប៉ះទង្គិចដោយសារបាតុកម្មបែងចែកនយោបាយ នឹងធ្វើឲ្យមានការបែងចែកពណ៌សំបុរនយោបាយ និងការរើសអើងនយោបាយ និងថែមទាំងអាចឈានដល់ការបែងចែកសង្គមរស់នៅរបស់ប្រជាពលរដ្ឋព្រមជាមួយនោះនឹងធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ផ្សះផ្សារជាតិក្រោយពីប្រទេសកម្ពុជាឆ្លងកាត់នូវភាពខ្មៅងងឹតអាប់អួរក្នុងនយោបាយជាច្រើនទសវត្សមកហើយ។ ដូច្នេះគេគួរគប្បីពិចារណាពីហានិភ័យនៃវប្បធម៌បាតុកម្មក្នុងរយៈពេលយូរដ្បិតពលរដ្ឋកម្ពុជាអាចនៅតែផុយស្រួយនៅឡើយក្នុងជំនឿនយោបាយ៕
អត្តបទដោយ៖ គង់ សុឋានរិទ្ធ
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ