កម្ពុជា

គណៈកម្មការ​សភា​អាមេរិក ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​លើក​លែង​ឱ្យ​មេ​បក្ស​ប្រឆាំង

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា​កន្លង​ទៅ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។
ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា​កន្លង​ទៅ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ RFI/ Siv Channa

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា​កន្លង​ទៅ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ ជា​លិខិត ដែល​សភា​អាមេរិក លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ការ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា កម្ពុជា​បាន​អនុវត្ត​តាម​នីតិ​រដ្ឋ ដែល​ជា​គន្លង​ប្រជាធិបតេយ្យ។

ផ្សាយពាណិជ្ជកម្ម

លោក​អេដវ៉ឺត រ៉យ (Edward R. Royce) បាន​អះអាង​ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ជា​ការ​ធ្លាក់​ចុះ​ដោយសារ មាន​បណ្តឹង​ជា​បន្ត​បន្ទាប់​ពី​តុលាការ​មក​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី និង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ច្រើន។ នេះ​គឺ​ជា​ខ្លឹមសារ​ក្នុង​លិខិត ដែល​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន តាម​រយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​អាមេរិក។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ឆ្លើយ​តប​ថា ទីក្រុង​វ៉ាស៊ីនតោន​ មិន​ដែល​មើល​ឃើញ​ភាព​ជា​វិជ្ជមាន​នៃ​ដំណើរ​ការ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​អាមេរិក បាន​អះអាង​ថា វិធាន​ការ​តុលាការ​មក​លើ​មេបក្ស​ប្រឆាំង​នឹង​អូស​ទម្លាក់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​តែ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា​រវាង​គណបក្ស​នយោបាយ​ក្នុង​ទីលាន​បោះឆ្នោត​នៅ​កម្ពុជា​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​២០១៧ និង​២០១៨​ខាង​មុខ។ លោក​អេដវ៉ឺត រ៉យ (Edward R. Royce) ​ក៏​បាន​ជំរុញ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ពិចារណា​ឡើង​វិញ​នៅ​វត្ថ​មាន​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ព្រោះ​ថាលទ្ធផល​បោះឆ្នោត ដែល​គ្មាន​ការ​ចូលរួម​ពី​មេដឹកនាំ​នៃ​បក្ស​ប្រឆាំង​នោះ​ គឺ​នឹង​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​ផៃ​ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ហៅ​សមាជិក​សភា​អាមេរិកាំង​រូប​នេះ ថា​ជា​អ្នក​គាំទ្រ​រក​សំឡេង​ឱ្យ​គណបក្ស​ប្រឆាំង ហើយ​ជំរុញ​ឱ្យ​កម្ពុជា ដែល​កំពុង​អនុវត្ត​នីតិរដ្ឋ​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ។ អ្នក​នាំពាក្យ​រូប​នេះ​បន្តថា បើ​គ្មាន​ការ​អនុវត្ត​ច្បាប់​ក៏​គ្មាន​ដែរ​លទ្ធិប្រជាធិបតេយ្យ​នោះ។

ក្រៅ​ពី​ករណី​មេដឹកនាំ​បក្ស​ប្រឆាំង ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​អាមេរិក​រូប​នេះ បាន​លើក​ឡើង​ពី​ករណី​វាយ​ដំ​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក ញ៉យ ចំរើន និង​ករណី​ឃាតកម្ម លើ​លោក​បណ្ឌិត​កែម ឡី​ផង​ដែរ។

លិខិត​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា​អាមេរិក​នេះ គឺ​ធ្វើ​ឡើង​ ២​ថ្ងៃ​មុន​នឹង​សវនាការ​ជម្រះ​ក្តី​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា​ក្នុង​សំណុំ​រឿង​មិន​ចូល​បំភ្លឺ​នៅ​តុលាការ។ សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ប្រធាន​គណបក្ស រហូត​ដល់​សកម្មជន​កំពុង​វណ្ឌករ ដោយ​បណ្តឹង​ពី​តុលាការ។ តុលាការ​ដែល​បក្ស​ប្រឆាំង​ចោទ​ថា​ជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI