សំណុំរឿងលោកកឹម សុខា៖មេធាវីចង់ឲ្យមានការទម្លាក់បទចោទ មុនគិតរឿងស្នើទៅព្យាបាលនៅក្រៅស្រុក
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្តូរមកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញជាង១ខែមកហើយ គិតមកដល់ពេលនេះដោយសារតែបញ្ហាសុខភាព។ យ៉ាងណាក៏ដោយ នៅពេលនេះ លោកកឹម សុខា មិនទាន់មានគម្រោងស្នើសុំទៅព្យាបាលជំងឺនៅក្រៅប្រទេសឡើយ។ ចំណែកមេធាវីវិញអះអាងថា ចង់ស្វែងរកការទម្លាក់បទចោទលើលោកកឹម សុខា សិន មុននឹងគិតរឿងស្នើបញ្ជូនលោកទៅព្យាបាលនៅក្រៅប្រទេស។
ចុះផ្សាយនៅថ្ងៃ៖
មេធាវីការពារក្តីឲ្យលោកកឹម សុខា គឺលោកផែង ហេង បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះថា លោក កឹម សុខា មិនបានលើកឡើងពីបញ្ហាចង់ស្នើសុំទៅព្យាបាលបញ្ហាដុះឆ្អឹងគៀបសរសៃស្មារបស់លោកនៅក្រៅប្រទេសនោះទេ បើទោះបីជំងឺនេះត្រូវការការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៅក្រៅប្រទេសក៏ដោយ។ តាមលោកមេធាវី លោក កឹម សុខា មិនអាចចេញទៅក្រៅប្រទេសបានឡើយ ដោយសារតែលិខិតឆ្លងដែនរបស់លោក ត្រូវបានតុលាការដកហូត ហើយបើចង់ទៅគឺត្រូវសុំការអនុញ្ញាតពីតុលាការជាមុនសិន ដែលការស្នើសុំនេះ លោកមេធាវី ផែង ហេង ហាក់មិនសង្ឃឹមសោះឡើយ។
បញ្ហាដុះឆ្អឹងគៀបសរសៃស្មាជាជំងឺប្រចាំកាយមួយរបស់លោកកឹម សុខា ហើយក្រៅពីនេះ លោកក៏មានជំងឺសម្ពាធឈាម និងខ្វះជាតិស្ករផងទៀត។ ប៉ុន្តែបញ្ហានេះ លោកកឹម សុខា បានហៅគ្រូពេទ្យ ដែលលោកស្គាល់ឲ្យមកពិនិត្យជូនលោកជាប្រចាំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកមេធាវី ផែង ហេង។ សម្រាប់លោកផែង ហេង ជំងឺលោកកឹម សុខា គឺជាបញ្ហាមួយដែលត្រូវដោះស្រាយហើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺលោកចង់ស្វែងរកដំណោះស្រាយឲ្យមានការទម្លាក់បទចោទមកលើលោកកឹម សុខា។ ធ្វើដូច្នេះ គឺលោកកឹម សុខា ចង់ធ្វើអ្វី ឬចេញទៅណាក៏បានដែរ។
លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្ទេរពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ មកដាក់ឲ្យនៅក្នុងផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញវិញ ក្រោមការត្រួតពិនិត្យរបស់តុលាការកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ។ ការផ្ទេរកន្លែងឃុំខ្លួនលោក កឹម សុខានេះ គឺតុលាការផ្អែកលើបញ្ហាសុខភាព បន្ទាប់ពីលោក កឹម សុខា បានជាប់ឃុំនៅពន្ធនាគារជាង១ឆ្នាំមកហើយ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ។
អាជ្ញាធររាជធានីភ្នំពេញ បានដាក់កងកម្លាំងប្រមាណ៥៥៦នាក់ ដើម្បីការពារនៅជុំវិញផ្ទះលោកកឹម សុខា។ ការដាក់កងកម្លាំងច្រើនបែបនេះ គឺដើម្បីឃ្លាំមើលពីសញ្ញានៃការចង់ធ្វើការតវ៉ានានា និងធានាថា លោកកឹម សុខា មិនចាកចេញពីប្រទេសកម្ពុជា។ លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា កងកម្លាំងទាំងនេះនឹងធានាសុវត្ថិភាពលោកកឹម សុខា រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ