កម្ពុជា-ច្បាប់

លីកាដូ រក​ឃើញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច្រើន​កន្លែង​មុន​ថ្ងៃ​បើក​សវនាការលើ លោក កឹម សុខា

រូបថត៖ ប្លង់ដែលបង្ហាញដោយអង្គការលីកាដូ នៅថ្ងៃទី ៨ កញ្ញានេះ​
រូបថត៖ ប្លង់ដែលបង្ហាញដោយអង្គការលីកាដូ នៅថ្ងៃទី ៨ កញ្ញានេះ​ លីកាដូ

នៅ​ថ្ងៃ​ទី​ ៨ ​កញ្ញា​នេះ អង្គការ​លីកាដូ​បាន​រក​ឃើញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជា​ច្រើន​កន្លែង​ទាំង​នៅតាម​បណ្ដាល​ខេត្ត​និង​ផ្លូវ​ជា​ច្រើន​ចូល​មក​រាជធានី​ភ្នំពេញ។ អង្គការ​លីកាដូ បាន​ហៅសកម្មភាព​នេះ​ថា ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ការ​បើក​សវនាការ​លើ​សំណុំ​រឿង លោក កឹម សុខា​ ដើម្បី​រាំង​ខ្ទប់​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចូល​មក​ក្នុង​ក្រុង ខណៈ​ពួក​គេមាន​គម្រោង​ជួប​ជុំ​គ្នា​នា​ថ្ងៃ​ស្អែក។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​ច្រាន​ចោល​ការ​លើក​ឡើងនេះ​ដោយ​អះអាង​ថា ជា​សកម្មភាព​អនុវត្ត​ច្បាប់​ចរាចរណ៍។

ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា នៅ​ខេត្ត​ស្វាយ​រៀង ​និង ​កំពត អាជ្ញាធរ​ក៏​បាន​ធ្វើ​ការ​ឃាត់​រថយន្ត​របស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មិន​ឲ្យ​ចូល​មករាជធានី​ភ្នំពេញ​ផងដែរ ខណៈ​ពួក​គេ​មាន​គម្រោង​មក​ធ្វើ​ការជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​នាទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក អំ សំអាត បន្ថែមថា សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​ច្រើន​កន្លែងទាំង​នៅ​ផ្លូវ​ចូល​មក​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន។ ហើយសកម្មភាព​នេះ​ធ្វើ​ឡើង​ខុស​ពី​សព្វ​មួយ​ដង​ដែល​មិន​មែន​ជា​ការ​អនុវត្ត​ការ​ត្រួត​ពិនិត្យច្បាប់​ចរាចរណ៍​នោះ​ទេ។

បើ​តាម​ប្លង់​របស់​អង្គការ​លីកាដូ​ ដែល​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​គឺ​មាន​ផ្លូវជាតិ​ចំនួន៦ខ្សែ​ត្រូវ​បាន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។ ផ្លូវជាតិ​លេខ១ នៅ​ស្រុកគៀន​ស្វាយ និងខណ្ឌច្បារអំពៅ ។ ផ្លូវជាតិលេខ២ នៅ​ចំណុច​ខាង​មុខ​សាលា​ក្រុង​តាខ្មៅ និងស្រុក​កណ្ដាល​ស្ទឹង។ ផ្លូវ​ជាតិ​លេខ៣ នៅ​ចំណុច​ជិត​ទំនប់ ៧មករា និង ក្នុង​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ។ ផ្លូវ​ជាតិ​លេខ៤ នៅ​ចំណុច​ជិត​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​អង្គ​ស្នួល។ ផ្លូវ​ជាតិ​លេខ៥ នៅចំណុច​ជិត វត្ត​សុវណ្ណវារី ស្រុកពញាឮ។ ផ្លូវជាតិ​លេខ​៦នៅ​ចំណុច​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល។

លោក អំ សំអាត បាន​ហៅ​សកម្មភាព​នៃ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​ថា ជា​ការ​បំភ័យប្រជា​ពលរដ្ឋ។ ព្រោះថា រាល់​សកម្មភាព​របស់​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ទៅ​ពលរដ្ឋដូចជាៈ ករណី​ធ្វើ​សម​យុទ្ធ​កាល​ពី​កន្លង​មក​ជុំ​វិញ​ទី​ស្នាក់​គណបក្ស​សង្គ្រោះជាតិ និងការ​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៥​កញ្ញា គ្រា​ដែល​គណបក្ស​សង្គ្រោះជាតិ​យក​ញត្តិ​ទៅ​ដាក់​នៅតាម​បណ្ដាល​ស្ថាន​ទូត​នានា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក មាន ចាន់យ៉ាដា អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញអះអាង​ថា សកម្មភាព​នៃ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​លើ​ផ្លូវ​ជាតិ​សំខាន់ៗ​ចូល​មក​រាជធានី​ភ្នំពេញ​ជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។ លោកបដិសេធ​ដាច់​ខាត​ថា មិន​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​របស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ឡើង​មក​ជួប​ជុំ​នាថ្ងៃ​ស្អែក​នោះ​ទេ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រង​ចាំ​មើល​ចំណាត់​ការ​នៃ​ការ​ដាក់ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នេះ​ជា​បន្ត​ទៀត​ដោយ​មិន​មែន​ធ្វើ​តែ​ថ្ងៃ​នេះ​ទេ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI