៤៨ម៉ោង ក្រោយការបន្ធូរបន្ថយលក្ខខ័ណ្ឌក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ៖ លោក កឹម សុខា បានជួបអ្នកការទូតបរទេសឥតដាច់
៤៨ម៉ោង ក្រោយពីការបន្ធូរបន្ថយលក្ខខ័ណ្ឌក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយអ្នកការទូតបរទេសមកពីប្រទេសបស្ចឹមលោកឥតដាច់។ គិតត្រឹមរសៀលថ្ងៃទី ១៣ វិច្ឆិកានេះ មានអ្នកការទូតបរទេសធំៗសរុបចំនួន៥ប្រទេសហើយ ដែលបានចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅឯគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងខណ្ឌទួលគោក។ អ្នកការទូតខ្លះ បានសម្តែងការអបអរសាទរជាមួយនឹងការអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ទាំងស្រុង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមអ្នកការទូតទាំងនោះ រួមមាន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអូស្ត្រាលី ដែលបានដាក់វេណបន្តកន្ទុយគ្នាចូលជួបលោក កឹម សុខា ចាប់តាំងពីថ្ងៃទី ១១ វិច្ឆិកាមក។ ពោលគឺមួយថ្ងៃក្រោយពីលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសពីការបន្ធូរបន្ថយលក្ខខ័ណ្ឌនៃការដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ក្នុងចំណោមអង្គទូត ដែលបានជួបសួរសុខទុក្ខលោក កឹម សុខា រួចមក ខ្លះបានសម្តែងការអបអរសាទរ ប៉ុន្តែបានអំពាវនាវបន្ថែមទៀត ឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងមកលើលោក កឹម សុខា តែម្តង។ ក្នុងនោះ រួមមាន ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ស្ថានទូតសហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើម។ ពួកគេបានចាត់ទុក ករណីរបស់លោក កឹម សុខា គឺជាជំហានវិជ្ជមានមួយ ប៉ុន្តែបានអំពាវនាវឲ្យមានការទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា តែម្តង។ ដោយឡែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger ដែលបានជួបលោក កឹម សុខា កាលពីថ្ងៃទី ១២ វិច្ឆិកា និងឯកអគ្គរដ្ឋទូតនៃគណ:ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោកស្រី Carmen Moreno ដែលបានជួបលោក កឹម សុខា នៅថ្ងៃទី ១៣ វិច្ឆិកានេះ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ប៉ុន្តែសន្យាថា នឹងចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនជុំវិញករណីរបស់លោក កឹម សុខា។ នៅក្នុងជំនួបដែលបានធ្វើឡើងប្រមាណជា២ម៉ោង ជាមួយលោក កឹម សុខា នៅក្នុងគេហដ្ឋានរបស់លោកស្ថិតនៅក្នុងខណ្ឌទួលគោក លោកស្រី Carmen Moreno មិនបាននិយាយអ្វីជាមួយអ្នកកាសែតឡើយ។ ប៉ុន្តែលោកស្រីទូតសហភាពអឺរ៉ុប នឹងចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីជំនួបរវាងលោកស្រី និងលោក កឹម សុខា។ នេះបើតាមបញ្ជាក់ពីលោក មុត ចន្ថា ជំនួយការផ្ទាល់របស់លោក កឹម សុខា។ បើតាមគម្រោង លោក កឹម សុខា និងបន្តជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានៅរសៀល ថ្ងៃទី១៣ វិច្ឆិកានេះ ហើយនិងគ្រោងជួបលោកស្រី Tina Redshaw ឯកអគ្គរដ្ឋរាជទូតអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃទី ១៤ វិច្ឆិកា បន្ថែមទៀត។
គួរជំរាបជូនថា ចាប់តាំងពីត្រូវបានតុលាការក្រុងភ្នំពេញចេញដីការបន្ធូរបន្ថយលក្ខខ័ណ្ឌក្នុងការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ កាលពីថ្ងៃទី ១០ វិច្ឆិកា មក លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយអ្នកការទូតបរទេសនៅក្នុងគេហដ្ឋានរបស់លោកជាបន្តបន្ទាប់។ ទោះជាបែបនេះក្តី អតីតប្រធានគណបក្សប្រឆាំងរូបនេះ នៅមិនទាន់កំណត់ថា តើលោកនឹងចេញមកជួបមហាជននៅពេលណានៅឡើយទេ។
ជុំវិញការលើកឡើងរបស់អ្នកការទូតនានា ចំពោះករណីរបស់លោក កឹម សុខា ត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចាត់ទុកថា គឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែបើតាមលោក ជិន ម៉ាលីន អ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន និងជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ