អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មេធាវី​៖ តាម​នីតិ​វិធី លោក កឹម សុខា គួរ​តែ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ថ្ងៃ​ទី ០៣ មីនា​

លោក កឹម សុខា
លោក កឹម សុខា @Chan Chen's Facebook
ដោយ៖ វ៉ា សំណព្វ
១៤ នាទី

គិត​ត្រឹម​ថ្ងៃទី ០៦ មីនា​នេះ គឺ​មាន​រយៈ​ពេល​១៨​ខែ​និង​៣ថ្ងៃ​គត់ ដែល​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ស្ថិត​នៅ​ក្រោម​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​លើក​ឡើង​ពី​ចំងល់ និង​បាន​ចាត់​ទុក​ករណី​របស់ លោក កឹម សុខា នេះ​ថា ជា​រឿង​នយោបាយ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ករណី​របស់​លោក កឹម សុខា មិន​ស្ថិត​នៅ​ក្រោម​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ៦​ខែ​៣ដង​ទៀត​នោះ​ទេ។ ផ្អែក​តាម​នីតិ​វិធី​នេះ ចៅ​ក្រម​ស៊ើប​អង្កេត​អាច​បន្ត​នីតិ​វិធី​នៃ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​របស់​លោក កឹម សុខា ដោយ​មិន​គិត​ពី​រយៈ​ពេល​កំណត់​នោះ​ទេ​។ 

ផ្សាយពាណិជ្ជកម្ម

ជុំវិញ​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នេះ មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​លើក​ជាចំងល់​ថា ធ្វើ​ឡើង​ដោយ​មិន​ផ្អែក​លើ​នីតិ​វិធី​ច្បាប់​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​នោះ​ឡើយ​។ បើ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ អាច​ធ្វើ​ឡើង​បាន​៦ខែ​៣ដង​ប៉ុណ្ណោះ​។ ហើយ​បើ​តុលា​ការ​មិន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​ជំនុំ​ជម្រះ​ទេ នោះ​ជន​សង្ស័យ គួ​ត្រូវ​បាន​ដោះ​លែង​ជា​ស្វ័យ​ប្រវត្តិ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​មេធាវី ផែង ហេង​។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា ករណី​របស់​លោក កឹម សុខា មិន​ស្ថិត​នៅ​ក្រោម​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ៦ខែ​៣ដង​ទៀត​នោះ​ទេ​។ មាន​ន័យ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ តាំង​ពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មក​ម្លេះ​។ ផ្អែក​តាម​នីតិ​វិធី​នេះ ចៅ​ក្រម​ស៊ើប​អង្កេត​អាច​បន្ត​នីតិ​វិធី​នៃ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​របស់​លោក កឹម សុខា ដោយ​មិន​គិត​ពី​រយៈ​ពេល​កំណត់​នោះ​ទេ​។

គួរ​រំលឹក​ឡើង​វិញ​ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចូល​ចាប់​ខ្លួន​ពី​ក្នុង​គេហដ្ឋាន​របស់​លោក កាល​ពី​ពាក់​កណ្តាល​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី ០៤ ខែ​កញ្ញា ឆ្នាំ២០១៧ ពីបទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ទោស​ក្បត់​ជាតិ​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ អស់​រយៈ​ពេល ១២ខែ​និង​៦ថ្ងៃ មុន​ពេល​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ កាល​ពី​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ​។ បើ​ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ​ក្តី ប៉ុន្តែ​លោក កឹម សុខា មិន​អាច​ចេញ​ពី​ក្នុង​ផ្ទះ និង​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ជាទូទៅ​ឡើយ​។

លោក ផែង ហេង មេ​ធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​ចាត់​ទុក​ករណី​របស់​លោក កឹម សុខា នេះ​ថា គឺ​ជា​រឿង​នយោបាយ​។ រឿង​នយោបាយ ដែល​អ្នក​នយោបាយ​គួរ​តែ​ជួប​ចរចារ​គ្នា ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សំណុំ​រឿង​មួយ​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ