លោក មុត ចន្ថា៖ ជំងឺលោកកឹម សុខា មិនអាចទុកយូរបានតទៅទៀតទេ គឺតម្រូវឱ្យមានការព្យាបាល
ទីប្រឹក្សា និង ជាមនុស្សជំនិតរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃចន្ទនេះ បានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពជំងឺគៀបសរសៃស្មាខាងឆ្វេងរបស់លោក កឹម សុខា។ ជំងឺលោក កឹម សុខានេះ បានអូសបន្លាយពេលមិនបានព្យាបាលជិត២ឆ្នាំមកហើយ។ ប្រឈមនឹងបញ្ហានេះ លោក មុត ចន្ថា ដោយផ្អែកទៅលើសិទ្ធិទទួលបានការថែទាំសុខភាពបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតឱ្យលោក កឹម សុខា ចេញទៅព្យាបាលជំងឺបានត្រឹមត្រូវ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈគណនីហ្វេសប៊ុកនៅថ្ងៃចន្ទនេះ លោកមុត ចន្ថា បានសរសេរបង្ហាញឱ្យដឹងថា សិទ្ធិទទួលបានការថែទាំសុខភាព ឬសិទ្ធិសុខភាព គឺជាសិទ្ធិរស់រានមានជីវិតសម្រាប់មនុស្សគ្រប់រូបដោយគ្មានការរើសអើង។ ដូច្នេះហើយ ពលរដ្ឋមានជំងឺដោយមិនគិតពីឋានៈ គឺមានសិទ្ធិស្វែងរកការពិនិត្យ និងព្យាបាលសុខភាពតាមជម្រើសរបស់ខ្លួន ហើយក្នុងករណីគ្មានលទ្ធភាពផ្ទាល់ខ្លួន រដ្ឋមានកាតព្វកិច្ចផ្តល់ការពិនិត្យ និងព្យាបាលដោយពុំគិតថ្លៃនៅក្រោមគោលការណ៍មួយរដ្ឋមិនទុកឲ្យពលរដ្ឋមានជំងឺដេកស្លាប់ ដោយពុំទទួលបានការពិនិត្យ និងព្យាបាលឡើយ។
លោកមុត ចន្ថា លើកឡើងពីបញ្ហាសិទ្ធិនេះ គឺដើម្បីទាញភ្ជាប់ទៅនឹងស្ថានភាពជំងឺគៀបសរសៃស្មាខាងឆ្វេងរបស់លោកកឹម សុខា ដែលមិនទាន់ទទួលបានការព្យាបាល។ លោកថា ជំងឺលោកកឹម សុខា មិនអាចអូសបន្លាយយូរតទៅទៀតទេ ហើយលោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងធានាសិទ្ធិសុខភាពរបស់លោក កឹម សុខា ។ លោកមុត ចន្ថា ក៏បានសង្កត់ធ្ងន់ដែរថា ការបន់ឲ្យមនុស្សស្លាប់ ឬដាក់បណ្តាសាឱ្យអ្នកជំងឺឆាប់ស្លាប់ ឬការរារាំងគ្រប់មធ្យោបាយមិនឱ្យអ្នកជំងឺទទួលបានការព្យាបាលត្រឹមត្រូវ គឺជាការរំលោភសិទ្ធិរស់រានមានជីវិត ឬអាចឈានដល់ការដកហូតសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
ប៉ុន្តែ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់តបវិញថា ការអនុវត្តសិទ្ធិរបស់នរណាម្នាក់គឺស្ថិតនៅក្រោមច្បាប់។ ជាក់ស្តែង ករណីលោកកឹម សុខា គឺសិទ្ធិទទួលបានការថែទាំសុខភាពរបស់លោក គឺត្រូវបានកំណត់ដោយច្បាប់ ព្រោះលោកស្ថិតក្នុងដំណើរការស៊ើបអង្កេត។ បើតាមលោកជិន ម៉ាលីន ការកំណត់តាមច្បាប់លើសិទ្ធិរបស់លោកកឹម សុខានេះ គឺដើម្បីជាប្រយោជន៍ដល់ដំណើរការបំបែកសំណុំរឿងរបស់លោក។
ជាការកត់សម្គាល់ ការលើកពីស្ថានភាពជំងឺលោកកឹម សុខា និង ចង់ឱ្យមានការព្យាបាលលោកបានត្រឹមត្រូវនេះ ធ្វើឡើងបន្ទាប់ពីលោកមុត ចន្ថាបានសង្កេតឃើញលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានជំងឺត្រង់ស្មាដូចលោកកឹម សុខាដែរ តែបានទៅព្យាបាលយ៉ាងត្រឹមត្រូវជាមួយក្រុមគ្រូពេទ្យជំនាញនៅក្នុងប្រទេសសិង្ហបុរី។ ចំណែកលោកកឹម សុខា ដែលជាប្រធានអតីតគណបក្សសង្រ្គោះជាតិវិញត្រូវបន្តទទួលការយាយីពីជំងឺមិនអាចចេញទៅព្យាបាលបាន។
សូមបញ្ជាក់ថា លោកកឹម សុខា មានជំងឺគៀបសរសៃស្មាខាងឆ្វេងតាំងពីឆ្នាំ២០១៥ ហើយលោកត្រូវបានតម្រូវឱ្យធ្វើការវះកាត់ជាបន្ទាន់ពីសំណាក់ក្រុមគ្រូពេទ្យប្រទេសសិង្ហបុរី។ ប៉ុន្តែលោកកឹម សុខា បានខកខានជាបន្តបន្ទាប់ រហូតដល់លោកត្រូវបានចាប់ឃុំខ្លួនកាលពីឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ក្បត់ជាតិ។ កន្លងមក ក្រុមមេធាវីរបស់លោកកឹម សុខា ក៏បានធ្លាប់បានស្នើសុំចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញជាច្រើនដងដែរ ដើម្បីនាំយកលោកកឹម សុខា ទៅព្យាបាលជំងឺនៅឯមន្ទីរពេទ្យដែរ តែត្រូវបានចៅក្រមច្រានចោលរហូត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ