កម្ពុជា

លោក​កឹម សុខា នឹង​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ តែ​រង់ចាំ​ការ​អនុវត្ត​សាល​ក្រម​ស្ថាពរ

សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការជំនុំជម្រះក្តីលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៩ខែកញ្ញាស្អែកនេះ
សាលាដំបូងរាជធានីភ្នំពេញនឹងធ្វើការជំនុំជម្រះក្តីលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ៩ខែកញ្ញាស្អែកនេះ RFI/ Siv Channa

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ៩​ខែ​កញ្ញា​ស្អែក​នេះ ​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី ក្នុង​រឿង​សញ្ចារកម្ម​ ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​ស្ថាប័ន​អយ្យការថា​ ជា​បទល្មើស​ជាក់ស្តែង។ ជុំវិញ​ការ​ឡើង​សវនាការ​របស់​លោក កឹម សុខា នេះ មាត្រា​ចំនួន​ ២​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ត្រូវ​បាន​បញ្ជាក់​ថា​មិន​អាច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ទេ។ តែ​មេធាវី​ឲ្យ​ដឹង​ថា​លោក កឹម សុខា នឹង​ត្រូវ​ចាប់​ខ្លួន​ប្រសិន​បើ​មិន​ប្តឹង​ឧទ្ធរណ៍។

ផ្សាយពាណិជ្ជកម្ម

ទាក់ទង​ទៅ​នឹង​ករណី​សំណុំ​រឿង​លោកកឹម សុខា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព ថ្លែង​ឲ្យ​ដឹង​ថា​វិធាន​ពិសេស​របស់​តុលាការ ដែល​ត្រូវ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​នៅ​ពេល​ដែល​ជនជាប់​ចោទ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ ឬ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នៅ​ពេល​ជន​ជាប់​ចោទ​មិន​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សវនាការ​នឹង​មិន​អាច​អនុវត្ត​ទៅ​បាន​ទេ។

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង ឆ្លើយ​តប​ទៅ​នឹង​មន្ទិល​របស់​សាធារណៈជន ដែល​ចង់​ដឹង​ថា​តើ​លោក កឹម សុខា នឹង​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឬយ៉ាង​ណា​នោះ នៅ​ពេល​សវនាការ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​សុក្រ​ស្អែក។

លោក​កឹម សន្តិភាព ​ក៏​បាន​លើក​ឡើង​ពី​មាត្រា​ ៥៣៨ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​គេ​យក​មក​ចោទ​លើ​ករណី​លោក កឹម សុខា នេះ​បាន​កំណត់​ពី​ទោស​ពី​១​ ខែ​ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​ ១សែន​រៀល​ទៅ​១លាន​រៀល ហើយ​តុលាការ​មិន​អាច​កំណត់​លើស​ពី​កម្រិត​ទោស​ ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ​បាន​ទេ។ លោក កឹម សន្តិភាព បន្ត​ដោយ​លើក​ពី​មាត្រា​ ៣៥៣​នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​តុលាការ​អាច​ចេញ​សេចក្តី​សម្រេច​ពិសេស​បាន ក្នុង​ករណី​ការ​ផ្តន្ទាទោស​ចាប់​ពី​ ១​ឆ្នាំ​ឡើង​ហើយ​ពុំ​មាន​ការ​ព្យួរទោស។ ដូច្នេះ​វិធាន​ពិសេស​នេះ​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ចំពោះ​ករណី​លោក​កឹម សុខា។

ផ្ទុយ​ទៅវិញ លោក​ហែម សុជាតិ មេធាវី​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា លើក​ឡើង​ថា​ប្រសិន​បើ​មាន​ការ​សម្រេច​ក្តី​លើ​ករណី​កូន​ក្តី​លោក​នៅ​ថ្ងៃ​ស្អែក ក្រុម​មេធាវី​នឹង​ធ្វើ​ការ​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត បើ​មិន​ដូច្នោះ​ទេ លោក កឹម សុខា នឹង​ត្រូវ​ចាប់​ខ្លួន នៅ​ពេល​ដែល​តុលាការ​ចេញ​សាល​ក្រម​ស្ថាពរ​រយៈ​ពេល​១​ខែ​ក្រោយ​ការ​ជម្រះ​ក្តី។

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​មេធាវី​របស់​លោក​កឹម សុខា បាន​ធ្វើ​ការ​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូល​បន្ថែម​ទៀត​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​ច្រាន​ចោល​ដីកា​ដំណោះ​ស្រាយ ហើយ​បង្វិល​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​សាលាដំបូង​ធ្វើ​ការ​ជំនុំ​ជម្រះ​ ដែល​នឹង​កំណត់​នៅ​ថ្ងៃ​ទី​ ៩កញ្ញា​ស្អែក​នេះ។ ក្រុម​មេធាវី​បាន​ហៅ​ការ​ជម្រះ​ក្តី​ថ្ងៃ​ស្អែក​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថា​រំលោភ​លើ​នីតិវិធី នឹង​សម្រេច​ចិត្ត​ថា​នឹង​ចូលរួម​រឺ​យ៉ាង​ណា​នៅ​រសៀល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI