សំណុំរឿងឧកញ៉ា គិត ធាង ជាមួយនឹងគ្រឿងញៀននៅរ៉ុកកំពុងស្ថិតក្នុងដៃតុលាការក្រុងភ្នំពេញ
នៅព្រឹកថ្ងៃអង្គារនេះ អ្នកឧកញ៉ាគិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុកត្រូវបានកងកម្លាំងស្នងការរាជធានីភ្នំពេញបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប៉ុន្តែគិតដល់ពេលនេះ តុលាការមិនទាន់បង្ហាញឱ្យដឹងពីលទ្ធផលនៃសាកសួរលើអ្នកឧកញ៉ាគិត ធាងនៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឧកញ៉ាគិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីល្ងាច ថ្ងៃទី១១ ខែមីនា ទៅតាមដីការបស់តុលាការ ដើម្បីសាកសួរពាក់ព័ន្ធរឿងគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក។ លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការនាំខ្លួនអ្នកឧកញ៉ាគិត ធាងនេះ គឺដោយសារតែលោកជាម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក។
ការនាំខ្លួន និងឃាត់នេះ ធ្វើឡើងតែប៉ុន្មានប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចវែករកឱ្យឃើញនូវមេខ្លោងនៃបទល្មើសគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកជិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យតុលាការដំណើរការរឿងក្តីនេះឱ្យមានម៉ឹងម៉ាត់ និងត្រូវដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរដល់អ្នកពាក់ព័ន្ធផងដែរ។ សម្រាប់លោកនាយករដ្ឋមន្រ្តី វាគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលមជ្ឈមណ្ឌលរ៉ុកបានក្លាយជាកន្លែងគ្រឿងញឿនដ៏ធំមួយនៅជិតសាកលវិទ្យាល័យ និងវិទ្យាល័យ ហើយជាកន្លែងបំផ្លាញក្តីសុខរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា កាលដើមខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ក្នុងនាមជាម្ចាស់អាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ុក អ្នកឧកញ៉ាគិត ធាង ធ្លាប់ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ចរួចហើយថា មិនអនុញ្ញាតឱ្យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមជ្ឈមណ្ឌលរ៉ុកនោះឡើយ។ លោកក៏បានសន្យាចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍បន្ទាន់ក្នុងករណីសង្ស័យមានការផលិតត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមជ្ឈមណ្ឌលរ៉ុករបស់លោកផងដែរ។
ប៉ុន្តែកាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ កុម្ភៈកន្លងទៅ កងកម្លាំងនគរបាលរាជធានីភ្នំពេញ បានឆ្មក់ចូលទៅចាប់ឃាត់ខ្លួនមនុស្សប្រុស ស្រី ដែលភាគច្រើនជាយុវជនចំនួនជាង៣០០នាក់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកក្នុងនោះមានជនជាតិចិនចំនួន១៤នាក់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតនូវសារធាតុញៀនប្រមាណ ៥០ គីឡូក្រាម និងកាំភ្លើងខ្លីមួយដើម។ នៅថ្ងៃបន្ទាប់ សមត្ថកិច្ចក៏បានសម្រេចបិទមជ្ឈមណ្ឌលរ៉ុក ដើម្បីផ្ដល់លទ្ធភាពឱ្យអាជ្ញាធរនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ