កម្ពុជា-សង្គម

​អ្នក​ទេសចរណ៍​២៣៣​នាក់​ចុង​ក្រោយ​បាន​ចាក​ចេញ​ពី​នាវា Westerdam ទៅ​កាន់​ជើង​ហោះ​ហើរ​ ខណៈ​នា​វិក​៧៤៧​នាក់​កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​

នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​
នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ដែល​បាន​ចូល​សំចត​នៅ​កំពង់​ផែក្រុង​ព្រះ​សីហនុ កាល​ពីថ្ងៃទី​១៣ ខែកុម្ភៈ​ ឆ្នាំ២០២០​ REUTERS/Soe Zeya Tun

អ្នក​ទេសចរ​ចំនួន​២៣៣​នាក់​ចុងក្រោយ​គេ ​បាន​ចាកចេញ​ពី​នាវា ​Westerdam ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ឡើងទៅ​លើ​ដីគោក​នៃ​ប្រទេស​កម្ពុជា ​ដើម្បី​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន​។ អ្នក​ទេសចរ​បរទេស​ចំរុះ​ជាតិសាសន៍​ទាំងនេះ ​បាន​ចូល​មក​រាជធានី​ភ្នំពេញ​តាម​រថយន្ត​ ដើម្បី​រង់ចាំ​ជើងហោះ​ហើរ​នានា​តាម​កាល​កំណត់ ​តាម​ថ្ងៃ​បន្តបន្ទាប់​។ ​នៅលើ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ​លោក ​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​និង​នាយក​ប្រតិបត្តិ​នាវា ​Westerdam ​បាន​ឈរ​ស្វាគមន៍​អ្នក​ទេសចរណ៍​វ័យ​ចំណាស់ ​ដែល​តម្រង់​ជួរ​គ្នា​ដើរចុះ​ពីលើ​នាវា ​និង​ជូន​នូវ​វត្ថុអនុស្សាវរីយ៍​ដល់​អ្នក​ទេសចរណ៍​ម្នាក់​មួយ​ផង​ដែរ​។ ​ដោយឡែក​ ចំពោះ​នាវិក​ចំនួន​៧៤៧​នាក់​វិញ ​ពួកគេ​ត្រូវ​រង់ចាំ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​សិន ​ដើម្បី​បង្ហាញ​ថា​ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​ទៅវិញ​ជាមួយ​នឹង​សុខភាព​ល្អ ​និង​សុវត្ថិភាព​។ ​លោក ​ឃាង ភារម្យ ​អ្នក​នាំពាក្យ​សាលា​​ខេត្ត​​ព្រះ​សីហនុ ​បាន​ប្រាប់​វិទ្យុ​បារាំង​ RFI ​ថា ​ក្រុម​នាវិក​ទាំង​៧៤៧​នាក់​នឹងអាច​ចាកចេញ​តាម​នាវា​Westerdam ​នេះ​វិញ ​ឬ​ក៏​អាច​ចាកចេញ​តាម​ផ្លូវ​អាកាស​ អាស្រ័យ​លើ​ការ​សម្រេច​ពេល​ក្រោយ ​បន្ទាប់ពី​ទទួល​លទ្ធផល​នៃ​ការ​វិភាគ​នៅ​ពេល​ឆាប់​ៗ​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ឃាង ភារម្យ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI