កម្ពុជា-បោះឆ្នោត

លោក​កឹម សុខា អះ​អាង​ថា បក្ស​ប្រឆាំង​មិន​យក​ទឹក​ប្រាក់​ទាក់​ទឹក​ចិត្ត​ពលរដ្ឋ ដើម្បី​បាន​សន្លឹក​ឆ្នោត​ឡើយ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ Siv Channa/RFI

មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចុះ​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូល​ដ្ឋាន​តាម​ខេត្ត​នានា​ជា​បន្ត​បន្ទាប់។ ម្សិល​មិញ​នេះ លោក​កឹម សុខា​បាន​ជួប​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ​គឺ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​នេះ លោក​ប្រមុខ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា គណបក្ស​ប្រឆាំង​មិន​យក​ទឹក​ប្រាក់​ដើម្បី​ទៅ​ទាក់​ទាញ​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

“គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​យក​កម្មវិធី​នយោបាយ និង​គោល​ការណ៍​របស់​គណបក្ស ដើម្បី​ដាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច ដោយ​មិន​យក​ទឹក​ប្រាក់ តួ​នាទី បុណ្យ​ស័ក្តិ ដើម្បី​ទៅ​ទាក់​ទាញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​នោះ​ទេ”។ នេះ​គឺជា​គូស​បញ្ជាក់​របស់​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ សម្រាប់​លោក​កឹម សុខា គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​រៀប​ចំ កម្មវិធី​នយោបាយ​ជាក់​ស្ដែង​ដែល​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ និង​ធ្វើ​យុទ្ធសាស្រ្ដ​ប្រកប ដោយ​ភាព​វិជ្ជមាន ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

ការ​អះ​អាង​របស់​លោក​ប្រមុខ​គណបក្ស​ប្រឆាំង​បែប​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ជា​កាដូ​ជា​ច្រើន​ដល់​កម្មករ​កម្មការិនី​ខ្មែរ​ក្នុង​ជំនួប​ជាមួយ​ពួក​គេ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្នុង​នោះ​លោក​ហ៊ុន សែន បាន​ប្រកាស​ផ្តល់​សេវា​រថយន្ត​ក្រុង​សាធារណៈ​ដឹក​កម្មករ​កម្មការិនី​ដោយ​ឥត​គិត​ថ្លៃ​(Free) មាន​រយៈ​ពេល ២​ឆ្នាំ ហើយ​លោក​ក៏​បាន​សម្រេច​មិន​ឲ្យ​កម្មករ​បង់​ប្រាក់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨​ថែម​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​ផ្តល់​ប្រាក់​សោធននិវត្តន៍​(ប្រាក់​រឺត្រែត)ដល់​កម្មករ​ដូច​មន្រ្តី​រាជការ​ដែរ​ចាប់​ពី​ឆ្នាំ​២០១៩ ត​ទៅ។ លោក​ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ឡើង​ដែរ ថា​មាន​តែ​គណបក្ស​ប្រជាជន​តែ​មួយ​គត់ ដែល​បាន​ដូរ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា។

ជា​ការ​កត់​សម្គាល់ នៅ​ពេល​ថ្មីៗ​នេះ ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​លោក​កឹម សុខា សុទ្ធ​តែ​ធ្វើ​សកម្មភាព​នានា ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។ ជាមួយ​គ្នា​នេះ គណបក្ស​ធំៗ​ទាំង​ពីរ សុទ្ធ​មាន​ជំនឿ​រៀង​ខ្លួន​ក្នុង​ការ​យក​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដូច​គ្នា។ តែ​យ៉ាង​ណា​ក៏​ដោយ មុន​ការ​បោះ​ឆ្នោត​មក​ដល់ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ផ្សេង​ទៀត​សុទ្ធ​តែ​បាន​ព្រមាន​សំដៅ​ទៅ​កាន់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​មាន​ការ​តវ៉ា​នឹង​លទ្ធផល​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។ ចំពោះ​រឿង​នេះ លោក​កឹម សុខា បាន​បញ្ជាក់​តប​វិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គិត មិន​បាន​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​បាតុកម្ម​នោះ​ឡើយ។ លោក​កឹម សុខា ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​គូ​ប្រកួត​ការ​បោះ​ឆ្នោត​ទាំង​ឡាយ​ក៏​ដូចជា​ស្ថាប័ន​ពាក់​ព័ន្ធ គួរ​រួម​គ្នា​រៀប​ចំ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ឲ្យ​មាន​លក្ខណៈ សេរី ត្រឹម​ត្រូវ និង​យុត្ដិធម៌ ដែល​អ្នក​ឈ្នះ ឈ្នះ​ដោយ​កិត្ដិយស ឯ​អ្នក​ចាញ់ ចាញ់​ដោយ​អស់​ចិត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI