កម្ពុជា-នយោបាយ

លោក ខឹម វាសនា ​ចង់​ឃើញ​នាយក​មន្ត្រីស្រី​ដឹកនាំ​ប្រទេស​ខ្មែរ!

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ @HENG Oudom

ថ្មីៗនេះ លោក ខឹម វាសនា បញ្ជាក់ថា បើគណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិប​តេយ្យ​​​ឈ្នះឆ្នោត​ លោក​ចង់​ឲ្យ​​យុវជន​ក្មេងៗ​ដែល​​មាន​សមត្ថភាព​​ដឹក​នាំប្រទេស ហើយ​ប្រសិន​​បើ​បាន​មនុស្ស​ស្រី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ គឺរឹតតែប្រសើរ។ ចំណែក​​រូប​លោក ​នៅ​ធ្វើ​ត្រឹម​តែ​​ជា​ទី​ប្រឹក្សា​ គឺ​គ្រប់​គ្រាន់​​ហើយ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ពីប្រទេស​កូរ៉េខាង​​ត្បូង ​នៅថ្ងៃនេះ លោក ខឹម វាសនា ​លើកឡើង​​ថា តាំងតែពីយូរណាស់​មក​​​ហើយ ​មនុស្ស​ស្រី​ស្រុក​​ខ្មែរ​មិនសូវ​ចូលរួម​ក្នុង​វិស័យ​​នយោបាយប៉ុន្មាន​ទេ​​។

ផ្សាយពាណិជ្ជកម្ម

 

[សំឡេង] លោក ខឹម វាសនា៖ […] ខ្ញុំ​សព្វ​ថ្ងៃ ​ខ្ញុំ​សម្លឹង​ណាស់!​ បាន​ក្មេង ហើយ​បាន​ស្រីទៀត រឹតតែល្អ។ ស្រុក​ខ្មែរ​ឲ្យ​ស្គាល់​មួយ​មើល​​! ខ្ញុំ​នៅហ្នឹង ធ្វើ​ទីប្រឹក្សាឲ្យ​។ មិន​អីទេ​ក្មួយ កាន់​អំណាច​ចុះ។ ឲ្យ​ដឹងច្បាស់​​តែម្តង​ថា មិន​មែន​គ្រប់​អ្ន​ក​នយោបាយ​ សុទ្ធតែ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះទេ​ណា! គឺ​យើង​ចង់​ជួយ​ពិត​ប្រាកដ​មែន​ […]។

លោក ខឹម វាសនា ថ្លែង​ដូច្នេះ គឺក្រោយ​ពី​បានលើកឡើងថា ការងារ​ដឹកនាំបក្ស​រាល់ថ្ងៃគឺ​ហត់​នឿយ​ណាស់! រូប​លោក​ គ្មាន​ប្រពន្ធ គ្មាន​កូន គ្មាន​ឪពុក​ម្តាយ​ ហើយ​លោក​ក៏គ្មាន​ចង់​បាន​អំណាច​អ្វីដែរ!​​ ​បើ​មាន​យុវជន​ក្មេង មាន​សមត្ថភាព​ដឹកនាំ​ជំនួស គឺ​លោក​អរគុណ​ពួក​គេ​ណាស់។​ ហើយ​បើ​នៅ​ពេល​​ដល់​បក្ស​ជាប់ឆ្នោត​ ត្រូវការ​ជ្រើស​រើស​នាយករដ្ឋមន្ត្រី ក៏​លោក​ចង់​ឲ្យ​ក្មេងៗ​ដឹកនាំដែរ​។ ការ​អះអាង​​ដូច្នេះ ទំនង​ជាចង់​បញ្ជាក់ពី​គោល​ជំហរ​របស់ខ្លួនជាថ្មីថា​មិនមែន​គ្រប់​អ្ន​ក​នយោបាយ​ គឺ​សុទ្ធតែ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះឡើយ! ធ្វើ​នយោបាយ​គឺ​ដើម្បីជួយ​ជាតិមាតុភូមិដោយ​ស្មោះ​។​

ជុំវិញការ​ជ្រើសរើស​​​បេក្ខភាព​នាយករដ្ឋមន្ត្រីនេះ ចំពោះ​បក្ស ​LDP គឺ​ចង់​បាន​យុវជន​ក្មេង មាន​សមត្ថភាព​ មិនប្រកាន់​​ថា​ប្រុស​ឬស្រី​ទេ ប៉ុន្តែ​​បើ​បាន​មនុស្ស​​ស្រី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​ គឺ​រឹតតែប្រសើរ​។ ចំពោះ​មុខ​តំណែង​នេះ លោក ខឹម វាសនា កំពុងតែ​សម្លឹង​រក​អ្នក​សក្តិសម ព្រោះថា​ នៅក្នុង​បក្ស ទាំង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ទាំង​​គណៈកម្មាធិការកណ្តាល គឺមិនសូវ​មាន​បេក្ខភាព​នារី​ប៉ុន្មានឡើយ។​

ប្រធាន​បក្ស​ LDP បាន​ប្រាប់​វិទ្យុ ​RFI ពី​សាធារណរដ្ឋកូរ៉េ​ខាង​ត្បួង​ ទៀត​ថា ជា​រឿង​ពិត​ជាក់​ស្តែង​ ចំនួន​ភាគ​រយ​មនុស្ស​ស្រី​ដែល​ចូលរួម​ក្នុង​កិច្ច​ការ​សង្គម​ និង​នយោបាយ​​មាន​ចំនួន​តិច ហើយ​មនុស្ស​ស្រី​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ក៏​លំបាក​រក​​ដែរ​។

ទោះយ៉ាង​ណាក្តី ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យរូប​នេះ ពន្យល់ថា ​អ្នក​ដឹក​នាំប្រទេសបាន ​គឺ​សំខាន់​ទៅលើសមត្ថភាពដែល​គុណសម្បត្តិសំខាន់​មួយ​ ហើយ​ធនធាន​មនុស្ស​ដែល​អាច​ដឹក​នាំប្រទេស​ជាតិ​បាននោះ​ គឺ​ផ្អែក​លើបច្ចេកទេស​ដឹកនាំ​ មាន​បេះដូងស្មោះត្រង់​ចំពោះជាតិមាតុភូមិ​​ពិតប្រាកដ និង​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​ ព្រមទាំង​ជាមនុស្ស​​មាន​ទស្សនវិជ្ជា​ក្នុង​ខ្លួន​។

សូម​ជម្រាបថា គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ មកទល់ពេលនេះ បង្កើត​បានចំនួន​​ជាង​១០ឆ្នាំ និងមាន​សាខា​បក្ស​២៥រាជធានីខេត្ត ព្រមទាំង​​មាន​សាខា​តំណាង​នៅបរទេសដូចជា នៅសហភាព​អឺរ៉ុប បារាំង-អាល្លឺម៉ង់ អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និង​ថៃ។ នៅ​កូរ៉េ​ខាង​ត្បួង ក្រុម​កម្មករ​អ្នក​គាំទ្រ ​LDP មានចំនួន​​ច្រើន​ ហើយនេះគឺ​​ជា​​ប្រភព​ថវិកាទ្រទ្រង់​បក្ស​យ៉ាង​ខ្លាំង​ផងដែរ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI