កម្ពុជា-សេដ្ឋកិច្ច

​សមាគម GMAC​៖ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​អាមេរិក នឹង​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩​

កម្ពុជា និង អាមេរិក (រូបភាពតំណាង)
កម្ពុជា និង អាមេរិក (រូបភាពតំណាង) @Twitter

ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក បាន​កើន​ឡើង​ដល់ ១,២៤ ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០១៩​នេះ​។ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​​ទៅ​អាមេរិក​មាន​តម្លៃ​ជា​ទឹក​ប្រាក់ ១,១២ ពាន់​លាន​ដុល្លារ កើន​ឡើង​២៤​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​។ តាម​រយៈ​កំណើន​នេះ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ប្រមើល​ឃើញ​ថា ការ​នាំ​ចេញទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក នឹង​បន្ត​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ 

ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​កំណើន​ខ្លាំង គឺ​ដោយ​សារ​តែ​កំណើន​ដ៏​ធំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC ដែល​បាន​បំភ្លឺ​បន្ថែម​ថា អត្រា​កំណើន​នៃ​ការ​នាំ​ចេញទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​​របស់​កម្ពុជា​ទៅ​សហរដ្ឋ​អាមេរិក អាច​នឹងមាន​ចំនួន​​ពី​៣០​ទៅ​៤០​ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ។

នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ហៅ​កាត់​ថា GSP លើ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ដូច​ជា​វ៉ាលីស កាបូប​ដៃ និង​កាបូប​យួរ​ជា​ដើម​។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នេះ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរពី​កម្ពុជា​ទៅ​អាមេរិក កើន​ឡើង​ពី​ប្រមាណ​៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ រហូត​ដល់ជាង​៤០០​​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​ ខណៈ​រោងចក្រ​ផលិតទំនិញ​ប្រភេទ​នេះ​នៅ​កម្ពុជា កើន​ឡើង​រហូត​ដល់​ជាង​៨០​រោងចក្រ​។

ការ​ផលិត​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ ដូច​ជា កាបូប​និងវ៉ាលីស ជា​ដើម ត្រូវ​បាន​សមាគម​រោងចក្រ​កាត់ដេរ​វាយ​តម្លៃ​ថា ជា​ទីផ្សារ​ដែល​មាន​សក្ដានុពល​ខ្ពស់។ គឺ​ខ្ពស់​ជាង​ទីផ្សារ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ទៅ​ទៀត​។ នោះ​ក៏​ព្រោះ​តែ ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​នេះ មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​សម្លៀក​បំពាក់​។

ក្រៅ​ពី​​នេះ កម្ពុជា​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចាប់​យក​ក្រុមហ៊ុន​ផលិត​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​នេះ​បន្ថែម​ទៀត ខណៈ​ពេល​ដែល​អាមេរិក​និង​ចិន​កំពុង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​គ្នា​។ សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ពិចារណា​ផ្លាស់​ប្ដូរ​ទីតាំង​ផលិត​ចេញ​ពី​ប្រទេស​ចិន ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI