នៅឆ្នាំ ១៩០៦ ព្រះមហាក្សត្រខ្មែរ ព្រះបាទ ស៊ីសុវត្ថិបានយាងទៅប្រទេសបារាំង ដោយមានការហែហមពីក្រុមអ្នករបាំព្រះរាជទ្រព្យខ្មែរដ៏គួរឲ្យគយគន់ផង។ ជាងចម្លាក់បារាំងដ៏ល្បីឈ្មោះ រូដាំងថែមទាំងបានគូររូបក្បាច់រាំពត់ពេនរបស់អ្នករបាំខ្មែរ និងដាក់តំាងរហូតដល់សព្វថ្ងៃនៅក្នុងសារមន្ទីររបស់លោក ក្នុងក្រុងប៉ារីស។ ថ្វីត្បិតតែរបាំព្រះរាជទ្រព្យធ្លាប់ល្បីល្បាញក្នុងអតីតកាល និងត្រូវបានចាត់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្នែកមនុស្សជាតិ ប៉ុន្តែ របាំព្រះរាជទ្រព្យកំពុងប្រឈមនឹងការបាត់បង់ ទៅថ្ងៃអនាគត ដោយសារតែអ្នកដែលមានចំណេះដឹងផ្នែកនេះ កាន់តែមានវ័យចំណាស់ ក្នុងពេលដែលឯកសារស្តីពីរបាំព្រះរាជទ្រព្យមានតិចតួច។ គម្រោងរបាំខ្មែរដែលដឹកនាំដោយសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវខ្មែរពីរនាក់បានលេចចេញជារូបរាងឡើង ដើម្បីជួយប្រមូលថតសាក្ខីកម្មរបស់គ្រូបង្រៀនរបាំដែលមានវ័យកាន់តែជ្រេទៅហើយនោះ។