កម្ពុជា

គោល​នយោបាយ​ជាតិ​សំខាន់ៗ​បី ស្តី​ពី​ភាសា​និង​អក្សរ​ខ្មែរ គ្រោង​អនុវត្ត​នា​ពេល​ខាង​មុខ

លោក បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​គណៈកម្មការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ស្តី​ពីភាសាខ្មែរ
លោក បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​គណៈកម្មការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ស្តី​ពីភាសាខ្មែរ @សហការី

ដើម្បី​ឲ្យ​ភាសាខ្មែរ​មាន​អាទិភាព​រឹង​មាំ ខ្លាំង​ក្លា នឹង​អក្សរ​កាន់​តែ​មាន​សុក្រិតភាព​ស្រប​ទៅ​តាម​សម័យ​កាល​នោះ គណៈកម្មការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ស្តី​ពី​ភាសាខ្មែរ​បាន​ដាក់​ចេញ​នូវ​គោល​បំណង​ធំៗ​ចំនួន​៣។ ការ​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោបាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសិលា​ស្តី​ពី ភាសា​និង​អក្សរ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ សីហា​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ជក់ សុភា

ក្នុង​គោល​បំណង​ធំៗ​ទាំង​៣​នេះ​ត្រូវ បាន​លោក បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​គណៈកម្មការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ស្តី​ពី ភាសាខ្មែរ បាន​លើក​ឡើង​ថា រួម​មាន​ ទី១ ការ​អភិរក្ស​ភាសា​និង​អក្សរ​ខ្មែរ ដើម្បី​ឲ្យ​ភាសាខ្មែរ​បុរាណ ភាសាខ្មែរ​កណ្តាល និង​ភាសា​ខ្មែរ​ទំនើប ឲ្យ​ស្ថិត​ក្នុង​លក្ខណៈ​យថាភូតភាព គឺ​ភាព​ដើម​នៃ​ភាសាខ្មែរ​នៃ​ដំណាក់​កាល​នីមួយៗ។ ទី​២ គឺ​ស្មារតី​អភិវឌ្ឍ​ភាសាខ្មែរ ពោល​គឺ​រៀប​ចំ​ឲ្យ​មាន​គោល​គំនិត​ច្បាស់​លាស់ និយាយ​ឲ្យ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ភាសា និង​រំលេច​ចេញ​នូវ​អត្ថន័យ​ទាក់​ទង​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ។ ជាមួយ​គ្នា​នេះ ការ​ចៀស​វាង​ឲ្យ​បាន​ដាច់​ខាត​នូវ​ការ​ប្រើ​ប្រាស់​ពាក្យ​របស់​ភាសា​បរទេស​មក​លាយ​ឡំ​នឹង​ភាសាខ្មែរ ឬ​ជំនួស​ឲ្យ​ពាក្យ​ក្នុង​ភាសាខ្មែរ។ និង​ទី​៣ គឺ​បង្កើត​នូវ​វប្បធម៌​នៃ​ការ​គោរព​ដឹង​គុណ​ជា​អមតៈ នូវ​ចលករ​ទាំង​ឡាយ ដែល​បាន​ទ្រទ្រង់​ការពារ​ភាសាខ្មែរ តាំង​ពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន​កាល។

ជាមួយ​គ្នា​នេះ លោក បណ្ឌិត ច័ន្ទ សំណព្វ បាន​ឲ្យ​ដឹង​ថា​គណៈកម្មការ នឹង​បង្កើត​ឲ្យ​មាន គោរម្យងារ ភិយោជន ពោល​គឺ​សម្រាប់ អ្នក​ប្រាជ្ញ អ្នក​ស្រាវជា្រវ​ដែល​មាន​ស្នាដៃ​ឯក។ គោរម្យងារ​នោះ​មាន​ដូច​ជា អ្នក​អក្ខរោ​គឺ​សម្រាប់​អ្នក​ពូកែ​អក្ខរាវិរុទ្ធ ផ្ទៀង​ផ្ទាត់​មិន​ចេះ​ខុស​អក្ខរា និង​ចង​ក្រង​ជា​វចនានុក្រម​ជា​ដើម។ រីឯ​មួយ​ទៀត គឺ​ព្រះវិទូ សម្រាប់​ឥស្សរជន​ដែល​បាន​បង្កើត ចង​ក្រង​ស្នាដៃ​ឯក​ទាក់​ទង​នឹង​ភាសា។ លើស​ពី​នេះ គណៈកម្មការ​នឹង​រៀប​ចំ​ឲ្យ​មាន​មាស​លាភ គឺ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម​ទៅ​នឹង​កម្រិត​របស់​គាត់។ តាម​រយៈ​គោល​នយោបាយ​នេះ​គាត់​អាច​រស់​នៅ​ដោយ​ភាព​ថ្លៃ​ថ្នូរ​មិន​ចាំ​បាច់​រក​អាជីព​ក្រៅ ដើម្បី​ឲ្យ​គាត់​មាន​ពេល​ដោះ​ស្រាយ​ វិភាគ ចង​ក្រង​និង​ផលិត​ឯកសារ​ទាក់​ទង​នឹង​ភាសាខ្មែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ប្រធាន​គណៈកម្មាការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ស្តី​ពី​ភាសាខ្មែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​សម័យ​អាណានិគម​និយម​បារំាង ពួក​បារាំង​ចង់​ផ្លាស់​ប្តូរ​អក្សរ​ខ្មែរ ទៅ​ជា​អក្សរ​ឡាតាំង​វិញ។ តែ​ទោះ​យ៉ាង​ណា​មិញ ក្រុម​ព្រះ​សង្ឃ​មាន​ដូច​ជា អាចារ្យ​ហែម ចៀវ ព្រះ​អង្គ​ប៉ាងខាត់ និង​កវី​អ្នក​ប្រាជ្ញ​ខ្មែរ​នា​ពេល​នោះ បាន​ប្រឆាំង​តវ៉ា​មិន​ព្រម ដោយ​ហេតុ​ខ្លាច​បាត់​បង់​អត្តសញ្ញាណ​ជាតិ​ខ្មែរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI