អានតួអត្ថបទ
កម្ពុជា

សាលាក្តី​ខ្មែរ​ក្រហម​រៀបចំ​ពិធី​សាសនា​ឱ្យ​លោក​នួន ជា និង​ខៀវ​ សំផន

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ដោយ៖ ស៊ុន មេសា
១៣ នាទី

តុលាការ​សាលា​ក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៨ មេសា​នេះ​បាន​រៀបចំ​ពិធី​សាសនា​នៅ​ក្នុង​ពន្ធនាគា​ទៅ​ឱ្យ​លោក​ នួន ជា និង​លោក ខៀវ សំផន ដែល​ជា​ជន​ជាប់​ចោទ។ ការ​ប្រារព្ឋ​ពិធី​នេះ​គឺ​ខណៈ​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​បាន​ខិត​ជិត​ចូល​មក​ដល់។

ផ្សាយពាណិជ្ជកម្ម

លោក​នួន ជា និង​លោក ខៀវ សំផន នៅ​ថ្ងៃ​នេះ បាន​ប្រារព្ឋ​ពិធី​សាសនា​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ស្ថិត​វ័យ​ចាស់​ជរា​របស់​ខ្លួន​ជន​ជាប់​ចោទ​ ដែល​ជា​អតីត​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ គឺ​បាន​អង្គុយ​សំពះ​ព្រះ​សង្ឃ​ដើម្បី​ធ្វើ​ពិធី​សូត្រ​មន្ត និង​ប្រគេន​ចង្ហាន់​ជូន​ដល់​ព្រះ​សង្ឃ។ លោក​នេត្យ​ភក្ត្រា អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​អះអាង​សិទ្ធ​នៃ​ការ​គោរព​សាសនា​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​មិន​ត្រូវ​បាន​ដក​ហូត​នោះ​ទេ បើ​ទោះបី​ជា​ជាប់​ក្នុង​ឧក្រិដ្ឋ​ក៏​ដោយ ហើយ​ក៏​ជា​ការ​គោរព​តាម​ពុទ្ធ​សាសនិក​ផង​ដែរ។ ពិធី​សាសនា​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ពន្ធនាគារ ក៏​មាន​ការ​ចូលរួម​ពី​សាច់​ញាតិ​ទាំង​សង​ខាង។

សូម​បញ្ជាក់​ថា​នួនជា ដែល​អនុលេខាបក្ស​កុម្មុយ​នីសន្ត​កម្ពុជា និង​លោក​ខៀវ សំផន ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០២ វគ្គ១ ផ្តោត​ លើ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ដែល​រង​ការ​ចោទ​ប្រកាន់​ក្នុង​អំឡុង​ពេល​ជម្លៀស​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ និង​ការ​ផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់​ពី​តំបន់​ដទៃ​ទៀត រួម​ទាំង ការ​កាប់​សម្លាប់​ ដែល​រងការ​ចោទ​ប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍​សាត់។

ក្រៅ​ពី​ករណី​សំណុំ​រឿង​ជន​ឧក្រិដ្ឋ​ចាស់​ជរា​ទាំង​ពីរ​នាក់​នេះ​ហើយ តុលាការ​កូន​កាត់​នេះ​កំពុង​ករណី​០០៣​ និង​០០៤ ជា​បន្ត​ទៀត​ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ចំនួន​៤​នាក់​ផ្សេង​ទៀត​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ។ ក្នុង​នោះ​លោក មាស មុត អតីត​មេទ័ព​ជើង​ទឹក​សម័យ​ខ្មែរ​ក្រហម លោក​ស្រី អ៊ឹម ចែម ដែល​ជា​អតីត​ចៅ​ហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ​ លោក​អោ អាន លោក​យឹម​ ទិត្យ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ក្នុង​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​ប្រល័យ​ពូជ​សាសន៍​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​ពិធី​សាសនា​ឱ្យ​អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នេះ គឺ​ធ្វើ​ឡើង​ខណៈ​ដែល​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ