អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មិន​ខ្វះ​ទេ​សៀវភៅ ឯកសារ​ និង​និក្ខេបបទ​ ដែល​លាត​ត្រដាង​ពី​របប​ខ្មែរ​ក្រហម

សំឡេង ០៨:២៣
ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​
ប៉ុល ពត និង​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ (រូបថតឯកសារ AFP)
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
៤៦ នាទី

ជិត​៤០​ឆ្នាំ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​នៅ​តែ​មិន​ចុះ​សម្រុង​គ្នា​ពេល​ត្រូវ​ជជែក​វែកញែក​ជុំវិញ​របប​ដ៏​សាហាវ​ព្រៃផ្សៃ​មួយ​នេះ ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​ជិត​ពីរ​លាន​នាក់​ស្លាប់​បាត់​បង់​ជីវិត។ ជា​ការ​ពិត របប​ខ្មែរ​ក្រហម​ជា​របប​អាថ៌កំបាំង​ជាង​គេ​បង្អស់​មួយ​នៃ​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ​សតវត្សរ៍​ទី​២០។ ប៉ុន្តែ​ជាមួយ​សៀវភៅ​ និង​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ច្រើន​ឡើងៗ​ជា​ពិសេស​របស់​ជនជាតិ​បរទេស របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​របស់​ប៉ុល ពត លែង​ជា​សំណុំរឿង​ងងិត​សូន្យ​សុង​ដូច​ពី​មុន​ទៀត​ហើយ។ បើ​ចង់​យល់​មែន គេ​ពិត​ជា​នឹង​អាច​ដឹង​ការ​ពិត​មួយ​ភាគ​ធំ​បាន ពីព្រោះ​មិន​ខ្វះ​ទេ​ឯកសារ​ជា​ភាសា​ខ្មែរ​ឬ​ជា​ភាសា​បរទេស។

ផ្សាយពាណិជ្ជកម្ម

មាន​ច្រើន​ណាស់ សៀវភៅ​ឬ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​សរសេរ​ជា​ភាសា​បរទេស ពិសេស​ជា​ភាសា​បារាំង​និង​អង់គ្លេស ដែល​ស្តី​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ឬ​របប​ខ្មែរ​ក្រហម ​និយាយ​ឱ្យ​ស្រួល​ស្តាប់។ គឺ​សុទ្ធសឹង​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត នៃ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្រ្ត​របស់​អ្នក​សារព័ត៌មាន​ឬ​របស់​សាស្រ្តាចារ្យ​មហា​វិទ្យាល័យ រួម​មាន​ជា​អាទិ៍Elisabeth Becker, David Chandler, Ben Kiernan, Stephen Heder ។ល។និង។ល។

ក៏​មាន​ដែរ​ជនជាតិ​ខ្មែរ​​ដែល​បាន​និង​កំពុង​បន្ត​ចាយ​កម្លាំង​កាយ កម្លាំង​ប្រាជ្ញា​និង​កម្លាំង​ចិត្ត​ដើម្បី​ដាស់​តឿន​សង្គមជាតិ​ខ្មែរ​ទាំង​មូល​ឱ្យ​យល់​និង​កុំ​ឱ្យ​បំភ្លេច​ទំព័រ​ដ៏​ខ្មៅរ​ងងិត​និង​សាហាវ​រក​លេខ​ដាក់​គ្មាន​នៃ​របប​ខ្មែរ​ក្រហម។ ក្នុងនោះ​ រួមមាន​សមិទ្ធិករ​ ប៉ាន​ រិទ្ធីដែល​បាន​ថតភាពយន្ត​ឯកសារ​ជា​ច្រើន ដើម្បី​ពន្យល់​បំភ្លឺ​ជា​អាទិ៍​ពី​មនោគមវិជ្ជា​របស់​ខ្មែរ​ក្រហម ឬក៏​លោក​ឆាង​ យុ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឯកសារ​កម្ពុជា មជ្ឈមណ្ឌល​ដែល​ប្រមែ​ប្រមូល​និង​បក​ប្រែ​ជា​ភាសាខ្មែរ​ឬ​ជា​ភាសា​បរទេសឯកសារ​រាប់​រយ​ម៉ឺន​ច្បាប់។ 

ក៏​ប៉ុន្តែ រហូត​មក​ទល់​សព្វ​ថ្ងៃ ជិត​៤០​ឆ្នាំ​ក្រោយ​សម័យ​ខ្មែរ​ក្រហម ខ្មែរ​តិច​ណាស់​បាន​អាន​សៀវភៅ​ ​និក្ខេបបទនិងឯកសារ​អស់​ទាំង​នេះ។ ម្ល៉ោះ​ហើយ​ខ្មែរ​ច្រើន​ណាស់​នៅ​តែ​នាំ​គ្នា​និយាយ​ដោយគ្មានហេតុផល​ជុំវិញ​របប​៣​ឆ្នាំ​ ៨ខែ​និង២០​ថ្ងៃរបស់​ប៉ុល ពត។ ជាក់​ស្តែង ខ្មែរខ្លះ​ដែល​ពោរពេញ​ទៅ​ដោយ​មនោគមវិជ្ជាឬ​និន្នាការ​នយោបាយឬក៏គំនុំ​ មិន​ជឿ​ថា ខ្មែរ​ក្រហម​ដែល​ជា​ខ្មែរ​អាច​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯងអ៊ីចឹង​បានទេ។ ពួក​គេ​ចោទត្រង់ៗ​ថា បរទេស និយាយឱ្យចំគឺវៀតណាម ​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ប្រល័យ​ពូជ​សាសន៍ដែល​បាន​បណ្តាល​ឱ្យ​ខ្មែរ​ស្លូត​ត្រង់​ជិត​ពីរ​លាន​នាក់​ស្លាប់​បាត់​បង់​ជីវិត។ ក៏​ប៉ុន្តែ នៅ​បរទេស​ឯណោះ អ្នក​ឯកទេស​បញ្ហា​ខ្មែរក្រហម​ដែល​មិន​យក​មនោ​សញ្ចេតនាជាធំ​ ដែលមិន​គិតនឹងចិត្ត តែ​ឱ្យ​តម្លៃ​ទៅ​លើ​ការ​ពិចារណា ​ទៅ​លើ​ឯកសារ ទៅ​លើ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​និង​ទៅ​លើ​ការ​វិភាគ​ បាន​វាយ​តម្លៃ​របប​ខ្មែរ​ក្រហម​ថា​ជារបប​ប្រល័យ​ពូជ​សាសន៍​ឯង ឬ​របប​ស្វ័យ​ប្រល័យ​ពូជសាសន៍ «Autogénocide »ជា​ភាសាបារាំង។ ទន្ទឹម​នេះ សួរ​ថា​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥​ដល់​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩? ចម្លើយ​គឺ​ក្រុម ប៉ុល ពត នួន​ ជា អៀង​ សារី ខៀវ សំផន សុន ​សេន តា​ម៉ុក និង​បរិវារ។ ពួក​គាត់​សុទ្ធសឹង​ជា​ខ្មែរ។ ហើយ​បើ​ទោះ​បី​ជា​អាចចាញ់​ល្បិច​កល​បរទេស អាចចាញ់ល្បិចកលវៀតណាមនិយាយឱ្យចំ ក៏​ពួក​គាត់អស់ហ្នឹង​នៅ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវសំខាន់ជាងគេ ដ្បិត​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ប្រទេសកាលសម័យនោះ ពួក​គាត់​មិន​បាន​ការពារ​និង​មិន​បាន​ស្រោចស្រង់​ខ្មែរ​រាប់​​លាន​នាក់​ឱ្យ​រួចផុត​ពី​ការ​ស្លាប់។ តែការពិត គឺ ប៉ុល ពត នួន​ ជា អៀង​ សារី ខៀវ សំផន សុន ​សេន តា​ម៉ុក និង​បរិវារ​ទេ​តើ ជា​អ្នក​ដែល​បាន​ធ្វើ​ឱ្យ​ខ្មែរ​ស្លាប់​គរ​ជើង​លើ​គ្នា​ដូច​ខ្មោច​សត្វ ពាសពេញ​ប្រទេស​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

យ៉ាង​ណា​មិញ ស្វែង​យល់​ពី​របប​ខ្មែរ​ក្រហម​មិន​មែន​ជា​ការ​ងាយ​ស្រួល ដ្បិត​ត្រូវ​ពិនិត្យ មើល​ប្រវត្តិសាស្រ្ត​កម្ពុជា​មុន​សម័យ​ខ្មែរ​ក្រហម ដាក់​ប្រវត្តិសាស្រ្ត​កម្ពុជា​ចូល​ទៅ​ក្នុង​បរិបទ​ ​ភូមិសាស្រ្ត​នយោបាយ​តំបន់​និង​ស្ថានភាព​សង្គ្រាម​ត្រជាក់​នៅ​ក្នុង​ពិភពលោក​កាល​សម័យនោះ។ អ្នក​ខ្លះ​ថា របប​ខ្មែរ​ក្រហម​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​សីហនុ​នៅ​ថ្ងៃ​ទី​១៨​មីនា​ឆ្នាំ​១៩៧០។ មែន​ទែន​ទៅ ការ​យល់​ឃើញ​បែប​នេះ​មិន​ខុស​ទេ តែ​មិន​គ្រប់​គ្រាន់​ឡើយ ពីព្រោះ​ពិត​មែន​តែ​វា​បាន​ធ្វើ​ឱ្យ​ចលនា​ខ្មែរ​ក្រហម​ចាប់​ផ្តើម​រីក​ធំ​ធាត់ តែ​ព្រឹត្តិការណ៍​១៨​មីនា​ឆ្នាំ​១៩៧០ មិនមែន​ជា​អ្នក​បង្កើត​ពួក​មេ​ខ្មែរ​ក្រហមឯណា។ ពួកអស់​នេះ​បាន​ក្លាយ​ជា​កុម្មុយនិស្ត​តាំង​ពី​ចុង​ទសវត្សរ៍​ទី​៤០​ម្ល៉េះ និង​បាន​ផ្តើម​ធ្វើ​បដិវត្តន៍​នៅ​ក្នុង​ព្រៃ​ ជាមួយ​ពួក​វៀតមិញនិង​ក្រោយ​មក​ទៀត​ជា​មួយ​ពួក​វៀតកុង មុន​ឆ្នាំ​១៩៧០​ទៅ​ទៀត។ មែន​ទែន​ទៅ គឺ​ប្រវត្តិសាស្រ្ត​កម្ពុជា​ទាំង​មូល តាំង​ពី​សម័យ​អាណា​និគម​បារាំង​រហូត​ដល់​សម័យ​សាធារណរដ្ឋ​របស់​សេនា​ប្រមុខ លន់ នល់ ដោយ​ឆ្លង​កាត់​តាម​សម័យ​សង្គម​រាស្រ្ត​និយម ដែល​បាន​បង្កើត​ពួក​មេខ្មែរ​ក្រហម។

ក៏ប៉ុន្តែ ប្រវត្តិសាស្រ្ត​តែ​មួយ​មុខ​មិន​អាច​ពន្យល់​បាន​ទេ ថា​តើ​ហេតុអ្វី​បាន​ជា​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម​សហាវ​យង់ឃ្នង​បែប​នេះ សហាវ​ជាង​គេ បើ​ប្រៀប​ធៀប​ទៅ​នឹង​របប​កុម្មុយនិស្ត​ឡាវ​និង​របប​កុម្មុយនិស្ត​វៀត​ណាម។ គឺ​ប្រហែល​មក​ពី​ផ្នត់​គំនិតបែបចម្លែក គំនុំធំជ្រុល អំនួតធំខុសខ្នាត និង​ការ​យល់មិនច្បាស់ឬ​ដឹង​តិច​តួច​ពេក​ពី​ទ្រឹស្តី​កុម្មុយនិស្ត​ទៅ​វិញ​ទេ ដែល​បាន​ជំរុញ​ពួក​មេ​ខ្មែរ​ក្រហម​ឱ្យ​បង្កើត​របប​មួយ​ជាតិ​និយម​ជ្រុល ប្រកាន់​ពូជ​សាសន៍ និង​ប្រល័យ​ពូជសាសន៍​ដែល​បាន​យក​ការ​សម្លាប់​រង្គាល​មក​ធ្វើ​ជា​របៀប​ដឹក​នាំ​ប្រទេស។

ដូចគ្នាអ៊ីចឹងដែរ ស្វែង​យល់​ពី​របប​ខ្មែរ​ក្រហម​មិន​មែន​ជា​ការ​ងាយ​ស្រួល ដ្បិត​ត្រូវ​លើក​ឡើង​នូវ​សំណួរ​ចាំបាច់​មួយ​ចំនួន រួម​មាន​ជា​អាទិ៍ តើ​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​១៧​មេសា​១៩៧៥ ជា​អ្នក​ណា? តើ​ហេតុអ្វី​បាន​ជា​ពួក​ខ្មែរ​មួយ​ក្រុម​នេះ​ដែល​តាំង​ខ្លួន​ជា​«អ្នក​ជាតិ​និយម» បាន​ក្លាយ​ជា​មេ​កុម្មុយនិស្ត? តើ​ហេតុ​អ្វី​បាន​ជា​ទ្រឹស្តី​កុម្មុយនិស្ត​របស់​ខ្មែរ​ក្រហម​មាន​លាយ​ទៅ​ដោយ​ធាតុ​មនោគមវិជ្ជា​ផ្សេង ដូច​ជា​គំនិត​ជាតិ​និយម​ជ្រុល ​ការ​ប្រកាន់​ពូជសាសន៍ ​មនោគមវិជ្ជា​សម្រិត​សម្រាំង​ពូជ​សាសន៍​យក​តែ​ខ្មែរ​សុទ្ធ​ដើម្បី​បង្កើត​មនុស្ស​ថ្មី​នៅ​ក្នុង​សង្គម​ថ្មី? តើ​ហេតុ​អ្វី​បានជាពួក​មេ​ក្រហម​ទាំង​នេះ​ដែល​បាន​តស៊ូ​ជាង​៣០​ឆ្នាំ​ដើម្បី​ក្រសោប​យក​អំណាច នៅ​ទី​បំផុត បានទទួលបរាជ័យក្នុងការគ្រប់​គ្រង​ប្រទេស ដោយបានកាន់អំណាចមិន​បាន​៤​ឆ្នាំ​ល្អ​ផង?

ប៉ុន្តែ តើ​គេ​អាច​វិភាគ​បែប​វិទ្យាសាស្រ្ត​និង​បែប​សត្យានុម័ត​បាន​ល្អ​ឥត​ខ្ចោះ​ដែរ​ឬ​ទេ ទៅ​លើ​បដិវត្តន៍​និងទៅលើរបបមួយ​ដែល​បាន​សម្លាប់​ប្រជាជន​អស់​ជិត​ពីរ​លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​ទាំង​ស្រុង​ចំនួន​ប្រាំពីរ​លាន​នាក់កាលសម័យនោះ? មែន​ទែន​ទៅ ការ​ចង់​ថ្កោល​ទោស ការ​ចង់​ជេរ​ប្រមាថ​និង​ការ​ចង់​ខាក​ស្តោះ​ទៅ​លើ​របប​ខ្មែរ​ក្រហម​ជា​ការ​មួយ​សឹង​ចៀស​មិន​រួច ពីព្រោះ​អ្នកណាក៏ស្អប់ខ្ពើមរបបប៉ុល​ ពតដែរ និងពីព្រោះ​ខ្មែរគ្រប់​រូប​សុទ្ធ​តែ​មាន​ជីដូន​ជីតា ឱពុក​ម្តាយ មីង​មា បង​ប្អូន​កូន​ក្មួយ ញាតិ​សណ្តាន​ឆ្ងាយ​ឬ​ជិត​ ស្លាប់​ក្នុង​សម័យ​ខ្មែរក្រហម។

យ៉ាង​ណា​ក៏​ដោយ មកទល់ពេលនេះ ចង់យល់ពីបដិវត្តន៍ខ្មែក្រហម​និង​ចង់​យល់​ពី​របប​ខ្មែរ​ក្រហម ​គេគ្មាន​ជម្រើស​អ្វីផ្សេងក្រៅ​ពី​ទុកចិត្ត​ទៅ​លើ​លទ្ធផល​ស្រាវជ្រាវ​របស់ជ​នជាតិ​បរទេស​ទេ ដូចជាElisabeth Becker, David Chandler, Ben Kiernan, Stephen Heder ។ល។ និង។ល។ ហេតុ​អ្វីឱ្យ​តម្លៃ​ទៅ​លើ​លទ្ធផល​ស្រាវជ្រាវ​របស់​ជនជាតិ​បរទេស? និយាយ​ឱ្យ​ខ្លីទៅ ជនជាតិ​បរទេស​ដែល​ជា​អ្នក​ឯកទេស​បញ្ហា​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស៊ីជម្រៅនិងបែប​វិទ្យាសាស្រ្ត​ជាង​ខ្មែរ​យើងមិន​មាន​និន្នាការ​នយោបាយ មិន​មាន​និន្នាការ​គាំទ្រ​និង​ប្រឆាំង​កម្ពុជា​ឬ​វៀតណាមទេ។ ពួក​ជនជាតិ​បរទេស​អ្នក​ឯកទេស​បញ្ហា​ខ្មែរ​ក្រហម​ទាំង​អស់​នេះ​ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ ប្រហែល​ជា​គ្មាន​គោល​ដៅ​អ្វី​ផ្សេង​ក្រៅ​ពី​ស្វែង​យល់​ការ​ពិត​តែ​ប៉ុណ្ណោះ។

ការ​សិក្សានិងការជជែកវែកញែក​ទៅ​លើ​បដិវត្តន៍​ខ្មែរ​ក្រហម ទៅ​លើ​របប​ខ្មែរ​ក្រហម​គួរ​តែ​ត្រូវ​តម្កល់ឱ្យខ្ពស់ហួសប្រយោជន៍នៃគណបក្សនយោបាយ។ ការបង្រៀន​ទំព័រ​ដ៏​ខ្មៅ​ងងិត​ជាង​គេ​មួយនេះនៃ​ប្រវត្តិសាស្រ្ត​ខ្មែរសម័យទំនើប ត្រូវតែមាន​គោល​ដៅ​តែ​ពីរ​គត់។ ទីមួយ​ គឺ​បំប៉ន​ចំណេះ​ដឹង​របស់​យុវជនខ្មែរ ដើម្បីខ្ទប់កុំឱ្យភាព​ច្រំដែលបែបនេះនៃប្រវត្តិសាស្រ្ត​អាច​វិល​ត្រឡប់មកវិញ។ ទីពីរ គឺជំរុញធ្វើយ៉ាងណាឱ្យយុវជនខ្មែរ​ច្រើន​ឡើងៗ​​ឱ្យ​តម្លៃ​ទៅ​លើ​ឯកសារ ទៅ​លើ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត និង​ទៅ​លើ​ហេតុផលជាង​ទៅ​លើ​ជំនោរ​នៃ​អារម្មណ៍ ពេល​ត្រូវ​និយាយ​ពី​បញ្ហានយោបាយស្មុគស្មាញរបស់ប្រទេសកម្ពុជា​ម្តង​ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ