អានតួអត្ថបទ
កម្ពុជា

ការ​អនុវត្ត​គម្រោង​សំណង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/២ ត្រូវ​ការ​កញ្ចប់​ថវិកា​៥០០​លាន​ដុល្លារ

សាលាក្តីខ្មែរក្រហម។
សាលាក្តីខ្មែរក្រហម។ @Google
ដោយ៖ អេង គីមហុង
១៦ នាទី

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​សុក្រ​ទី​ ២៤ មិថុនា​នេះ​រៀបចំ​កិច្ច​ពិភាក្សា​មួយ​ស្ដី​អំពី​គម្រោង​សំណង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/០២ នា​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២។ ក្នុង​នោះ​ជន​រងគ្រោះ​ ដែល​ជា​ដើម​រដ្ឋប្បវេណី​ជាង​ ១០០នាក់ មក​ពី​តាម​បណ្ដា​ខេត្ត​បាន​ធ្វើ​ការ​ជជែក​យ៉ាង​ផុសផុល​ជុំវិញ​សំណង​នានា​ ដែល​ពួក​គាត់​បាន ដោយ​ទាមទារ​ឲ្យ​មាន​ការ​កសាង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ជិត​ ២លាននាក់​ ដែល​បាន​ស្លាប់​ក្នុង​របប​ប៉ុល​ពត នៅ​គ្រប់​ ២៤​រាជធានី-ខេត្ត។ ហើយ​តាម​គម្រោង​ការ​អនុវត្ត​សំណង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំរឿង ០០២/២ ត្រូវ​ការ​កញ្ចប់​ថវិកា ៥០០​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

លោក ហង្ស វណ្ណៈ ប្រធាន​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​ពន្យល់​ថា សំណង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/២ គឺ​ជា​គម្រោង​សំណង​មាន​លក្ខណៈ​សមូហភាព​និង​ផ្លូវ​ចិត្ត។ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​ទាមទារ​សំណង​នេះ​ ត្រូវ​តែ​ជា​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​ជាង​ ៤០០០​នាក់។ ការ​ទាមទារ​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​លក្ខណៈ​រួម។

ជាក់ស្ដែង​គម្រោង​សំណង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/២ បែង​ចែក​ជា​បី​រួម​មាន៖ ទី១-ស្ដានីតិ​សម្បទា​តាម​រយៈ​ការ​ព្យាបាល​ជន​រងគ្រោះ​ ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ទី២-ការ​អប់រំ​ ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​ឲ្យ​ទៅ​ជា​ការ​បោះពុម្ភ​សៀវភៅ​បញ្ចូល​ទៅ​កម្មវិធី​សិក្សា​ ដើម្បី​ក្មេង​ជំនាន់​ក្រោយ​ចងចាំ​ពី​របប​ប៉ុលពត។ ទី៣-ពាក់ព័ន្ធ​ការ​ចងចាំ​តាម​រយៈ​ការ​កសាង​ស្តូប ការ​កសាង​មជ្ឈមណ្ឌល គោរព​វិញ្ញាក្ខន្ធ​ដល់​ជន​រងគ្រោះ​ជិត​២​លាន​ ដែល​ស្លាប់​និង​ដើម្បី​កុំ​ឲ្យ​រឿងរ៉ាវ​ទាំង​នេះ​បាត់​រលត់។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ គម្រោង​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ​ រវាង​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល។
ជា​សំណូមពរ​ម្ចាស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចង់​ឲ្យ​មាន​ការ​កសាង​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​ទូទាំង​២៤​រាជធានី-ខេត្ត ដើម្បី​ទុក​ជា​ការ​ចងចាំ។

លោក ហង្ស វណ្ណៈ ឲ្យ​ដឹង​ថា គម្រោង​ចំនួន​បី​នេះ​ត្រូវ​ការ​កញ្ចប់​ថវិកា​ ៥០០​លាន​ដុល្លារ​ដើម្បី​សម្រេច​គម្រោង។ លោក​រំពឹង​ថា គម្រោង​សំណង​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/២​នឹង​ទទួល​បាន​ជោគជ័យ​ ព្រោះ​មាន​ការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ ពិសេស​ម្ចាស់​ជំនួយ។ បន្ថែម​ពី​លើ​នេះ​ទៀត​ អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ក៏​បាន​ថវិកា​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​តាម​រយៈ​ការ​រៃ​អង្គាស​ពី​ដៃគូ​បរទេស។

សូម​បញ្ជាក់​ថា កន្លង​មក​អង្គភាព​គាំពារ​ជន​រងគ្រោះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​អនុវត្ត​បាន​ជោគ​ជ័យ​ម្ដង​រួច​មក​ហើយ​នូវ​សំណង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ ០០២/១។ កាលណោះ​ដើម​បណ្ដឹង​រដ្ឋ​ប្បវេណី​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះពុម្ព​ជា​សៀវភៅ​ពី​រឿងរ៉ាវ​ខ្មែរ​ក្រហម​ និង​ដាក់​បញ្ជូល​ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​កម្មវិធី​អប់រំ និង​បង្កើត​បាន​មជ្ឈ​មណ្ឌល​សិក្សា​សន្តិភាព​នៅ​សំរោង ដែល​ជា​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ចូល​ទៅ​សិក្សា ​និង​រួម​ទាំង​ការ​បង្កើត​ទិវា​ចង​កំហឹង​ថ្ងៃ​ទី​ ២០ឧសភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ