ប្រតិភូកីឡាកម្ពុជាប្តូរសំបុត្រយន្តហោះ និងសុំបន្តសិទ្ធស្នាក់នៅហ្វីលីពីនឲ្យ U-22 របស់ខ្លួនបន្ទាប់ពីឡើងវគ្គបន្ត
ចុះផ្សាយនៅថ្ងៃ៖
ក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំ ឬ U-22 របស់កម្ពុជាបានប្តូរសំបុត្រយន្តហោះត្រលប់មកប្រទេសវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយកឈ្នះលើក្រុម U-22 ម៉ាឡេស៊ី កាលពីរសៀលម្សិលមិញ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការលើកពេលរបស់ក្រុមកីឡាករបាល់ទាត់កម្ពុជាត្រលប់មកផ្ទះវិញ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននេះ ស្របពេលដែលប្រភេទកីឡាមួយចំនួន បានលើកពេលប្រកួតដែរ បន្ទាប់ពីមានការវាយប្រហារដែនដីកោះហ្វីលីពីនដោយខ្យល់ព្យុះ Kammuri ។
ក្រុមកីឡាករបាល់ទាត់កម្ពុជា U-22 ត្រូវបានប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន បានស្វះស្វែងប្តូរសំបុត្រយន្តហោះត្រលប់មកប្រទេសវិញ នៅថ្ងៃខាងមុខច្រើនថ្ងៃទៀត បន្ទាប់ពីពួកគេយកឈ្នះ ក្រុម U-22 ម៉ាឡេស៊ី ៣ទល់នឹង១ ដែលជ័យជម្នះរយៈពេល៩០នាទីនេះ ធ្វើឲ្យក្រុមគោព្រៃជំទង់មានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តជាប្រវត្តិសាស្ត្ររយៈពេល៦០ឆ្នាំ។
លោក វ៉ាត់ ចំរើន ប្រធានបេសកកម្មប្រតិភូកីឡាកម្ពុជា ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ក្រៅពីពន្យាសំបុត្រយន្តហោះ ដែលនឹកស្មានមិនដល់សម្រាប់ក្រុមបាល់ទាត់កម្ពុជា តំណាងកីឡាកម្ពុជា ក៏បានប្រាប់ទៅហ្វីលីពីន ដែលជាប្រធានគណៈកម្មការរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នេះ សុំឲ្យមានការផ្តល់ការបន្តដល់កីឡាករបាល់ទាត់កម្ពុជា ក្នុងការស្នាក់នៅ ហូបចុក នឹងហ្វឹកហាត់ ខណៈកីឡាករម្នាក់ត្រូវបង់ថ្លែ៥០ដុល្លារក្នុងមួយថ្ងៃ។
ដូចជារៀងរាល់ឆ្នាំដែរ ប្រទេសកម្ពុជាមិនមានជំនឿថា ក្រុមកីឡាករបាល់ទាត់របស់ខ្លួន អាចឆ្លងវគ្គសន្សំពិន្ទុបានទេ។ ហេតុដូច្នេះហើយ ការគិតគូរសម្រាប់ពួកគេ ក្នុងការវិលត្រលប់មកប្រទេសវិញ ក៏ត្រូវបានរៀបចំទុកមុនហើយដែរ គឺមានការត្រៀមសំបុត្រយន្តហោះសម្រាប់កីឡាករបាល់ទាត់ត្រូវវិលត្រលប់មកប្រទេសវិញ ១ថ្ងៃក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ។
ជាមួយគ្នានេះ ប្រទេសម្ចាស់ផ្ទះក៏បានសម្របសម្រួលដល់កម្ពុជា និងប្រទេសមួយចំនួនទៀត ដែលអត្តពលិករបស់ផងខ្លួន បានខកខាន ធ្វើដំណើរទៅកាន់ហ្វីលីពីន តាមកាលកំណត់កាលពីថ្ងៃទី៣ធ្នូ ដោយសារការរំខានពីខ្យល់ព្យុះឈ្មោះ Kammuri ឲ្យបានធ្វើការប្រកួតនៅថ្ងៃទី៥ធ្នូនេះវិញ។
ដោយឡែក កីឡាករប្រដាល់កម្ពុជាមួយរូប ត្រូវបានលុបឈ្មោះពីការប្រកួត ខណៈកីឡាកររូបនេះមានបញ្ហាសុខភាព ហើយមិនទាន់បានចាកចេញពីប្រទេសកម្ពុជានៅឡើយ។
សូមបញ្ជាក់ថាមកទល់ពេលនេះ កម្ពុជាទទួលបានមេដាយសរុបចំនួន២១ ក្នុងនោះមានមេដាយមាស ១ មេដាយប្រាក់ ៣ និងមេដាយសំរិត ១៧ ដោយកម្ពុជាឈរនៅលំដាប់ទី៩ លើប្រទេសឡាវ និងទីម័រខាងកើត ខណៈវិញ្ញាសារកីឡាសក្តានុពល ដែលកម្ពុជាសង្ឃឹមថាបានមេដាយ នៅមិនទាន់បានប្រកួត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ