កម្ពុជា-សង្គម

​រដ្ឋា​ភិបាល​អះអាង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ខណៈ​និស្សិត​ខ្មែរ​នៅ​Wuhan ចាំ​ឱកាស​វិល​មក​ស្រុក​វិញ​

យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង)
យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង) @Internet

ក្រសួងការបរទេសកម្ពុជា បានអះអាងថា រដ្ឋាភិបាល​កម្ពុជា​បានយក​ចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​វិវត្តន៍​នៃ​ការ​រាល​ដាល​មេរោគ​កូរ៉ូណា ហើយថា​តំណាងស្ថានទូត​បានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន​ដើម្បី​តាម​ដាន​សុខភាព​របស់​ពលរដ្ឋខ្មែរ​ជាពិសេស​និស្សិតខ្មែរ​ ដែលកំពុងជាប់​នៅទីក្រុងWuhan។ សម្រាប់​និស្សិត​ខ្មែរ​ ដែលកំពុងជាប់ផុង​នៅទីក្រុង​Wuhan នៅតែរង់ចាំឱកាសវិល​ត្រឡប់​មកកម្ពុជា​ នៅគ្រា​ដែល​មិត្ត​រួម​ថ្នាក់​ពីបណ្តាប្រទេសផ្សេង​ៗបានចាកចោលស្ទើរអស់ទៅហើយ។ 

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ប្រកាសព័ត៌មាន​នៅថ្ងៃទី៣ខែកុម្ភៈ ក្រសួង​ការបរទេស​កម្ពុជា បានអះអាងថា ពុំមានករណី​ឆ្លង​មេរោគ​កូរ៉ូណាមកលើ​ពលរដ្ឋខ្មែរទេ។ សាកលវិទ្យាល័យ​ចិន​បានឧបត្ថម្ភ​ស្បៀង​ និង​សំភារៈ​ចាំ​បាច់​នានា​ដល់​និស្សិត ហើយប្រាប់​ឲ្យអនុវត្ត​វិធានការ​បង្កា​ និង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់​និស្សិត​ខ្មែរ ​ដែលកំពុងជាប់ផុង​នៅទីក្រុង​Wuhan នៅតែទន្ទឹងរង់ចាំឱកាសវិល​ត្រឡប់​​មកកម្ពុជាវិញនៅពេល​ឆាប់ៗ​ នៅគ្រា​ដែល​មិត្ត​រួម​ថ្នាក់​ពីបណ្តាប្រទេសផ្សេងៗ​បានចាកចោល​ស្ទើរអស់​ទៅហើយ។ រដ្ឋាភិបាលភូមា និង​អាជ្ញាធរប្រទេសជាច្រើនទៀត​សុទ្ធតែបាន​ប្រើ​យន្ត​ហោះ​ទៅ​ដឹក​និស្សិត ​និង​ពលរដ្ឋ​របស់គេចេញពីទីក្រុង​Wuhan ជាទី​ដែល​មានការ​ផ្ទុះរាលដាល​វីរុសកូរ៉ូណា​។

លោក ប៉ែន បារាំង ជានិស្សិត​ថ្នាក់​អនុបណ្ឌិត ​ដែល​ស្ថិត​ក្នុងទីក្រុង​Wuhan បានបង្ហាញ​អារម្មណ៍​របស់​លោក​នៅតាម​ហ្វេសប៊ុកថា និស្សិត​ខ្មែរ​ ដែល​ជាប់នៅទីក្រុងផ្ទុះ​មេរោគកូរ៉ូណានេះ ពិតជាចង់​វិល​មក​ខ្មែរ​វិញ​កាន់តែ​ឆាប់​។​ ទោះជាយ៉ាងណានិស្សិតខ្មែរ​រូបនេះ ​ក៏មិនហ៊ាន​ជំទាស់​នឹង​ការ​សម្រេច​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទេ ដែលមិនឲ្យពលរដ្ឋខ្មែរ​រត់ចោល​ប្រទេសចិន​នៅគ្រាអាសន្ននេះ។

នៅពេលជួបពលរដ្ឋខ្មែរ​នៅកូរ៉េខាងត្បូង​នៅថ្ងៃទី៣កុម្ភៈ លោក ហ៊ុន សែន បានអះអាងថា​លោក​នឹង​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋខ្មែរ​នៅទីក្រុង​Wuhan ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត។ ស្ថានទូត​ចិន​ប្រចាំ កម្ពុជា​បានអះអាងថា បច្ចុប្បន្ននេះមាននិស្សិតកម្ពុជាចំនួន២៣រូបដែលកំពុងតែត្រូវបានជាប់ផុងក្នុងទីក្រុងWuhan។ ពួកគេមានសុខភាពល្អនិងសុវត្ថិភាព ហើយរដ្ឋាភិបាលចិនបានផ្ដល់ការមើលថែយ៉ាងយកចិត្ត​ទុក​ដាក់បំផុត សូមសមាជិកគ្រួសារមានការព្រួយបារម្ភ។

សូមជម្រាបថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាសហើយថា មិនឲ្យ​និស្សិត​ខ្មែរ​រត់​ចោល​ប្រទេសចិន​នៅគ្រា​អាសន្ននេះទេ ហើយ​ប្រទេសចិនបានប្រកាស​ថា​កម្ពុជាគឺជាមិត្តដែកថែម​យ៉ាងពិត​ប្រាកដ​របស់​ខ្លួន​ ខណៈប្រទេសជាង៧០លើពិភពលោក​បានបិទជើងហោះហើរ​ និង​ហាម​អ្នក​ធ្វើ​ដំណើរចេញចូល​ប្រទេស​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI