កម្ពុជា

លោក គួច ម៉េង​លី នៅ​តែ​មិន​សុំទោស​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា

លោក​គួច ម៉េងលី
លោក​គួច ម៉េងលី

នៅ​ថ្ងៃ​នេះ លោក គួច ម៉េងលី បាន​បដិសេធ​មិន​សុំ​ទោស​ជា​ថ្មី​ទៀត បន្ទាប់​ពីគណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បាន​ទាមទារ​ឲ្យ​លោក​ធ្វើការ​កែ​តម្រូវ និង​សុំទោស​ជា​សាធារណៈ​។ ​ ការ​មិន​សុំ​ទោស​នេះ ក៏​ព្រោះ​តែ​លោក​យល់​ថា ការ​អត្ថាធិប្បាយ​របស់​លោកដែល​រិះគន់​សេវា​សុខាភិបាល និង​គ្រួ​ពេទ្យ​ខ្វះ​សីលធម៌​ គឺ​ជា​ការ​​លើក​​ឡើង​របស់​ពលរដ្ឋ​ម្នាក់​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

លោក​គួច ម៉េងលី បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ ដែល​ស្នើ​អោយ​លោក​ធ្វើការ​កែ​តម្រូវ និង​សុំទោស​ជា​សាធារណៈ​ម្តង​ជា​ពីរ​ដង ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។ លោក​គួច ម៉េងលី​ និយាយ​ថា ការ​លើក​ឡើង​របស់​លោក គឺ​ជា​រឿង​តូច​តាច និង​ផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក បន្តថា វិស័យ​សុខាភិបាល​កម្ពុជា​ កំពុង​តែ​អភិវឌ្ឍ​ឈាន​ឡើង ហើយ​មាន​គ្រូពេទ្យ​ល្អ​ៗ​ជា​ច្រើន ដែល​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ជួប ​គឺ​ជា​សំណាង​អាក្រក់​របស់​លោក​តែ​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ដែរ លោក គួច ម៉េងលី បាន​ស្នើ​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​ទស្សនៈ​របស់​លោក កុំ​អោយ​ លាប​ពណ៌​បន្ថែម​ទៅ​លើ​វិស័យ​សុខាភិបាល ឬ​គ្រូពេទ្យ​ទាំង​មូល​ ដែល​នាំ​អោយ​មាន​ការ​បែក​បាក់​ក្នុង​សង្គម​ខ្មែរ។ លោក​បន្ត​ថា អ្នក​នយោបាយ​ក៏​គួរ​កុំ​ប្រើ​អត្ថាធិប្បាយ​របស់​លោក ដើម្បី​កេញ​ចំណេញ​នយោបាយ​នោះ​ដែរ។

សូម​រំលឹក​ថា លោក គួច ម៉េងលី ធ្លាប់​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ​ពេទ្យ​នៅ​ស្រុក​ខ្មែរ អាក្រក់ និង​គ្មាន​វិជ្ជាជីវៈ ជា​ដើម។ លោក​ថា​ក្នុង​ចំណោម​១០​នាក់​ដែល​លោក​បាន​ជួប មាន​៩នាក់​អាក្រក់​។ ​ការ​រិះគន់​នេះ​​បាន​ធ្វើ​ឲ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​មិន​សប្បាយ​ចិត្ត ហើយ​ធ្វើ​លិខិតស្នើ​ឲ្យ​លោក គួច ម៉េង​លី សុំ​ទោស​ជា​សាធារណៈ​។ ការ​ស្នើ​លើក​ទី១ ធ្វើ​ឡើង​នៅ​ថ្ងៃ ទី​១៤ ខែ​មករា និង​ការ​ស្នើ​លើក​ទី​២ ធ្វើ​ឡើ​ង នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៦។

ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​សង្គម បាន​អះអាង​ថា​ គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ខ្មែរ​នៅ​ទាប​បំផុត​បើ​ប្រៀបធៀប​នឹង​សេវា​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​សេវា​របស់​មន្ទីរពេទ្យ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI