កម្ពុជា

អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ដាក់​គុក ព្រោះ​បង្ហោះ​ព័ត៌មាន​រឿង​ចាប់​ក្មេង​វះយក​គ្រឿង​ក្នុង

ព័ត៌មានស្តីពីការចាប់ក្មេង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។
ព័ត៌មានស្តីពីការចាប់ក្មេង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ @FB

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​នៅក្នុង​ខេត្ត​តាកែវ ត្រូវបាន​តុលាការ​ខេត្ត​នេះ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហើយ​នៅក្នុង​ពន្ធនាគារ​កាល​ពី​ល្ងាច​មិញ​នេះ បន្ទាប់​ពី​គាត់​បាន​បង្ហោះ​ព័ត៌មាន​ថា មាន​ការ​ចាប់​ក្មេង​វះយក​គ្រឿង​ក្នុង​នៅក្នុង​ខេត្ត​តាកែវ។ នេះ​បើ​តាម​បញ្ជាក់​របស់​តុលាការ​ខេត្តតាកែវ​នៅ​ព្រឹក​នេះ។ ការ​ចាប់​ខ្លួនដាក់​ពន្ធនាគារ​នេះ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ក្រោយ​ពី​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវបាន​តុលាការ​ចាប់ឃុំ​ខ្លួនកាល​ពី​ថ្ងៃ​ទី​៣០ កក្កដា​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ថ្មី​នេះ មាន​ឈ្មោះ​ថា លី ឆៃយ៉ា អាយុ​៣០​ឆ្នាំ​ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះថា​«La chhaya»​។ គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃចន្ទ​ដើម​សប្តាហ៍​នេះ និង​បាន​ឃុំ​ខ្លួន​ក្នុងពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​ពីរ គឺ​បទ​ក្លែង​ព័ត៌មាន និង​បទ​ញុះញ៉ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍។ តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា បុរស​ម្នាក់​នេះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១ឆ្នាំ ទៅ២ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២លាន​រៀល ទៅ៤​លាន​រៀល​ចំពោះ​បទល្មើស​ក្លែង​ព័ត៌មាន។ រីឯ​បទល្មើស​ញុះញ៉ង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី៦ខែ ទៅ​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ១​លាន​រៀល ទៅ​៤​លានរៀល។

ជា​ការ​កត់​សម្គាល់ នេះ គឺ​ជា​ករណី​ទី​ពីរ​ហើយ​ដែល​ជាប់​គុក​ច្រវាក់​ដោយសារ​បង្ហោះ​ព័ត៌មាន​លើ​ហ្វេសប៊ុក​រឿង​ចាប់​ក្មេង​នេះ។ ករណី​ទីមួយ គឺ​បាន​កើត​ឡើង​នៅក្នុង​ខេត្ត​កំពង់​ធំ ដោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ត្រូវបាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ បន្ទាប់​ពី​គាត់​បាន​បង្ហោះ​លើ​ហ្វេស​ប៊ុក​ថា មាន​យួន​ចូលមក​ចាប់​ក្មេង​វះ​យកក្រលៀន​និង​ភ្នែក​បង្ក​ចលាចល​នៅក្នុង​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ។

ចំពោះ​រឿងរ៉ាវ​ទាំងនេះ អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ថា មក​ដល់​ពេល​នេះ មិន​មានករណី​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុង​ដូច​ការ​បំពុល​តាម​ហ្វេសប៊ុក​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ។ចំណែក​ក្រសួង​យុត្តិធម៌​កម្ពុជា​វិញ បាន​ព្រមាន​ថា តំណាង​អយ្យការ​ទូទាំង​ប្រទេស​កំពុង​បន្ត​តាមដាន​យ៉ាង​យក​ចិត្តទុក​ដាក់ ធ្វើ​ការ​ពិនិត្យ​ស្រាវជ្រាវ និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា​ដែលបង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច និង​ចលាចល​នៅក្នុង​សង្គម​ពាក់ព័ន្ធ​នឹង​ករណី​ថា​មាន​ការចាប់​ក្មេង​វះយក​គ្រឿង​ក្នុងនេះ។

ប្រឈម​មុខ​នឹង​ការ​បង្ហោះ​ព័ត៌មាន​ដែល​អាជ្ញាធរ​ចាត់ទុក​ថា​ជា​ការ​បំពុល​សង្គម​នេះ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន​ សែន កាល​ពី​ថ្ងៃអង្គារ៍​ក៏បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំងអស់​ឲ្យ​បញ្ឈប់​បំពុល​បរិយាកាស​សង្គម ដោយសារ​តែ​ការ​បង្ហោះព័ត៌មាន​នេះ​ទៀត។ លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​ទង្វើ​បង្ក​គ្រោះថ្នាក់​ដល់ជាតិ ដែល​គ្មាន​ទទួល​បាន​ផល​ចំណេញ​អ្វី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI