លោកគឹម សុខថា សុខចិត្តដើរចូលគុកដោយខ្លួនឯង បើលោកហ៊ុន សែនព្រមនឹងលក្ខខណ្ឌពីររបស់លោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការក្រុងភ្នំពេញ នៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ បានចេញដីកាបង្គាប់ឲ្យអាជ្ញាធរស្វែងរកចាប់ខ្លួន និងឃុំលោកគឹម សុខ ក្នុងសំណុំរឿងថ្មី ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកហ៊ុន សែន។ ភ្លាមៗ ពោល គឺនៅយប់ថ្ងៃចន្ទតែម្តង តាមរយៈសារតាមគណនីហ្វេសប៊ុក លោកគឹម សុខ ដែលកំពុងស្ថិតនៅក្រៅប្រទេស បានអះអាងថា លោកនឹងដើរចូលគុកដោយខ្លួនឯង ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ព្រមលើលក្ខខណ្ឌរបស់លោក២ចំណុចនោះ។
លក្ខខណ្ឌទាំងពីរចំណុច ដែលលោកគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដាក់ទៅលោក ហ៊ុន សែន ដែលជាដើមបណ្តឹងប្តឹងលោកនោះ គឺទីមួយ ត្រូវព្រមសន្យាការពារសុវត្ថិភាពកូនស្រីតូចរបស់លោក និងទី២ លោកនាយករដ្ឋមន្រ្តីត្រូវហ៊ានឡើងសវនាការ តតាំងគ្នាដោយផ្ទាល់ជាមួយលោក ក្នុងនាមជាដើមបណ្តឹង។ លោក គឹម សុខ អះអាងថា ប្រសិនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ព្រមជាមួយលោកនោះ គឺលោកសុខចិត្តដើរចូលពន្ធនាគារដោយខ្លួនឯងតែម្តង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ នេះថា មានចេតនាខាងនយោបាយ និងជារឿងដែលមិនអាចទៅរួចនោះទេ។ លោកបានគូសបញ្ជាក់ទៀតថា លោក គឹម សុខ ដែលជាចុងបណ្តឹងគ្មានសិទ្ធិដាក់លក្ខខណ្ឌលើដើមបណ្តឹងឡើយ ហើយរឿងនេះ គឺជារឿងផ្លូវច្បាប់ដែលវាអាស្រ័យទាំងស្រុងទៅលើតុលាការ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈដីកាចុះថ្ងៃទី ១៤កញ្ញា តែទើបផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ បានបង្គាប់ឲ្យអាជ្ញាធរស្វែងរកចាប់ខ្លួន និងឃុំខ្លួនលោកគឹម សុខ ដើម្បីរង់ចាំជំនុំជម្រះពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈទៅលើរដ្ឋាភិបាលកម្ពុជា។ ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ធ្វើឡើងក្រោយពីលោកគឹម សុខ មិនបានចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅកាលពីថ្ងៃ១៤ ខែកញ្ញាកន្លងទៅ។ លោក គឹម សុខ បានហៅចំណាត់ការរបស់តុលាការនេះថា បានធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
យ៉ាងណាក៏ដោយ នៅពេលនេះ អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួន លោក គឹម សុខ តាមដីកាបង្គាប់របស់តុលាការហើយ។ នេះបើតាមការបញ្ជាក់ពី លោក ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា។ ប៉ុន្តែបើតាមព័ត៌មាន លោក គឹម សុខ បានចាកចេញទៅក្រៅប្រទេស តាំងពីមុនមានដីកាកោះហៅគាត់ចូលតុលាការមកម្លេះ។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្តឹងទៅកាន់តុលាការ បន្ទាប់ពីលោក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដោយលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ហើយរកមុខឃាតករមិនឃើញ។ ប៉ុន្តែលោកគឹម សុខ ធ្លាប់បានបដិសេធថា លោកមិនបាននិយាយដូច្នោះទេ តែលោកបាននិយាយបែបនេះវិញថា ប្រព័ន្ធមួយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល វាបានបណ្តោយឲ្យមានការសម្លាប់មនុស្ស ហើយរកមុខឃាតករមិនឃើញ។ នេះបើតាមកិច្ចសម្ភាសរបស់លោក ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ