លោក គឹម សុខ និងកូនស្រីអាយុ៦ឆ្នាំ បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយពីប្រទេសហ្វាំងឡង់
ចុះផ្សាយនៅថ្ងៃ៖
លោក គឹម សុខ អ្នកវិភាគមិនសំចៃមាត់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសហ្វាំងឡង់ (Finland) កាលពីយប់ថ្ងៃទី ១១ តុលា បន្ទាប់ពីទទួលបានសិទ្ធិជ្រកកោនខាងផ្នែកនយោបាយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ លោក គឹម សុខ និងកូនស្រី បានបង្ខំចិត្តនិរទេសខ្លួនចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ បន្ទាប់ពីតុលាការក្រុងភ្នំពេញចេញដីការចាប់ខ្លួនលោក នៅតែប៉ុន្មានថ្ងៃក្រោយពីលោកចេញពីពន្ធនាគារ។
ដំណឹងនៃការចាកចេញរបស់លោក គឹម សុខ និងកូនស្រី បានបែកធ្លាយកាលពីយប់ថ្ងៃទី១១តុលា នៅពេលអ្នកវិភាគរូបនេះនិងកូនស្រី រៀបចំវ៉ាលីឡើងយន្តហោះពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសហ្វាំងឡង់ Finland។ ប្រទេសហ្វាំងឡង់ គឺជាប្រទេសទី៣ ដែលអ្នកវិភាគសង្គមនិងនយោបាយ រួមនឹងកូនស្រីអាយុ៦ឆ្នាំ បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយ តាមរយៈការជួយសម្របសម្រួលពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកខាងជនភៀសខ្លួន ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។
លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នកវិភាគសង្គមនិងនយោបាយមិនសំចៃមាត់ រួមជាមួយកូនស្រី បានបង្ខំចិត្តនិរទេសខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី៣០ខែសីហា បន្ទាប់ពីតុលាការក្រុងភ្នំពេញ ចេញដីការចាប់ខ្លួនលោកជាថ្មី នៅថ្ងៃទី១៤កញ្ញា ក្នុងសំណុំរឿង «បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ទៅលើរដ្ឋាភិបាលកម្ពុជា។ ពាក្យបណ្តឹងថ្មីនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោក គឹម សុខ ត្រូវបានដោះលែងពីពន្ធនាគារ កាលពីថ្ងៃទី១៧សីហា និងក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានព្រមានប្តឹងលោក គឹម សុខ ដាក់ពន្ធនាគារជាថ្មី ប្រសិនបើអ្នកវិភាគរូបនេះ មិនសងប្រាក់៨០០លានរៀល ឬ ស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ មកឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រឈមនឹងពាក្យបណ្តឹងថ្មីចុងក្រោយនោះ លោក គឹម សុខ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាជាមួយកូនស្រី ដើម្បីស្វែងរកសិទ្ធិជ្រកកោនខាងផ្នែកនយោបាយនៅក្នុងប្រទេសទី៣។
គួររំឭកជូនថា លោក គឹម សុខ បានជាប់ពន្ធនាគារអស់រយៈពេល១៨ខែ ដោយសារបណ្ដឹងរបស់រដ្ឋាភិបាលកម្ពុជា កាលពីខែកុម្ភៈឆ្នាំ២០១៧ ដោយសារលោកគឹម សុខ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានថា រដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ហើយរកមុខឃាតករមិនឃើញ។ ប៉ុន្តែលោកគឹម សុខ ធ្លាប់បានបដិសេធថា លោកមិនបាននិយាយដូច្នោះទេ តែលោកបាននិយាយបែបនេះវិញថា «ប្រព័ន្ធមួយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល វាបានបណ្តោយឲ្យមានការសម្លាប់មនុស្ស ហើយរកមុខឃាតករមិនឃើញ»។ ការលើកឡើងរបស់លោក គឹម សុខ ធ្វើឡើងបន្ទាប់ពីមានការបាញ់សម្លាប់អ្នកវិភាគល្បី គឺលោក កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ។
សូមបញ្ជាក់ដែរថា លោក គឹម សុខ និងកូនស្រី បានស្នាក់នៅក្នុងប្រទេសថៃអស់រយៈពេល១ខែ និង៣ថ្ងៃ មុនទទួលបានសិទ្ធិជ្រកកោណខាងផ្នែកនយោបាយពីប្រទេសហ្វាំងឡង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ