កម្ពុជា

១៣​ឆ្នាំ​នៃ​ការ​គ្រង​រាជ្យ៖ ហ្លួង​សីហមុនី ​បំពេញ​ព្រះ​រាជកិច្ចរស់​រវើក​​ក្នុង​វិស័យសង្គម​កិច្ច វប្បធម៌ និង​សិល្បៈ

ព្រះ​បាទសម្ដេច ព្រះ​បរមនាថ ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
ព្រះ​បាទសម្ដេច ព្រះ​បរមនាថ ​នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា រូបភាពឯកសារ

២៩​តុលា​២០០៤ - ២៩​តុលា​២០១៧​។ ថ្ងៃ​ទី​២៩​តុលា​នេះ គឺ​ជា​ខួប​គម្រប់​១៣​ឆ្នាំ​នៃ​ការ​យាង​​គ្រង​រាជ្យ​សម្បត្តិរបស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី​។ ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​កន្លង​មក​នេះ ហ្លួង សីហមុនី ត្រូវ​បាន​សាធារណៈ​មតិ​ទូទៅ​ទទួល​ស្គាល់​ថា បាន​បំពេញ​ព្រះ​រាជកិច្ច​ជា​ច្រើន​សម្រាប់​ជាតិ​និង​ប្រជារាស្ត្រ ជា​ពិសេស​ក្នុង​វិស័យ​សង្គម​កិច្ច វប្បធម៌ និង​សិល្បៈ​។

ផ្សាយពាណិជ្ជកម្ម

អស់​រយៈ​ពេល​១៣​ឆ្នាំ​នៃ​ការ​គ្រង​រាជ្យ​បល្ល័ង្គ ព្រះ​បាទ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​ប្រជារាស្ត្រ​កោត​សរសើរថា ជា​ព្រះ​មហាក្សត្រ​ដែល​បាន​បំពេញ​ព្រះ​រាជ​កិច្ច​សម្រាប់​ប្រជាជាតិ ប្រកប​ដោយ​ភាព​វិជ្ជមាន​​។ ព្រះ​រាជ​កិច្ច​សំខាន់​ៗ​របស់​ទ្រង់ ផ្ដោត​លើ​​​វិស័យ​ពិធីការ ការ​ទូត សង្គម​កិច្ច វប្បធម៌ និង​សិល្បៈ ដែល​ព្រះ​រាជ​សកម្មភាព​ទាំង​នេះ ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​ព្រះ​បិតា​របស់ទ្រង់ គឺ​ព្រះ​បរមរតនកោដ្ឋ ធ្លាប់​បាន​បំពេញ​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បណ្ឌិត​បញ្ញវ័ន្ត អ្នក​ប្រវត្តិសាស្ត្រ និង​ក្រុម​មន្ដ្រី​មួយ​ចំនួន កត់​សម្គាល់​ឃើញ​ថា ព្រះ​រាជ​សកម្មភាព​របស់​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន នៅ​មិន​ទាន់​អាច​ប្រៀប​ធៀប​ទៅ​នឹង​ព្រះ​រាជ​សកម្មភាព​របស់​ព្រះ​បិតា​ទ្រង់​បាន​នៅ​ឡើយ ដោយ​ចំពោះ​ព្រះ​រាជ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​សម្រប​សម្រួល​នយោបាយ​។ ចំពោះ​ពួក​គេ ព្រះ​រាជ​សកម្មភាព​ព្រះ​មហាក្សត្រ​ក្នុង​ការ​សម្រប​សម្រួល​នយោបាយ មាន​សារៈ​សំខាន់​ណាស់ ដើម្បី​ធានា​ឯកភាព​និង​និរន្ដរភាព​​ជាតិ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

ប្រសូត្រ នៅ​ថ្ងៃ​ទី​១៥​ខែឧសភា​ឆ្នាំ​១៩៥៣ ហ្លួង​សីហមុនី ​បាន​សិក្សា​នៅ​សាលា​ព្រះ​នរោត្តម និង​វិទ្យាល័យ​ដេ​កាត​ក្រុង​ភ្នំពេញ មុន​​យាង​​ទៅ​សិក្សា​នៅ​​​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី។ នៅ​ទីនោះ ព្រះអង្គ សិក្សា​ពី​សិល្បៈ​របាំ តន្ត្រី និង​ល្ខោន នៅ​បណ្ឌិត​សភា​មួយ​នា​ទីក្រុង​ប្រាគ ដោយ​ទទួលបាន​និទ្ទេស​ល្អ​គ្រប់មុខ​វិជ្ជា។

ជា​បន្តបន្ទាប់ ​ព្រះមហាក្សត្រ​សីហមុនី បាន​បំពេញ​​​​រាជកិច្ច​សំខាន់​ៗ​ដូចជា ធ្វើ​ជា​​ព្រះ​លេខា​ផ្ទាល់​ព្រះ​វររាជបិតា​សម្តេច​ឪ, សាស្ត្រ​ចា​រ្យ​ផ្នែក​របាំ​បុរាណ​នៅ​វិទ្យាស្ថាន​ធំៗ​ប្រទេស​បារាំង, ប្រធាន​សមាគម​របាំ​ខ្មែរ នៅ​ប្រទេស​បារាំង, ​ជា​អគ្គនាយក​និង​ជានាយកសិល្បៈ​នៃ​ក្រុម​របាំ​បា​លេ «DEVA»។ លើសពីនេះ ព្រះករុណា​ព្រះបរមនាថ​សីហមុនី ត្រូវ​បាន​តែង​តាំង​ជា​តំណាង​ជាន់​ខ្ពស់​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៩២។

ចាប់​ពី​ឆ្នាំ​​១៩៩៣ ដល់​ឆ្នាំ​២០០៣ ព្រះអង្គ ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​​ប្រចាំ​អង្គការ​UNESCO នៅ​ទី​ក្រុង​ប៉ារី​ស។ នៅ​ឆ្នាំ​២០០៤ ទ្រង់​​សីហមុនី បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​។ ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ បាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក ជ្រើស​តាំង​​ជា​ឯកច្ឆ័ន្ទ ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ជំនួស​បិតា របស់​ព្រះអង្គ ដែល​បាន​ដាក់​រាជ្យ​នៅ​ឆ្នាំ​២០០៤។

នៅ​ឆ្នាំ​២០១៦ អង្គការ​ពុទ្ធសាសនិក​កំពូល​បាន​ផ្ដល់​ព្រះ​គោរមងារ «ព្រះ​ស្រី​លោកធម្មិករាជ» ដល់​ព្រះ​ករុណា​ព្រះមហាក្សត្រ។ ជា​គោរមងារ​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​វិស័យ​ព្រះ​ពុទ្ធសាសនា​។ ក្រៅ​ពី​ព្រះ​កិត្តិយស​នេះ ហ្លួង​សីហមុនី​ ធ្លាប់​បាន​ទទួល​គ្រឿង​ឥស្សរិយយស​សំខាន់​ៗ​មួយ​ចំនួនទៀត​ដូច​ជា គ្រឿង​ឥស្សរិយយស​មន្ដ្រី​ធំ​នៃ​កង​ពល​កិត្តិយស ពី​ប្រទេស​បារាំង និង​មេដាយ​ប្រាក់​នៃ​ក្រុង​បារីស ពី​ប្រទេស​បារាំង​ ព្រម​ទាំង​គ្រឿង​ឥស្សរិយយស​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI