កម្ពុជា-នយោបាយ

ព្រះ​មហាក្សត្រ​សម្តែង​ក្តី​សង្ឃឹម​ចំពោះ​រដ្ឋ​សភា ក្នុង​ការ​បន្ត​ដោះ​ស្រាយ​បញ្ហា ដើម្បី​ធានា​បាន​នូវ​សន្តិភាព​ និងស្ថិរភាព​នយោបាយ

ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។
ព្រះមហាក្សត្រខ្មែរ ព្រះ​បរម​នាថ​នរោត្តម សីហមុនី កាលពីពេលកន្លងទៅ។ @rfi/ siv channa

នៅ​ចំពេល ដែល​រដ្ឋស​ភា​កម្ពុជា​​បាន​បើក​សម័យ​​ប្រជុំ​​លើក​ទី៨ នៅ​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​កម្ពុជា​បាន​ផ្ញើ​ព្រះ​រាជសារ​ជូន​រដ្ឋសភា ដោយ​ព្រះ​អង្គ​ទ្រង់​បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋ​សភា​នឹង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង ដោះ​ស្រាយ​បញ្ហាប្រឈម​ចំពោះ​មុខ បន្ត​ទៀត ដើម្បី​ធានា​បាន​នូវ​សង្គម​កម្ពុជា​មួយ ប្រកប​ដោយ​ភាព​សុខ​ដុម​រមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​។ អ្នក​តាម​ដាន​សង្គម​លើក​ឡើង​ថា នេះ​ជា​​លើក​ទី២​ហើយ ដែល​ព្រះ​មហាក្សត្រ​កម្ពុជា​បង្ហាញ​សារ ជា​គន្លឹះ​សំខាន់​ៗ ចំពោះ​បញ្ហា​ ដែល​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​។

ផ្សាយពាណិជ្ជកម្ម

 

ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​សម្តែង​ក្តី​សង្ឃឹម​ថា រដ្ឋ​សភា​ជា​តំណាង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល នឹង​បន្ត​ខិត​ខំ​ប្រឹង​ប្រែង ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ បន្ត​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ ទិស​ដៅ​រួម​ជា​ជំហាន​ៗ ធានា​បាន​នូវ​សង្គម​កម្ពុជា​មួយ ប្រកប​ដោយភាព​សុខ​ដុមរមនា មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សង្គម។

ព្រះរាជសារ​របស់​ព្រះ​មហាក្សត្រ ដែល​អាន​ដោយ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៅ​ក្នុង​រដ្ឋ​សភា នា​ថ្ងៃ​ទី០៧ ខែ​មេសា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​សីលធម៌ គឺ​ការ​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីកចម្រើន យូរ​អង្វែង។

ការ​បង្ហាញ​ក្តី​សង្ឃឹម​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួនសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ​។ គណ​បក្ស​នយោបាយប្រមាណ​១២​គណបក្ស នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ខណៈ​បក្ស​ប្រឆាំង​កំពុង​តែ​មាន​រឿងចម្រូង​ចម្រាស​រវាង​ក្រសួង​មហា​ផ្ទៃ​ជុំវិញ​សមាសភាព​អនុ​ប្រធាន​គណបក្ស​។  

លោក​បណ្ឌិត​មាស នី អ្នក​តាម​ដាន​សង្គម​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​នេះ គឺ​ជា​លើក​ទី​២​ហើយ ដែល​ព្រះ​មហាក្សត្រ​កម្ពុជា បាន​បង្ហាញ​សារ ជា​គន្លឹះ​សំខាន់​ៗចំ​ពោះ​បញ្ហា​ដែល​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​។ លោក​បន្ថែម​ថា​ សារ​របស់​ព្រះ​មហាក្សត្រ​នៅ​ពេល​នេះ​ហាក់​ដូច​ជា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ដែរ ចំពោះ​ស្ថានការណ៍ និង​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​។ លោក​បញ្ជាក់​ថា​ព្រះ​មហាក្សត្រ​ហាក់​ដូច​ជា​កំពុង​ចាប់​ផ្តើមបំពេញ​តួនាទី​របស់​ព្រះ​អង្គ ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

គួរ​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា នេះ​រដ្ឋ​សភា​កម្ពុជា​បាន​បើក​សម័យ​ប្រជុំ​របស់​ខ្លួន​លើក​ទី៨ ដោយ​បានលើក​យក​របៀប​វារៈ​មួយ​ចំនួន​មក​ពិភាក្សា និង​អនុ​ម័ត។ ក្នុង​ចំណោម​របៀបវារៈ​ទាំង​នោះ ក៏​មាន​របៀបវារៈ ពីការ​អនុម័ត​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រី​រាជការ និង​ការ​ប្រកាស​ទទួល​ស្គាល់លោក​ជា វ៉ាន់ដេត ជា​តំណាង​រាស្ត្រ​ថ្មី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ ជំនួស​លោក​សុខ អាន ដែល​បាន​ទទួល​មរណភាព​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI