ព្រះមហាក្សត្រខ្មែរទទួលព្រះគោរមងាជាពុទ្ធសាសនិកខ្ពស់បំផុត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការពុទ្ធសាសនិកកំពូលបានផ្តល់ព្រះបរមងាថ្នាក់ខ្ពស់បំផុតក្នុងវិស័យពុទ្ធសាសនាដល់ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថនរោត្តមសីហមុនី។ ពិធីប្រគល់នេះ គឺធ្វើឡើងនៅព្រះរាជវាំងក្នុងទីក្រុងភ្នំពេញដោយមានការចូលរួមពីព្រះសង្ឃខ្មែរ ជប៉ុន សិង្ហបូរី និងម៉ុងហ្គោលី រួមទាំងពលរដ្ឋប្រមាណ៣ម៉ឺននាក់នឹងអង្គ។
ព្រះមហាក្សត្រកម្ពុជា គឺជាមហាក្សត្រ មានគុណធម៌ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក។ នេះគឺជាអត្ថន័យនៃព្រះបរមងាដែលអង្គការពុទ្ធសាសនិកកំពូលបានផ្តល់ដល់ព្រះមហាក្សត្រខ្មែរ។ គោរមងាដែលមានន័យថា ព្រះស្រីលោកធម្មិករាជ។
ពិធីនៃការផ្តល់គោរមងានេះ គឺធ្វើឡើងនៅរាជវាំងទីក្រុងភ្នំពេញដោយមានការចូលរួមពីពលរដ្ឋសាមញ្ញ មន្ត្រីរាជការ និងព្រះសង្ឃខ្មែរប្រមាណជាង៣ម៉ឺននាក់ និងអង្គរួមទាំងព្រះសង្ឃតំណាង៣ប្រទេសជាច្រើននាក់ ដោយបែងចែកជា៥៤ផែន។ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅក្រោយពិធីរាប់បាត្រនៅមុខព្រះបរមរាជវាំងថា ការផ្តល់ព្រះគោរមងានេះ គឺជាបញ្ជាក់ថា ព្រះមហាក្សត្រ គឺជាពុទ្ធសាសនូបត្ថម្ភដ៏ធំមួយលើសកលលោក។ បើតាមអ្នកនាំពាក្យរូបនេះ គោរមងាផ្នែកពុទ្ធសាសនានេះ ត្រូវបានសម្រេចផ្តល់ក្រោយពេលដែលព្រះមហាក្សត្រកម្ពុជាបានឈាងទៅចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំកំពូលរបស់ពុទ្ធសាសនានៅទីក្រុងកូបិ ប្រទេសជប៉ុនកាលពីថ្ងៃទី៨ មេសា ២០១៥ ។
ព្រះរាជពិធីនេះ បានចាប់ផ្តើមនៅម៉ោងប្រមាណ៨ព្រឹក ដោយពិធីរំលឹកវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជាវៀតណាម សួនវត្តបុទមវតី និងបន្តមកព្រះបរមរាជវាំង ដោយមានការដង្ហែក្បួន ពីសំណាក់យុវជន កងទ័ពត្រែ និងក្បួនកងទ័ពឯកសណ្ឋានអាវក្រហម ខោខៀវកាន់ទង់ជ័យផងដែរ។
ក្នុងពិធីនេះ ក៏មានវត្តមានសម្តេចសង្ឃទាំងពីរគណៈរបស់កម្ពុជា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ អានសង្ឃដីការ នៅមុខព្រះមហាក្សត្រកម្ពុជា តំណាងព្រះសង្ឃទាំងបីប្រទេសបានឡើងថ្លែងរំលឹកពីវីរៈភាព របស់ព្រះមហាក្សត្របច្ចុប្បន្ន និងអតីតព្រះមហាក្សត្រ សម្តេចឪនរោត្តមសីហនុ ដែលបានចូលរួមក្នុងសកម្មភាពព្រះពុទ្ធសាសនា។ ថ្លែងនៅក្នុងព្រះរាជរាំង ព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជឱងការបញ្ជាក់ថា ការអនុវត្តព្រះពុទ្ធសាសនាគឺកិច្ចការងារសំខាន់ដែលព្រះមហាក្សត្រខ្មែរស្ទើរគ្រប់ព្រះអង្គបានអនុវត្តប្រតិបត្តិតាមតរៀងមក។
ការប្រគល់ព្រះគោរមងាកិត្តិយសដល់ព្រះមហាក្សត្រកម្ពុជា ជាព្រះស្រីលោកធម្មិករាជនេះ
សន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោក បានបញ្ជាក់ថា គឺជាគោរមងាដែលតំណាងឱ្យប្រទេសជាព្រះពុទ្ធសាសនិកចំនួន៤១ និងមានអ្នកប្រតិបត្តិប្រមាណជាង៦១០លាននាក់លើសកលលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ