ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា ស៊ីម ថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ មុនីនាថ សីហនុ បានយាងទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១០មិថុនានេះ ដែលជាថ្ងៃទី២នៃពិធីបុណ្យសពជាផ្លូវការ។ បន្ទាប់ពីព្រះមហាក្សត្រនៅមានស្ថាប័នជាតិកំពូលៗទៀត ដែលបានទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា ស៊ីម ក្នុងនោះរួមមានស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ និងសម្តេចម៉ែ មុនីនាថ សីហនុ បានស្តេចយាងទៅដល់ភូមិគ្រឹះរបស់លោក ជា ស៊ីម ស្ថិតនៅបុរីចំការមន នៅប្រមាណជាម៉ោង៩:៣០នាទីព្រឹកថ្ងៃទី១០មិថុនានេះ ដោយមានការរងចាំទទួលស្វាគមន៍ព្រះវត្តមានពីលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ព្រះមហាក្សត្រ និងសម្តេចម៉ែ បានស្តេចយាងលើកំរាលព្រំឆ្ពោះទៅក្នុងមហារោង អមដោយសំលេងភ្លេងត្រែទ័ព ក្នុងព្រះភ័ក្រ្តស្រពោនដែលបង្ហាញពីក្តីទុក្ខសោកជាពុនពេក។
ក្រោយពីគោរពវិញ្ញាណក្ខន្ធសព លោក ជា ស៊ីម ហើយ ព្រះករុណា ព្រះមហាក្សត្រនិងសម្តេចម៉ែ បានស្តេចយាងសួរសុខទុក្ខកូនចៅសព និងគណៈប្រតិភូ ដែលឈរអមព្រះរាជដំណើរយាងចេញរបស់ព្រះមហាក្សត្រ។ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ មុនីនាថ សីហនុ បានស្តេចយាងទៅកាន់ព្រះបរមរាជវាំងវិញ នៅប្រមាណជាម៉ោង៩:៥០នាទីព្រឹកថ្ងៃដដែលនេះ។
លោក ស ខេង បានបដិសេធមិនឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតនោះទេ ក្រោយពីការយាងចាកចេញរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ។ ក្រៅពីលោក ស ខេង គេឃើញមានវត្តមានរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប ដូចជា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់, លោកយឹម ឆៃលី, និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានជាដើម។
ពិធីបុណ្យសពលោក ជា ស៊ីម គិតត្រឹមថ្ងៃទី១០មិថុនានេះ គឺជាថ្ងៃទី២ហើយ នៃពិធីបុណ្យផ្លូវការ គិតចាប់ពីថ្ងៃទី៩មិថុនាមក។ រដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៩មិថុនាជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក៏ជាថ្ងៃបូជាសពលោក ជា ស៊ីម នៅលើសួនច្បារមុខវត្តបុទុមវត្តីក្នុងរាជធានីភ្នំពេញ ដែលនៅទីនោះក៏ធ្លាប់ជាទីកន្លែងបូជាសពភរិយារបស់លោកផងដែរកាលពីខែកក្កដាឆ្នាំ២០០៩។ លោក ជា ស៊ីម បានទទួលមរណភាពកាលពីថ្ងៃទី៨មិថុនា ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។ ក្រៅពីព្រះមហាក្សត្រនិងសម្តេចម៉ែ ដែលយាងទៅគោរពវិញ្ញាណក្ខន្ធរបស់សពលោក ជា ស៊ីម នៅព្រឹកនេះ ក៏មាន គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយលោក សាយ ឈុំ គណៈប្រតិភូរដ្ឋសភាដឹកនាំដោយលោក ហេង សំរិន និងគណៈប្រតិភូរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងក្រសួងស្ថាប័នរដ្ឋទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា ស៊ីម ជាបន្តបន្ទាប់ផងដែរ។
បើតាមគំរោង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏នឹងដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា ស៊ីម នៅព្រឹកថ្ងៃទី១១មិថុនាស្អែកនេះដែរ បន្ទាប់ពីលោកបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅព្រឹកមិញនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ