អាជ្ញាធរខេត្តកោះកុងកំពុងតបណ្ដាញទឹកពីខេត្តត្រាតរបស់ថៃ
អាជ្ញាធរខេត្តកោះកំពុងសហការជាមួយអាជ្ញាធរខេត្តត្រាតរបស់ថៃ ក្នុងការតបណ្ដាញទឹកពីថៃយកមកផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។សកម្មភាពតបណ្ដាញនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃម្សិលមិញថា អាជ្ញាធរខេត្តត្រា បានសម្រេចផ្តល់ទឹកជូនពលរដ្ឋនៅខេត្តកោះកុង ប្រើប្រាស់ អំឡុងពេលពួកគេកំពុងខ្វះខាត។
ចុះផ្សាយនៅថ្ងៃ៖
អាជ្ញាធរខេត្តកោះកុងបានសន្និដ្ឋានថា ការប្រើប្រាស់ទឹកដែលទិញពីថៃទំនងជាបានប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរនៃខែមេសា ខណៈអាជ្ញាធរនៃប្រទេសទាំងពីរកំពុងញាប់ដៃញាប់ជើងនៅក្នុងការតបណ្ដាញទឹក។
លោក សុខ សុធី អ្នកនាំពាក្យសាលាខេត្តកោះកុងបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះថា កង្វះទឹកប្រើប្រាស់នេះមិនមែនកើតមានក្នុងខេត្តកោះកុងទាំងមូលឡើយ ពោលគឺប្រឈមសម្រាប់តែពលរដ្ឋរស់នៅ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលមានពលរដ្ឋរស់នៅប្រមាណជាជិត២ម៉ឺននាក់។ ប៉ុន្តែយ៉ាងណាមិញគិតមកពេលនេះ ក្រុងនិងស្រុកទាំងពីរ នៅមានទឹកប្រើប្រាស់នៅឡើយទេ ប៉ុន្តែការទិញទឹកពីថៃនេះ បម្រុងទុកប្រើប្រាស់នៅខែមេសាខាងមុខ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការផ្គត់ផ្គង់ទឹកនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា អាចប្រើប្រាស់បានក្នុងរយៈពេល១ខែទៀតប៉ុណ្ណោះ ប៉ុន្តែជារឿងល្អនៅពេលដែលខេត្តត្រាតរបស់ថៃជួយផ្គត់ផ្គង់ទឹក។
បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិងសិប្បកម្មបានឲ្យដឹងដែរថា ដើម្បីចូលរួមដោះស្រាយបញ្ហាខ្វះទឹកគឺ ដំណោះស្រាយពេលអនាគត ក្រសួងកំពុងធ្វើការស្រាវជ្រាវស្វែងរកការទិញម៉ាស៊ីនដែលមានសមត្ថភាពច្នៃទឹកសមុទ្រឲ្យទៅជាទឹកសាប។
គិតមកដល់ពេលនេះ មានខេត្តចំនួន១១កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះខេត្តបាត់ដំបង កំពង់ធំ កោះកុង និងខេត្តព្រះសីហនុ ប្រឈមធ្ងន់ធ្ងរជាងគេ។ ក្រៅពីនោះស្រូវប្រជាពលរដ្ឋជាងមួយពាន់ហិកតារងការខូចខាត ប៉ុន្តែការកើនឡើងកម្ដៅនៅកម្ពុជាមិនបណ្ដា លឲ្យប្រជាពលរដ្ឋរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនោះទេ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ជាការកត់សម្គាល់ កង្វះទឹកប្រើប្រាស់នៅឆ្នាំ២០១៩នេះ ត្រូវបានគេទាញភ្ជាប់នឹងស្ថានភាពដូចគ្នាកាលពីឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ខេត្តចំនួន៧ ប្រឈមនឹងកង្វះទឹកដោយរួមមាន៖ ខេត្តកែប កំពត កំពង់ស្ពឺជាដើម។
តាមការព្យាកររបស់ ក្រសួងធនធានទឹក គឺនៅអំឡុងខែមីនាមេសានិងឧសភានេះ អាកាសធាតុក្តៅហួតហែងជាខ្លាំង ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដែលនាំឲ្យសមានគ្រោះរាំងស្ងួត ។ ក្នុងនោះសីតុណ្ហភាពឡើងទៅដល់ក្នុងរង្វង់ ៤០អង្សាសេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ