រដ្ឋបាលក្រុងកោះរ៉ុង ដំណើរការផ្លូវការជាមួយនឹងការរំពឹងថានឹងមានសេវាចាំបាច់ដល់ប្រជាជនដូចជាដីគោកដែរ
រដ្ឋបាលក្រុងកោះរ៉ុងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃពុធម្សិលមិញ ដោយមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់មួយ ក្រោមការចូលរួមពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន។ ការប្រកាសពីដំណើរការនៃរដ្ឋបាលដីកោះ របស់ខេត្តព្រះសីហនុនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការបង្កើតក្រុងកោះរ៉ុងនេះ កាលពីខែមករាឆ្នាំ២០១៩កន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖
ក្រោមអធិបតីលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុងត្រូវបានដាក់ឲ្យដំណើរការដូចជាខេត្តក្រុងដទៃទៀតដែរ ដែលដីកោះទំហំជាង១ម៉ឺនហិចតានេះ ត្រូវបានដឹកនាំដោយលោកអភិបាល នួន ប៊ុនថុល អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ និងលោក អ៊ួន នីត ត្រូវបានជាប់ជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង។
នៅក្នុងឱកាសនោះ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានណែនាំឲ្យគណៈអភិបាលក្រុងកោះរ៉ុងទាំងអស់ ក្នុងមានអភិបាល ក្រុមប្រឹក្សា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រួបរួមសាមគ្គីគ្នា ខិតខំបំពេញតួនាទីជាមន្ត្រី ប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ផងខ្លួន។
សូមបញ្ជាក់ថា ក្រុងកោះរ៉ុង ដែលមានចំងាយជាង៣០គីឡូម៉ែត្រពីដីគោកខេត្តព្រះសីហនុ រួមមានសង្កាត់ចំនួន២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ចែកចេញជា៥ភូមិ និងមានប្រជាជនរស់នៅប្រមាណជិត១ពាន់គ្រួសារ។ កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយត្រូវកាត់យកសង្កាត់ចំនួន២ ពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ហើយទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងកោះរ៉ុងសន្លឹម។
មន្ត្រីអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ មិនបានលើកឡើងពីអ្វីដែលជាការបារម្ភទេ សម្រាប់ការគ្រប់គ្រងរដ្ឋបាលមួយត្រឹមត្រូវនាពេលនេះ ផ្ទុយទៅវិញ ការដែលមានរដ្ឋបាលក្រុងកោះរ៉ុងនេះ នឹងជួយឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ មានសេវាអប់រំ សេវាសុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈច្បាស់លាស់ ដូចជាអ្វីដែលមាននៅរដ្ឋបាលដីគោកដូច្នេះដែរ។
សូមបញ្ជាក់ដែរថា ក្រុងកោះរ៉ុងគឺជាតំបន់ទេសចរណ៍មួយប្រកបដោយសក្តានុពល ដោយសារមានឆ្នេរខ្សាច់ស្អាត មានទឹកសមុទ្រថ្លាឈ្វេងគួរឱ្យចង់ហែលលេងកម្សាន្ត ហើយកោះនេះគ្របដណ្ដប់ទៅដោយព្រៃឈើបៃតងនិងមានបរិយាកាសល្អខ្យល់អាកាសបរិសុទ្ធ ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍បរទេស និងក្នុងស្រុកយ៉ាងច្រើនផងដែរទៅកំសាន្តនៅទីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ