កម្ពុជា-បោះឆ្នោត

អាជ្ញាធរ​ស្រុក​កោះធំ ​ឃាត់​ទុក​​អត្តសញ្ញាណ​បណ្ណ ​៤៩​ច្បាប់​ សង្ស័យ​មិន​មែន​ខ្មែរ​

អាជ្ញាធរស្រុកកោះធំ ខេត្ត​កណ្តាល ដកហូត​អត្តសញ្ញាណបណ្ណ​មួយចំនួន​ដែលសង្ស័យ​មិនមែនខ្មែរ។
អាជ្ញាធរស្រុកកោះធំ ខេត្ត​កណ្តាល ដកហូត​អត្តសញ្ញាណបណ្ណ​មួយចំនួន​ដែលសង្ស័យ​មិនមែនខ្មែរ។ @Facebook

ខណៈ​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា ក្រសួង​​មហា​​ផ្ទៃ​​ បាន​​ជំរុញ ​និង​​ពន្លឿន​​​ការ​​​ធ្វើ​​អត្ត​សញ្ញាណ​បណ្ណ ​សៀវភៅ​គ្រួសារ​ជូន​ប្រជាពលរដ្ឋ​ ហើយ​​សម្រុក​​ចុះ​​ធ្វើ​ និង​​ចែក​ទាំង​​យប់​​ទាំង​​ថ្ងៃ​ ដើម្បី​ ឲ្យ​​ប្រជាពលរដ្ឋ យក​​ទៅ​​ប្រើប្រាស់​​សម្រាប់​ចុះ​​ឈ្មោះ​បោះឆ្នោត នៅ​​ស្រុក​​កោះ​ធំ ​ខេត្ត​​កណ្តាល​ឯ​​នោះ​​វិញ ​អាជ្ញាធរ​​មូលដ្ឋាន​​ បាន​សម្រេច​​ដក​ហូត​​ទុក​​​ជា​​បណ្តោះ​​អាសន្ន​​ អត្ត​សញ្ញាណ​​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី ចំនួន ៤៩​ច្បាប់ ព្រោះ​​សង្ស័យ​​​ឈ្មោះ​​ទាំង​​នោះ​​មិន​​មាន​​​ សញ្ជាតិ​ច្បាស់​​លាស់។ 

ផ្សាយពាណិជ្ជកម្ម

អធិការ​ស្រុក​កោះធំ លោក ឈឿន ប៊ុនឆន បាន​ថ្លែង​ប្រាប់​វិទ្យុបារំាង​អន្តរជាតិ នៅ​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ចនគរបាល​ស្រុក​កោះធំ បាន​ដក​ហូត​ទុក​ជា​បណ្តោះ​អាសន្ន អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី ចំនួន ៤៩​ច្បាប់ បន្ទាប់​ពី​អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា ឈ្មោះ​ក្នុង​អត្តសញ្ញាណ​​បណ្ណ​មិនមែន​ជា​ជនជាតិ​ខ្មែរ​ពិត​ប្រាកដ។ លោកបាន​បន្ថែម​ថា សមត្ថកិច្ច​​​នឹង​​ជំរុញ​​ពន្លឿន​​ការ​អង្កេត​ស្រាវជ្រាវ​អោយ​ឆាប់​ចប់ជា​ស្ថាពរ មុន​ពេល​សម្រេច​ប្រគល់​អត្តសញ្ញាណ​បណ្ណ​អោយ​ទៅ​ពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​វិញ។ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​​ស្រុក​កោះធំ នៅ​ថ្ងៃ​ទី​ ៧ កញ្ញានេះ បាន​ធ្វើ​របាយការណ៍​សរុប​មួយ ផ្ញើ​ជូន​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដើម្បីសម្រេច។

លោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ស្មារតី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ របស់​នគរបាល​ស្រុក​កោះធំ តែ​លោក​ស្នើ​អោយអាជ្ញាធរបន្ត​ស្រាវជ្រាវរក​មុខ​អ្នក​ចេញ​អត្តសញ្ញាណ​បណ្ណដោយ​ខុស​ច្បាប់​នោះ​បន្ថែម​ទៀត​។ លោក អេង ឆៃអ៊ាង លើក​ឡើង​ថា អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ មានភាព​មិន​ប្រក្រតី​ជាច្រើន រួម​ទាំងមាន​ជន​បរទេស អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ ដោយ​សារមាន​អត្តសញ្ញាណ​បណ្ណ សញ្ជាតិ​ខ្មែរ​ផង​ដែរ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាថ្លែង​ថា ការ​ចេញ​លិខិត​អត្រា​នុកូល​ដ្ឋាន ជាដើម​ចម​នៃភាព​មិន​ប្រក្រតី​ក្នុង​ការ​ធ្វើ​អត្តញ្ញាណ​បណ្ណ​​សញ្ជាតិ​​​ខ្មែរ ព្រោះ​មន្រ្តី​អត្ត​សញ្ញាណ​កម្ម គ្រាន់​តែផ្ទៀង​ផ្ទាត់ឯក​សារ សំបុត្រ​កំណើត និង​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ ដើម្បី​ចុះ​ឈ្មោះ​ផ្តល់​អត្តសញ្ញាណ​បណ្ណ ដោយ​មិន​បាន​ពិនិត្យ​សំនៀង​ភាសា​ខ្មែរ​ឡើយ​។ លោក​បាន​បន្ថែម​ថា ករណី​នេះ ចាំ​បាច់​ត្រូវ​តែ​មាន​ការ​សើបអង្កេត​អោយ​បាន​ម៉ត់ចត់តាម​នីតិវិធី ដោយ​ផ្តើម​ចេញ​ពីការ​ពិនិត្យ​ជា​ប្រព័ន្ធទៅលើ​ឃុំ​សង្កាត់ ដែល​ពលរដ្ឋទទួល​បាន​លិខិត​អត្រានុកូលដ្ឋាន ប្រវត្តិ​គ្រួសារ និង​សំនៀង​ភាសា​ខ្មែរ​ជា​ដើម​។

គួរ​ជម្រាប​ថា តាម​ផែនការ​របស់​ក្រសួង​មហា​ផ្ទៃ ពលរដ្ឋ​ខ្មែរ​ ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង​ទៅ​ អាច​មក​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គម្រូ​ថ្មី​បាន​ មាន​ចំនួន​ប្រមាណ​ជាង ១០​លាន​៩​សែន​នាក់​ ខណៈ​ពលរដ្ឋខ្មែរ អាយុ​ចាប់​ពី ១៨ឆ្នាំ មាន​ប្រមាណ ៩​លាន​៦​សែន​នាក់​ តែ​ការ​ចេញ​អត្តសញ្ញាណ​បណ្ណ​មក​ទល់​នឹង​ចុង​ខែសីហា ២០១៦​ពេល​នេះ ក្រសួង​មហាផ្ទៃ បាន​បោះពុម្ព​ត្រឹម​តែ​ជាង ៨​លាន​៩​សែន​សន្លឹក​ប៉ុណ្ណោះ​។ ​អត្តសញ្ញាណបណ្ណ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ យក​ទៅ​ប្រើប្រាស់​ដើម្បី​បញ្ជាក់​ពី​សញ្ជាតិខ្មែរ ជា​ឯកសារ​គតិយុត្តិ​សម្រាប់​ប្រើប្រាស់​ក្នុងជីវភាព​ប្រចាំ​ថ្ងៃ និង​យក​ទៅ​បោះឆ្នោត​ជា​ដើម​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI