ក្រុមមេធាវីស្នើសុំតុលាការមើលចម្លើយរបស់លោកគង់ គាំ ដែលធ្វើជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខា
ចុះផ្សាយនៅថ្ងៃ៖
ក្រុមមេធាវីរបស់លោកកឹម សុខា បានស្នើសុំផ្ទាល់មាត់ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីថតចម្លងនូវចម្លើយរបស់លោកគង់ គាំ ដែលត្រូវបានតុលាការកោះហៅទៅបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខាកាលខែមុន។ ក៏ប៉ុន្តែមកដល់ពេលនេះ តុលាការនៅមិនទាន់ផ្តល់ឯកសារឱ្យតាមការស្នើសុំនេះនៅឡើយទេ។
លោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា មកដល់ពេលនេះ តុលាការបានផ្តល់ឱ្យក្រុមមេធាវីនូវឯកសារថតចម្លងផ្សេងៗនៅក្នុងសំណុំរឿងលោកកឹម សុខា។ ប៉ុន្តែការថតចម្លងនូវចម្លើយបំភ្លឺរបស់លោកគង់ គាំ ដែលជាសាក្ស៊ីចុងក្រោយមិនទាន់ត្រូវបានតុលាការផ្តល់ឱ្យក្រុមមេធាវីនៅឡើយ។ លោកស្រីម៉េង សុភារី មិនបានបញ្ជាក់ឱ្យដឹងពីមូលហេតុដែលតុលាការមិនទាន់ប្រគល់ឯកសារថតចម្លងនេះនោះទេ។
លោកគង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺក្នុងសំណុំរឿងលោកកឹម សុខា ក្នុងនាមជាសាក្ស៊ីកាលពីថ្ងៃទី ២៣ ខែមករា កន្លងទៅនេះ។ លោកគង់ គាំ បានអះអាងថា លោកមិនបានឆ្លើយដាក់បន្ទុក ឫដកបន្ទុកលើលោកកឹម សុខាទេ គឺលោកនិយាយប្រាប់តុលាការទៅតាមអ្វីដែលលោកបានដឹងពីលោកកឹម សុខា ដោយមិនបានបំភ្លៃ បំផ្លើស ឬមួលបង្កាច់អ្វីឡើយ។ ក្នុងនាមជាសាក្សីនេះ លោកគង់ គាំ បញ្ជាក់ទៀតថា លោកទៅបំភ្លឺនេះ គឺ ដើម្បីឱ្យចៅក្រម និងតុលាការមានព័ត៌មានគ្រប់គ្រាន់ផ្តល់យុត្តិធម៌ឱ្យអ្នកត្រូវចោទប្រកាន់។
បើទោះបីជាយ៉ាងណាក៏ដោយ ក្រុមមេធាវីលោកកឹម សុខា ចង់ដឹងឱ្យប្រាកដ ថាតើលោកគង់ គាំ បានឆ្លើយបំភ្លឺយ៉ាងដូចម្តេចខ្លះ។ លោកស្រីមេធាវី ម៉េង សុភារី បានសង្កត់ធ្ងន់ថា ការដឹងពីចម្លើយរបស់សាក្ស៊ី និងឯកសារពាក់ព័ន្ធនឹងសំណុំរឿងផ្សេងៗ គឺជារឿងសំខាន់។ សំខាន់ គឺដើម្បីឱ្យក្រុមមេធាវីបានដឹង បានសិក្សាស្វែងយល់ពីឯកសារពាក់ព័ន្ធទាំងនោះ ដើម្បីត្រៀមការពារ និងរកយុត្តិធម៌ជូនលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។
គិតមកពេលនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញនៅតែបន្តដំណើរការនីតីវិធីស៊ើបអង្កេតលើលោកកឹម សុខា ។ លោកកឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស។ បច្ចប្បន្ន លោកកំពុងត្រូវបានតុលាការឃុំខ្លួននៅក្នុងគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក ដោយមិនអនុញ្ញាតធ្វើសកម្មភាពនយោបាយណាមួយឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ