កម្ពុជា-នយោបាយ

លោក​ គង់ គាំ៖«បើ​សង្គ្រោះ​ជាតិ​ឈ្នះ​នឹង​ធ្វើ​ច្បាប់​ដាក់​នាយក​រដ្ឋមន្ត្រី​ចាស់ ជា​នាយក​រដ្ឋមន្ត្រី​កិត្តិយស និង​សរសេរ​ប្រវត្តិសាស្ត្រ​រួម​គ្នា»

លោក គង់ គាំ ឧត្តម​​ទីប្រឹក្សា​​គណបក្ស​​សង្គ្រោះ​​ជាតិ។
លោក គង់ គាំ ឧត្តម​​ទីប្រឹក្សា​​គណបក្ស​​សង្គ្រោះ​​ជាតិ។ រូបថត៖ គង់ គាំ

លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា​គេ​គួរ​តែ​ធ្វើ​ច្បាប់​មួយ​ដាក់​នាយក​រដ្ឋមន្ត្រី​ចាស់ ជា​នាយក​រដ្ឋមន្ត្រី​កិត្តិយស និង​សរសេរ​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ការ​លើក​ឡើង​របស់​លោក គង់ គាំ ដូច្នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​ចូល​រួម​ពិធី​សូត្រ​មន្ត បង្សុកូល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​បាត់​បង់​ជីវិត ថ្ងៃ ៥-៦ កក្កដា ១៩៩៧ គម្រប់​២០​ឆ្នាំ នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អតីត​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ីនប៊ិច ដែល​មាន​ការ​ចូល​រួម​ពី​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ផង​នោះ លោក គង់ គាំ បាន​ថ្លែង​តាម​រយៈ​ក្បាល​មេក្រូ​ថា ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​មែន​តាម​រយៈ​ការ​បោះ​ឆ្នោត​សកល ក្នុង​នាម​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ច្បាប់​ឲ្យ​នាយក​ចាស់​ជា​នាយក​រដ្ឋមន្ត្រី កិត្តិយស ដូច​ជា​ករណី​អតីត​នាយក​រដ្ឋមន្ត្រី លី ក្វាន់យូ នៃ​ប្រទេស សឹង្ហបុរី​ដូច្នោះ​ដែរ។

ការ​លើក​ឡើង​បែប​នេះ លោក គង់ គាំ យល់​ថា​ជា​មធ្យោបាយ​បញ្ចប់​អំពើ​ហិង្សា និង​ចៀស​វាង​បាន​នូវ​ការ​សង​សឹក​គ្នា តាម​ដក​ធ្មេញ​គ្នា និង​ខ្វេះ​ភ្នែក​គ្នា​រក​ទី​បំផុត​គ្មាន ព្រម​ទាំង​ឧទ្ទិស​ការ​ជួប​ជុំ​នេះ​ជា​ទិវា​បញ្ចប់​សង្គ្រាម​ពិត​ប្រាកដ​នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ លោក គង់ គាំ ក៏​បាន​លើក​ឡើង​ដែរ​ថា នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រវត្តិសាស្ត្រ ដោយ​អ្នក​ឈ្នះ​សរសេរ​ប្រវត្តិសាស្ត្រ​ផ្សេង ហើយ​អ្នក​ចាញ់​សរសេរ​ប្រវត្តិសាស្ត្រ​ផ្សឹង។

បើ​តាម​ឧត្តម​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ការ​សរសេរ​ប្រវត្តិសាស្ត្រ​គួរ​តែ​អ្នក​ឈ្នះ​និង​អ្នក​ចាញ់​អង្គុយ​សរសេរ​ប្រវត្តិសាស្ត្រ​រួម​គ្នា។​

ក៏​ប៉ុន្តែ​បញ្ហា​ប្រវត្តិសាស្ត្រ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បាន​លើក​ឡើង​ជា​ច្រើន​ដង​ហើយ​នៅ​ក្នុង​ពិធី​ជា​សាធារណៈ​ថា «មាន​តែ​អ្នក​ឈ្នះ​ប៉ុណ្ណោះ ដែល​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ»។ ទោះ​យ៉ាង​ណា​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ត្រូវ​គេ​សង្កេត​ឃើញ​ថា​បាន​សរសរ​ឡើង​ដោយ​អ្នក​គ្រប់​គ្រង​អំណាច ដូច​ជា​អំឡុង​ពេល​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ អ្នក​សរសេរ​ប្រវត្តិសាស្ត្រ គឺ​របប​សង្គម​រាស្ត្រ​និយម។ ហើយ​ចាប់​ពី​សម័យ​កាល​តស៊ូ​ផ្តួល​រំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត រហូត​មក​ដល់​បច្ចុប្បន្ន​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​សព្វ​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI