តុលាការសម្រេចចោទប្រកាន់យុវជន គង់ រៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ក្រោយការសាកសួររយៈពេលពីរថ្ងៃ
តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១១ កក្កដា នេះ បានសម្រេចចោទប្រកាន់យុវជនឈ្មោះ គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី ១០ កក្កដា នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១១ កក្កដានេះ។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស អាជ្ញាធរទីក្រុងភ្នំពេញ និងបានទាមទារឲ្យដោះលែងយុវជនទាំងពីរនាក់ជាបន្ទាន់។
ចុះផ្សាយនៅថ្ងៃ៖
លោក រៀល សុភិន ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីយុវជនរូបនេះ បានបោះពុម្ពអាវយឺត ដែលមានភ្ជាប់នូវពាក្យស្លោករបស់លោកបណ្ឌិត កែម ឡី នៅមុនខួប៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយនិងសង្គមរូបនេះ។ បើតាមលោក រៀល សុភិន យុវជន គង់ រ៉ៃយ៉ា នឹងត្រូវបញ្ជូនខ្លួនបន្ត ទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីរបស់តុលាការ។
គួរជំរាបជូនថា យុវជន គង់ រ៉ៃយ៉ា រួមជាមួយភរិយានិងបងប្អូនពីរនាក់ទៀត ត្រូវបានអាជ្ញាធរក្រុងភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានបោះពុម្ព ទ្រឹស្ដី របស់លោកបណ្ឌិត កែម ឡី នៅលើអាវយឺតពណ៌ខ្មៅ និងស ដែលសមត្ថកិច្ចកម្ពុជាចាត់ទុកថា មានខ្លឹមសារញុះញង់ដោយភ្ជាប់នឹងថ្ងៃមរណភាពរបស់លោកបណ្ឌិត កែម ឡី និង ដើម្បីវាយប្រហារទៅលើរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែក្រោយមក ភរិយា និងបងប្អូនពីរនាក់របស់យុវជនរូបនេះ ត្រូវបានដោះលែងវិញ។
ចំណែកយុវជនម្នាក់ទៀតឈ្មោះ សួង នាគព័ន្ធ ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីថ្ងៃទី ១០កក្កដា ក៏នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១១ ខែកក្កដានេះ បន្ទាប់ពីមានការចោទប្រកាន់ថា បានប្រឆាំងនឹងការហាមឃាត់របស់អាជ្ញាធរក្រុងភ្នំពេញ ដើម្បីដឹកនាំមនុស្សទៅគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅហាងស្តារម៉ាតកាល់តិច ស្តុបបូកគោ។
យ៉ាងណាក៏ដោយ ជុំវិញការចាប់ខ្លួន និងចោទប្រកាន់លើយុវជន ដែលមានភក្តីភាពចំពោះលោកបណ្ឌិត កែម ឡី ទាំងពីរនាក់ខាងលើនេះ អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៦នោះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងយុវជនទាំងពីរនាក់នេះជាបន្ទាន់និងឥតលក្ខណ្ឌ។ បើតាមសេចក្តីថ្លែងការណ៍ យុវជន គង់ រ៉ៃយ៉ា គ្រាន់តែប្រកាសលក់អាវយឺត ដែលមានរូបលោកបណ្ឌិត កែម ឡី លើបណ្តាញសង្គមហ្វេសបុកប៉ុណ្ណោះ។ ចំណែកឯយុវជន សួង នាគព័ន្ធ វិញ គ្រាន់តែចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅទីតាំងនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ អតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អាជ្ញាធរទីក្រុងភ្នំពេញ ធ្វើការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ដើម្បីវែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយឃាតករ យកមកផ្តន្ទាទោសតាមច្បាប់ ជាជាងប្រើប្រាស់កម្លាំង ដើម្បីរារាំង និងបង្រ្កាបក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋអ្នកស្រលាញ់គាំទ្រលោកបណ្ឌិត កែម ឡី។
សូមបញ្ជាក់ដែរថា យុវជនឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែម្តងរួចមកហើយ កាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជនរូបនេះ បានអំពាវនាវឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមរយៈបណ្ដាញសង្គម ហ្វេសបុក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ