កម្ពុជា-កូរ៉េ ចាប់ផ្តើមដំណើរការសិក្សាស្តីពីលទ្ធភាព ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា
កម្ពុជា និងកូរ៉េខាងត្បូង នៅថ្ងៃទី២៥ខែវិច្ឆិកានេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង បន្ទាប់ពីក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរជាបន្តបន្ទាប់លើនីតិវិធីចរចា។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងជំនួបទ្វេភាគីរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើសុំឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
យោងតាមបណ្តាញហ្វេសប៊ុកផ្លូវការក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងជាការពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញថាការស្វះស្វែងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយប្រទេសកូរ៉េ គឺជាច្រកថ្មីមួយ ដើម្បីការពារប្រព័ន្ធអនុគ្រោះរួមពីអឺរ៉ុប (EBA) ដែលនឹងត្រូវបញ្ចប់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាបានកើនលើសពីប្រទេសក្រីក្រ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ កាលពីឆ្នាំ២០១៨ កន្លងទៅ មានទំហំប្រមាណ ៧៥០លានដុល្លា ដោយកើនឡើងប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ កៅស៊ូធម្មជាតិ។ល។ ដោយឡែក ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ជាដើម។
សូមរំលឹកដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីកូរ៉េ ម៊ូន ចេអ៊ីន នៅកម្ពុជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានាធិបតីកូរ៉េ បានឯកភាពលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងបានណែនាំឲ្យ មានការសិក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ