អានតួអត្ថបទ
កម្ពុជា-អប់រំ

ក្រសួង​អប់រំ​ នឹង​បើក​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ចាប់​ពី​មធ្យម​សិក្សា​ដល់​មហាវិទ្យាល័យ​ឆ្នាំ​មូលដ្ឋាន​!

ក្រសួង​​​អប់រំ​ នឹង​​​បើក​​​បង្រៀន​​​ប្រវត្តិសាស្ត្រ​​​ខ្មែរ​​​ក្រហម ចាប់​​​​ពី​​​មធ្យម​​​សិក្សា​​​ដល់​​​មហាវិទ្យាល័យ​​​ឆ្នាំ​​​មូលដ្ឋាន​​
ក្រសួង​​​អប់រំ​ នឹង​​​បើក​​​បង្រៀន​​​ប្រវត្តិសាស្ត្រ​​​ខ្មែរ​​​ក្រហម ចាប់​​​​ពី​​​មធ្យម​​​សិក្សា​​​ដល់​​​មហាវិទ្យាល័យ​​​ឆ្នាំ​​​មូលដ្ឋាន​​ RFI/Bona Pen
ដោយ៖ ហេង ឧត្តម
១៦ នាទី

ថ្មីៗ​នេះ ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​ ដើម្បី​បង្រៀន​ពី ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ សម្រាប់​គ្រូ​មធ្យម​សិក្សា គរុនិស្សិត និង​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ ថ្នាក់​ឆ្នាំ​មូលដ្ឋាន។ គម្រោង​នេះ​ មាន​រយៈពេល​ ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០១៨ ដល់​ទៅ​ ២០២២។​ ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នេះ គឺ​ក្នុង​គោល​ដៅ​បង្កើន​ការ​គិត​ស៊ី​ជម្រៅ​ពី​ការ​កសាង​សន្តិភាព និង ការ​ផ្សះផ្សា​គ្នា​ក្នុង​សង្គម​ខ្មែរ​។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ ៥​ឆ្នាំ​ទៅ​មុខ​ទៀត ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​សហការ​គ្នា ផ្តល់​ការ​អប់រំ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​១៩៧៩។​ នេះ​គឺ​ជា​ការ​បណ្តុះ​បណ្តាល​សម្រាប់​គ្រូ​បង្រៀន​គ្រប់​សាលា​មធ្យម​សិក្សា មណ្ឌមណ្ឌល​គរុកោសល្យ​ ទាំង​៦​ភូមិ​ភាគ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​មហាវិទ្យាល័យ​ ទាំង​រដ្ឋ​និង​ឯកជន ថ្នាក់​ឆ្នាំ​មូលដ្ឋាន ទាំង​អស់​។ សូម​ជ្រាប​ថា កន្លង​មក គឺ​មាន​ការ​បំប៉ន​គ្រូ​បង្រៀន​ ចំនួន​ជាង​ ២​ពាន់​ ៨​រយ នាក់​រួច​មក​ហើយ។

ចំពោះ​ការ​អនុវត្ត​គម្រោង​បន្ត​ទៀត​នេះ​ គឺ​នឹង​មាន​ការ​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ថ្នាក់​មធ្យមសិក្សា​បន្ថែម ចាប់​ពី​ថ្នាក់​ទី​ ៧​ឡើង​ទៅ​, រៀប​ចំ​ការ​ជួប​ជុំ​ជជែក​ពិភាក្សា​គ្រូ​ឧទេស​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត, ពង្រឹង​សមត្ថភាព​គ្រូ​ចំពោះ​ការ​ស្រាវជ្រាវ ចងក្រង និង​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

ក្រៅ​ពី​នេះ គឺ​មាន​នឹង​មាន​ការ​បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ការ​ចែក​សៀវភៅជា​ក្រដាស និង​ជាទម្រង់​ Digital ដែល​កន្លង​មក គឺ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចែក​ផ្សាយ​អស់​ជាង​កន្លះ​លាន​ច្បាប់​រួច​មក​ហើយ។​ ក៏​នឹង​មាន​ដែរ ការ​ដាក់​បដា​តាម​សាលា​រៀនពន្យល់​ពី​ការ​ផ្សះផ្សា និង​បង្ការ​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​, ធ្វើ​វេទិកា​ជជែក​គ្នា​តាម​ថ្នាក់​រៀន និង​ប្រមូល​ចង​ក្រង​សាច់​រឿង​ស្តី​ពី​ខ្មែរ​ក្រហម​ នៅ​តាម​ភូមិ។ ជាមួយ​គ្នា វេទិកា​សាធារណៈ ស្តី​ពី​ការ​ចង​ចាំ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ក៏​នឹង​ត្រូវ​រៀប​ចំ​ នៅ​តាម​សហគមន៍​ដាច់​ស្រយាល ពិសេស​ក្នុង​ដែនដី​ ជា​តំបន់​ចុង​ក្រោយ​របស់​ខ្មែរ​ក្រហម។

ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ពន្យល់​ថា សកម្មភាព​ទាំងអស់​នេះ គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​រវាង​សាលារៀន​និង​សហគមន៍ ហើយ​ភ្ជាប់​ទំនាក់​ទំនង​ពី​អ្នក​កើត​មុន និង​កើត​ក្រោយ​របប​ខ្មែរ​ក្រហម ដែល​នេះ គឺ​ជា​វិធីសាស្ត្រ​ព្យាបាល​របួស​ផ្លូវចិត្ត​មួយ​ផង​ដែរ សម្រាប់​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។​

ក្រសួង​អប់រំ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សង្ឃឹម​ថា គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​សិស្ស​និស្សិត​ក្នុង​ទូទាំង​ប្រទេស​ ទទួល​បាន​ចំណេះ​ដឹង​ និង​ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ កាន់​តែ​សុក្រឹត។ ទន្ទឹម​នេះ គឺ​អប់រំ​បណ្តុះ​ឥរិយា​បថ​យុវជន​ជាន់​ក្រោយ ឲ្យ​ពួក​គេ​មាន​ការ​អត់​ឱន យោគ​យល់​ អធ្យាស្រ័យ​គ្នា និង​ចេះ​ផ្សះ​ផ្សា​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ