ក្រសួងដែនដីបញ្ជូនមន្ត្រីទៅដោះស្រាយបញ្ហាដីធ្លីនៅក្រចេះ
នៅទីបំផុត ពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ បានត្រឡប់ទៅផ្ទះវិញហើយ គិតត្រឹមថ្ងៃទី២៥តុលានេះ។ ដំណើរត្រឡប់ទៅវិញរបស់ពលរដ្ឋជាច្រើនរយនាក់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា បញ្ជូនមន្ត្រីពីក្រសួង១៩នាក់ទៅដោះស្រាយផ្ទាល់បញ្ហារបស់ពួកគាត់ នៅនឹងកន្លែងតែម្ដង។ តំណាងពលរដ្ឋ សង្ឃឹមថា បទបញ្ជាលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងមិនធ្វើឲ្យគាត់ខកបំណង និងត្រឡប់មកភ្នំពេញជាថ្មីឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ការឯកភាពក្នុងការបញ្ជូនមន្ត្រីទៅដោះស្រាយវិវាទដីធ្លីនេះ ធ្វើឡើងរវាងប្រជាពលរដ្ឋរស់នៅស្រុកស្នួលខេត្តក្រចេះ និងរដ្ឋមន្ត្រីក្រសួងដែនដីលោក ជា សុផារ៉ា ក្នុងជំនួប កាលពីថ្ងៃទី២៤តុលា គ្រាដែលប្រជាពលរដ្ឋជាច្រើននាក់លើកគ្នាមកតវ៉ានៅក្រសួងដែនដីបន្ទាប់ពីពួកគាត់ស្នាក់ភ្នំពេញអស់រយៈបីថ្ងៃមកហើយ។
បើតាមក្រសួងដែនដី វិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានប្រគល់ទៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ ២ធ្នូស្រុកស្នួល នេះគឺពលរដ្ឋខ្លួនឯងក៏បានរួមចំណែកនៅក្នុងទំនាស់ជិត៤ឆ្នាំនេះដែរ។ ការរួមចំណែកធ្វើឡើងតាមរយៈការចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ ដែលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនចំការកៅស៊ូមេមត់រួចទៅហើយ។ នេះក៏ដោយសារតែពលរដ្ឋខ្វះដីបង្កបង្កើនផល។
ទន្ទឹមនឹងនេះ តំណាងប្រជាពលរដ្ឋ ក៏បានទទួលស្គាល់ចំពោះការលើកឡើងរបស់ក្រសួងដែនដីផងដែរ។ លោក ភិន ភា តំណាងប្រជាពលរដ្ឋ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៥តុលានេះថា ទាំងប្រជាជន និងអាជ្ញាធរគឺមានកំហុសដូចគ្នា។ សម្រាប់ប្រជាពលរដ្ឋ អាជ្ញាធរបានតែសន្យាមិនព្រមពន្លឿនការដោះស្រាយ ខណៈពលរដ្ឋវិញ ត្រូវបានអាជ្ញាធរលើកឡើងថា ជឿលើការញុះញង់ច្រើនជាងស្ដាប់ហេតុផល។
លោក ភិន ភា តំណាងប្រជាពលរដ្ឋអះអាងថា ពលរដ្ឋក្នុងមួយគ្រួសារគ្រាន់ចង់បានដីចាស់ ដែលធ្លាប់អំណោយផលក្នុងការបង្កបង្កើនផលត្រឡប់មកវិញ ក្នុងទំហំដីជាង២ហិកតា។ ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងសេចក្ដីសម្រេចរបស់ក្រសួងដែនដី គឺប្រជាពលរដ្ឋត្រូវយល់ព្រមទទួលយកដីតាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្តក្រចេះ។ បន្ថែមលើនេះពលរដ្ឋត្រូវសហការជាមួយអាជ្ញាធរទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ដែលមានបញ្ហាជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់នេះបានរស់នៅលើទំហំដីជិត៨ពាន់ហិកតា។ កន្លងមកវិវាទនេះ កាលពីដើមឆ្នាំ២០១៨ ប្រជាពលរដ្ឋរងគ្រោះដោយជម្លោះដីធ្លី បានប្រមូលផ្ដុំគ្នាបិទផ្លូវតវ៉ា បណ្ដាលឲ្យមានការប៉ះទង្គិចជាមួយសមត្ថកិច្ច ដែលមានប្រើប្រាស់អាវុធទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ