ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្មករ​សំណង់ ប្រឈម​នឹងគ្រោះថ្នាក់​ច្រើន​​ជាង​កម្មករ​រោង​ចក្រ​កាត់​ដេរ!

សំឡេង ០៥:៣៥
គេ​អាច​មើល​ឃើញថា កម្មករ​ក្នុង​វិស័យ​​សំណង់ គឺប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាង!​ ពេល​ខ្លះ​ កម្មករ​សំណង់​​ អាច​ឈាន​ដល់​បាត់​បង់​ជីវិត​ផង​!
គេ​អាច​មើល​ឃើញថា កម្មករ​ក្នុង​វិស័យ​​សំណង់ គឺប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាង!​ ពេល​ខ្លះ​ កម្មករ​សំណង់​​ អាច​ឈាន​ដល់​បាត់​បង់​ជីវិត​ផង​! RFI/keo chhaya

វិស័យ​​សំណង់ និង​វិស័យ​​កាត់​ដេរ សុទ្ធតែ​ជាផ្នែក​សំខាន់​នៃ​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិដូច​គ្នា​។ កម្មករ​ក្នុងវិស័យ​ទាំងពីរ​នេះ សុទ្ធតែមាន​ចំនួន​ជាង​រាប់​សិប​ម៉ឺន​នាក់​ឡើង​ទៅ។ ក៏ប៉ុន្តែបើ​ប្រៀប​ធៀប​ពី​ស្ថានភាព​កម្មករ​ក្នុង​វិស័យ​ពីរ​ទាំងនេះ​វិញ​ គឺ​គេ​អាច​មើល​ឃើញថា កម្មករ​ក្នុង​វិស័យ​​សំណង់ គឺប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាង!​ ពេល​ខ្លះ​ កម្មករ​សំណង់​​ អាច​ឈាន​ដល់​បាត់​បង់​ជីវិត​ផង​!​ ប៉ុន្តែ​ពួក​គេ​​ទទួល​បាន​អត្ថបទប្រយោជន៍​តិច​តួច​ជាង​កម្មករ​រោង​ចក្រ​កាត់​ដេរ។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

ជា​ដំបូង ​បើ​ពិនិត្យ​មើល​ពីប្រាក់ឈ្នួល​របស់​កម្មករ​សំណង់​និង​កម្មករ​កាត់ដេរ ហើយ​បើ​គេ​មើល​ត្រឹម​ពី​សំបក​ខាង​ក្រៅ គឺ​អាច​ឃើញថា ប្រាក់​ឈ្នួល​កម្មករ​សំណង់​ គិត​ជា​ថ្ងៃ ​គឺមាន​ចំនួន​ច្រើន​​​ជាង​កម្មករ​កាត់ដេរមែន។ ​កម្មករ​សំណង់​ដែល​ជំនាញ​ខ្លះ អាច​រក​បានក្នុង​មួយ​ថ្ងៃ​ពី​៣ម៉ឺន​ទៅ​៥ម៉ឺនរៀល​​ឯណោះ​​​។​ ប៉ុន្តែ​បើ​សរុប​ជាមធ្យមភាគ​​ប្រចាំខែ​វិញ គឺ​កម្មករ​កាត់​ដេរ​បានប្រាក់​ខែ​​ច្រើន​ជាង។ ច្រើន​ជាងព្រោះថា កម្មករ​សំណង់​ធ្វើ​ការ​មិន​ជាប់​លាប់​ពេញៗ​មួយ​ខែៗដូច​កម្មករ​រោង​ចក្រ​កាត់​ដេរទេ ព្រោះ​​កម្មករ​សំណង់​ភាគ​ច្រើន ធ្វើការ​ដោយ​ស៊ី​ប្រាក់​ប្រចាំថ្ងៃ តាម​កន្លែង​ម៉ៅការ​នានា។ ខុស​ពី​កម្មករ​កាត់​ដេរ​ ដែល​ធ្វើការ​មាន​ម៉ោង​មាន​ពេល​ និងមាន​ការ​ងារ​ធ្វើ​ពេញៗ​មួយ​ខែៗ ហើយ​បួក​រួម​ការងារ​និង​ប្រាក់​​ថែម​ម៉ោង​ទៅ​ទៀត។

បើ​និយាយ​ពី​ការងារ​វិញ ​ផ្នែក​សំណង់ គឺត្រូវ​ធ្វើការ​​ធ្ងន់​ធ្ងរ​ជាង ប្រើ​កម្លាំង​ច្រើន​ជាង និង​ប្រឈម​មុខនឹងគ្រោះ​ថ្នាក់ច្រើន​​ជាងកម្មករ​រោងចក្រ​កាត់​ដេរ​។​ ពេល​ខ្លះ​ កម្មករ​សំណង់​​ អាច​​ឈាន​ដល់គ្រោះថ្នាក់​បាត់​បង់​ជីវិត​ផងក៏មាន​។ ជាក់ស្តែង​ ដូច​ដែល​គេ​ធ្លាប់​ឃើញ​ស្រាប់​ហើយថា​មាន​កម្មករ​សំណង់​ស្លាប់ជា​ញឹក​ញយ​ ​ដោយសារ​តែ​ធ្លាក់​ពីលើ​អគារ ឆក់​ខ្សែភ្លើង និង​រងគ្រោះ​របួស​ក្នុង​ការងារ ព្រ​ម​ទាំង​ការ​ធ្លាក់សម្ភារៈ​ ថ្ម ដែក ​ឬ​ឈើ លើ​កម្មករ​​ជា​ដើម។ មើលទៅ ដើម្បី​រស់ ពួក​គេ​ធ្វើការ​ទាំង​ប្រថុយ​ប្រថាន ប្រៀប​បាន​នឹង​​ធ្វើការ​មួយថ្ងៃៗ ដោយ​យក​ជីវិត​ទៅ​ប្តូរ​​ដូច្នោះដែរ​! ទាំងនេះ គឺ​ខុសគ្នា​ច្រើន​ពី​កម្មកររោង​ចក្រ​​កាត់​ដេរ ដែល​គ្រោះថ្នាក់​ខ្លាំងល្មម ភាគ​ច្រើន​ អាច​ដល់​ត្រឹម​សន្លប់​តែ​ប៉ុណ្ណោះ​។

ថ្លែងពី​កន្លែងស្នាក់​នៅ បើ​ទោះបី​ជា​កម្មករ​កាត់​ដេរ រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​វេទនា ជួល​ផ្ទះ​គេនៅ​​តូច​ចង្អៀត​ ខ្វះ​អនាម័យ​ ​រស់​នៅ​ជុំគ្នា​ និង​មាន​គ្នា​ច្រើន​ក្តីក៏​ពិត​មែន​ តែ​ពួក​គេ​អាច​មាន​ដំបូល​ជ្រក​សមល្មម​ អាច​ជ្រក​ភ្លៀង​ជ្រកថ្ងៃ​បាន​​​ដែរ។ ក៏ប៉ុន្តែ​កម្មករ​ក្នុង​វិស័​យ​សំណង់​វិញ ភាគ​ច្រើន គឺ​ពួក​គេ​​ត្រូវ​ទទួល​ទាន​ដំណេក​នៅតាម​​ការដ្ឋាន ក្រោម​តង់​កៅស៊ូ ឬគ្មាន​ទី​កន្លែងស្រួល​បួល​ប៉ុន្មានទេ។ កម្មករ​សំណង់​ខ្លះ ត្រូវរស់​តាម​ការដ្ឋាន​ ដោយ​​ផ្លាស់ទី​តាម​ការងារជានិច្ច ព្រោះ​ថាជាការងារ​​បែប​​ម៉ៅការ​។ លើកលែង​តែ​ការដ្ឋាន​​របស់​ក្រុមហ៊ុន​ធំ​ៗ​ដែលត្រូវ​ធ្វើ​រាប់​ខែ​ឆ្នាំ​ ទើប​​គេអាច​នៅ​មួយ​កន្លែង​បាន​យូរ​បន្តិច​។

បើ​សង្កត់​ធ្ងន់​ទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ​ ទាំង​លក្ខខណ្ឌ​ការងារ និង​ប្រាក់​រង្វាន់​ រួម​នឹងប្រាក់​អត្ថប្រយោជន៍​ផ្សេងៗជា​ដើម កម្មករ​រោង​ចក្រ​កាត់​ដេរ បាន​ទទួល​ច្រើន​និង​គួរ​សម​ជាង​កម្មករ​សំណង់។​ កម្មករ​សំណង់​ គឺ​ស៊ីប្រាក់ប្រចាំ​​ថ្ងៃ បើ​ឈឺឬរវល់​ ​អត់បាន​ទៅធ្វើការ ក៏​អត់​ប្រាក់​ប្រចាំថ្ងៃដែរ​ ហើយ​បើ​ធ្វើការថ្ងៃ​​សៅរ៍អាទិត្យ ក៏​គិត​តែ​មួយ​ថ្ងៃដូចគ្នា​នឹង​​​ថ្ងៃ​ធម្មតា​ដែរ​ ហើយ​​មិនមាន​ការ​ឈប់សម្រាក​​ត្រឹមត្រូវ​ ដូច​កម្មករ​រោង​ចក្រ​កាត់​ដេរ​នោះទេ។​

ងាក​ទៅ​មើល​​ពី​ការ​យក​ចិត្តទុកដាក់វិញ ក្នុង​វិស័យ​វាយ​នភណ្ឌកាត់​ដេរ ដោយសារ​តែ​កម្មករ​មានគ្នា​ច្រើន​ជាង ច្រើន​ដល់ទៅជាង​៧០ម៉ឺននាក់​ ធ្វើ​ឲ្យ​ពួក​គេ​មាន​​​សហជីព​ច្រើន​ជាងដែរ គឺ​ដល់​ទៅ​ជាង​២ពាន់​សហជីព​ឯណោះ​។ ​ក្រុម​សហជីព​ដែល​ខ្លាំង​និង​សកម្ម​​មួយ​ចំនួន បាន​និង​កំពុង​តែ​​ដើរ​តួ​សំខាន់​ ក្នុងការ​ទាមទារ​សិទ្ធិ​កម្មករ និង​ចរចា​ដំឡើង​ប្រាក់​ខែ​របស់​ក្រុម​កម្មករ​កាត់​ដេរ ជា​រៀង​រាល់​ឆ្នាំ​​។ ហើយ​ដោយ​សារតែ​វិស័យវាយ​នភណ្ឌកាត់​ដេរ ជា​ឆ្អឹង​ខ្នង​សំខាន់​របស់​សេដ្ឋកិច្ច​ជាតិ និង​សំខាន់​ក្នុង​វិស័យ​នាំចេញផងនោះ ទាំង​ស្ថាប័ន​រដ្ឋ​និង​ក្រុម​សង្គម​ស៊ីវិល បាន​ចូលរួម​ជំរុញ​ការ​យក​ចិត្ត​ដាក់​ខ្លាំង​ក្នុង​វិស័យ​នេះ។ ចំណែក​វិស័យ​​សំណង់វិញ កម្មករ​មាន​គ្នាក៏​​តិច ​តែ​ប្រមាណ​ជិត​៣០ម៉ឺន​នាក់ ហើយ​សហជីព​ក៏កាន់តែ​តិចតួច​ទៅទៀត ដែល​ប្រហែល​តែ​៤ឬ​៥ ហើយ​សហជីព​​ដែល​សកម្ម​និងខ្លាំង​ក្លានោះ គឺមានតែ​១ ឬ​២​ប៉ុណ្ណោះ​។ ងាក​ទៅមើល​ការ​យក​ចិត្ត​ទុក​ដាក់ពី​​ស្ថាប័ន​ពាក់​ព័ន្ធ​ វិស័យ​សំណង់​គឺ​ដូចជា​មិន​សូវ​មានការ​យក​ចិត្តទុក​ដាក់​ឲ្យ​ផុស​ផុល​ប៉ុន្មាន​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​​វិស័យ​កាត់​ដេរ​។

ដូ​ច្នេះ ជា​ដំណោះស្រាយ ​ក្រសួង​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ ត្រូវតែ​​ឲ្យ​ឧស្សាហ៍​ចុះ​អធិការ​ត្រួត​ពិនិត្យ​ការដ្ឋាន​ និង​ដាក់​វិធានការ​តឹង​រឹង​ដល់​ក្រុម​ហ៊ុន​សំណង់ ​ឲ្យ​បំពាក់សម្ភារៈសុវត្ថិភាព​ដល់​កម្មករ ដើម្បីការពារ​​អាយុជីវិត​របស់​ពួក​គេ​។

លើសពីនេះ គឺ​​ត្រូវជួយ​ពង្រឹងតម្លៃ​ប្រាក់​ឈ្នួលឲ្យមាន​​ស្តង់​ដារ​មួយ​ត្រឹមត្រូវ​ ដោយ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ជាក់​លាក់​ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៅកែ និង​អ្នក​ម៉ៅ​ការ​សំណង់ទាំង​ឡាយ​ យល់ថា​​ ការងារ​នេះ​មិនត្រូវ​​គិតប្រកាន់​​ភេទប្រុស​ឬ​ស្រី​នោះឡើយ។​ ស្ត្រីកម្មករ​សំណង់​ក៏ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ស្មើ​នឹង​កម្មករ​បុរស​ដែរ​​ ព្រោះថា​​ បើ​តាម​ច្បាប់​ ការងារ​​ដូចគ្នា គឺត្រូវ​បាន​ប្រាក់​ស្មើ​គ្នា។

ចំណែក​ក្រុម​កម្មករ​សំណង់​​ខ្លួនឯង ក៏ត្រូវតែ​​ចេះ​ក្រោកឈរ ​និង​ប្រមូល​គ្នាចងក្រងជា​សហជីព​ ដើម្បី​ធ្វើ​សកម្មភាព​ទាមទារ​សិទ្ធិកម្មករ​ក្នុង​វិស័យ​របស់​ខ្លួន។ គេត្រូវតែ​យល់ថា​ កាលណា​ពួក​គេ​មាន​គ្នា​ច្រើន កម្លាំង​កាន់តែ​ធំ និង​មាន​ជា​សហជីព​ត្រឹមត្រូវទៀត​នោះ​ ទឹក​មាត់​របស់​ពួក​គេ​គឺ​ប្រៃ​ជាង​ធម្មតា ក្នុង​ការ​ចរចា​ជាមួយ​ថៅកែ និងអ្នក​ម៉ៅការ​។

រីឯ​​សហជីព​ក្នុង​វិស័យ​សំណង់​ដែល​កំពុងតែ​មាន​តិច​តួច​ស្រាប់​នេះ គឺត្រូវតែសហការគ្នា ហើយ​ត្រូវ​ជួយ​ពង្រឹង​និង​ពង្រីក​សកម្មភាពឲ្យ​ច្រើន​និង​ខ្លាំង​ជាងមុន​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​​ដល់​កម្មករ​សំណង់​ក្រីក្រ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI