កម្ពុជា

ក្រសួង​ការងារ៖ ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៧ អាច​នឹង​កំណត់​ដោយ​ការ​បោះឆ្នោត​

ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧ អាចនឹងកំណត់ដោយការបោះឆ្នោត
ប្រាក់ឈ្នួលកម្មករឆ្នាំ២០១៧ អាចនឹងកំណត់ដោយការបោះឆ្នោត

មិន​ទាន់​មាន​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៧ រួម​គ្នា​ឡើយ បន្ទាប់​ពី​កិច្ច​ប្រជុំ​ត្រី​ភាគី​អស់​រយៈ​ពេល​ជាង ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រវាង ភាគី​និយោជក សហជីព​កម្មករ និង​ក្រសួង​ការងារ។ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ថ្លែង​ថា ប្រសិន​បើ​គ្មាន​មតិ​កុង​សង់​ស៊ីស ពី​ភាគី​ទាំង​សងខាង​ទេ ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ អាចកំណត់​ជ្រើស​យក​តួលេខ​ណាមួយ​ តាម​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន​រវាង​ភាគី​និយោជក និង​សហជីព​កម្មករ នោះ​នឹង​ឈាន​ដល់​ នីតិវិធី​បន្ទាប់ គឺ​ការ​បោះឆ្នោត​ជ្រើស​យក​តួលេខ​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០១៧​ណា​មួយ ដើម្បី​ធ្វើ​របាយការណ៍ ជូន​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច​ចុង​ក្រោយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​សម្រួល​បំពេញ​បន្ថែម​លើ​សំណើ​សហជីព ​ឬ​និយោជក។ លោក​បាន​បន្ថែម​ថា កត្តា​ដែល​នាំ​ឲ្យ​ភាគី​ទាំងពីរ មិន​អាច​រក​តួលេខ​រួម​គ្នា​បាន គឺ​ដោយសារ​តែ ​ទាំង​ខាង​ភាគី​និយោជក និង​សហជីព​កម្មករ សិក្សា​ស្រាវជ្រាវ​ ត្រឹម​តែ​មួយ ក្នុង​ចំណោម ៧ លក្ខណៈ​វិនិច្ឆ័យ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។

 
លក្ខណៈ​វិនិច្ឆ័យ​ទាំង ៧ ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​នោះ​គឺ ស្ថានភាព​គ្រួសារ អត្រា​អតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ ផលិតភាព ការ​ប្រកួត​ប្រជែង​របស់​ប្រទេស សា្ថនភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ។ ទាំង​ភាគី​និយោជក និង​ភាគី​សហជីព​កម្មករ សុទ្ធ​តែ​ជឿជាក់​ថា មិន​អាច​រក តួលេខ​រួម​គ្នា​រវាង ថៅកែ និង​កម្មករ​បាន​ឡើយ។ ភាគី​និយោជក បាន​លើក​យក អត្រា​អតិផរណា និង​ផលិតភាព ដើម្បី​ទាញ​ថ្លៃ​ប្រាក់​ឈ្នួល​កម្មករ​មិន​អោយ​ឡើង​ខ្ពស់។ ចំណែក​ភាគី​សហជីព​កម្មករ​ ចង់​អោយ​ថៅកែ បូក​បញ្ចូល​កំណើន​នៃ​ការ​នាំ​ចេញ កម្រិត​ប្រាក់​ចំណេញ និង​ទីផ្សារ​ការងារ​ផង​ដែរ។

អគ្គលេខាធិការ​រង​ នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក កាំង មូនីកា បាន​ថ្លែង​ថា ចំនុច​រាំង​ស្ទះ​ដល់​ការ​ព្រមព្រៀង​ ដោយសារ​តែ​ការ​ប្រើ​តួលេខ និង​ការ​យល់​ខុស​គ្នា លើ​លក្ខណៈ​វិនិច្ឆ័យ នៃ​ការ​ចំណាយ​មធ្យម​របស់​កម្មករ។

លោក​ស្រី យ៉ាង សោភណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ បាន​ថ្លែង​ថា ១៧៧.៥៩ដុល្លារ ជា​តួលេខ​រួមគ្នា របស់​សហជីព ដែល​ឯកភាព​គ្នា ប្រហែល​មិន​អាច​ចុះ​ទៀត​បាន​ទេ ព្រោះ​តួលេខ​នេះ ទប់​នឹង​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​របស់​កម្មករ ក៏​នៅ​ខ្វះខាត​នៅឡើយ។

គួរ​ជម្រាប​ថា ក្រុម​ការងារ​បច្ចេក​ទេស​ត្រី​ភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា មាន​សមាជិក​ស្មើ​ៗ​គ្នា ១៦​រូប មក​ពី​ភាគី​ទាំង​បី។ ចំណែក គណៈកម្មការ​ប្រឹក្សា​ការងារ មាន​សមាភាស ភាគី​តំណាង​និយោជក ៧រូប ភាគី​តំណាង​កម្មករ​និយោជិត ៧​រូប និង​ភាគី​រាជរដ្ឋាភិបាល​ ១៤រូប។ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ធ្លាប់​ស្នើ​ប្រាក់​ឈ្នួល​កម្មករ​តួលេខ ១៤៨.២០ដុល្លារ ខណៈ​បច្ចុប្បន្ន ភាគី​តំណាង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC ប្រកាន់​យក​ចំនួន​ ១៤៦.៣៧​ដុល្លារ ហើយ​ភាគី​សហជីព​កម្មករ​ពេញ​ចិត្ត​តួលេខ ១៧៧.៥៩ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI