កម្ពុជា

របាយការណ៍ថ្មីរកឃើញថា ករណីវិវាទដីធ្លីនៅកម្ពុជាក្នុងឆ្នាំ២០១៦ មានចំនួនច្រើនជាងឆ្នាំកន្លងទៅ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ធ្វើ​ការ​តវ៉ា​ទាម​ទារ​យក​ដី​របស់​ខ្លួន​មក​វិញ នា​ពេល​កន្លង​មក។
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ធ្វើ​ការ​តវ៉ា​ទាម​ទារ​យក​ដី​របស់​ខ្លួន​មក​វិញ នា​ពេល​កន្លង​មក។ RFI/ Siv Channa

របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​នេះ បាន​បង្ហាញ​ថា ករណី​វិវាទ​ដីធ្លី​ថ្មី​ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ មាន​ចំនួន​ច្រើន​ជាង​បណ្តា​ឆ្នាំ​នានា​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក។ មូល​ហេតុ​ចម្បង ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដី​ធ្លី គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច។

ផ្សាយពាណិជ្ជកម្ម

លោក​តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ឬ NGO Forum បាន​ថ្លែង​លើក​ឡើង​ពី​របាយការណ៍​នោះ​ថា ករណី​វិវាទ​ដី​ធ្លី​ថ្មី ដែល​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៥៦​ករណី ពោល​គឺ​ករណី​វិវាទ​ថ្មី​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​ច្រើន​ជាង​បណ្តា​ឆ្នាំ​នានា ដែល​អង្គការ​របស់​លោក​បាន​ធ្វើ​ការ​កត់​ត្រា​តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ។

ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​ស្តី​ពី​ “ការ​វិភាគ​ស្ថិតិ​ស្តី​ពី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១៦” នេះ លោក​តឹក វណ្ណារ៉ា​បន្ថែម​ថា ប្រៀប​ធៀប​ទៅ​នឹង​វិវាទ​កើត​ថ្មី​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​២៣​ករណី មាន​ន័យ​ថា​វិវាទ​ក្នុង​ឆ្នាំ​២០១៦ មាន​ការ​កើន​ឡើង​ទ្វេ​ដង។ លោក​តឹក វណ្ណារ៉ា​បន្ថែម​ថា មាន​វិវាទ​ដី​ធ្លី​៥៨​ករណី ដែល​វិវាទ​ខ្លះ​កើត​ឡើង​មុន​ឆ្នាំ​២០០០ បាន​ដោះ​ស្រាយ​ចប់​ពេញ​លេញ​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៦។

បើ​តាម​របាយការណ៍​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦​នេះ ករណី​វិវាទ​ដី​ធ្លី​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត រតនគីរី​ចំនួន​៣១​ករណី ច្រើន​ជាង​បណ្តា​ខេត្ត​ផ្សេង​ទៀត ចំណែក​ឯ​ខេត្ត​កែប មាន​ករណី​វិវាទ​ដី​ធ្លី​កើត​ឡើង​តែ​១​ករណី​ប៉ុណ្ណោះ ឬ​មាន​ន័យ​ថា​ខេត្ត​នេះ ជា​ខេត្ត ដែល​មាន​ករណី​វិវាទ​ដី​ធ្លី​តិច​ជាង​គេ។ វិវាទ​ដី​ធ្លី​ចំនួន​៣១៩​ករណី កំពុង​បន្ត​រង​ចាំ​ដំណោះ​ស្រាយ ហើយ​បាន​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​ម៉ឺន​៤​ពាន់​គ្រួសារ ឬ​ប៉ះ​ពាល់​លើ​ផ្ទៃ​ដី​ប្រមាណ​ជាង​១​លាន​ហិកតា។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា មូលហេតុ​ធំៗ ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី មាន​បី​សំខាន់ គឺ​ការ​ផ្តល់​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ការ​ប្រើ​ប្រាស់​អំណាច​ជា​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​អំណាច​មុខងារ​ជា​អ្នក​មាន និង​ការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​ដែនដី​ក្នុង​ឆ្នាំ​២០១៦​ឲ្យ​ដឹង​ថា គណៈកម្មការ​សុរិយោ​ដី បាន​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី លើ​ទំហំ​ផ្ទៃ​ដី​ប្រមាណ​១៤៥​ហិក​តា។

នាយក​ប្រតិបត្តិ NGO Forum បាន​បញ្ជាក់​ថា បើ​ករណី​ជម្លោះ​ដី​ធ្លី​នៅ​តែ​កើត​មាន នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ដី​ស្ថិត​នៅ​ក្នុង​ជម្លោះ។​

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​ឲ្យ​ដឹង​ថា គណបក្ស​កាន់​អំណាច​បាន​បាត់​បង់​សន្លឹក​ឆ្នោត​គាំទ្រ​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​សង្កាត់​មាន​ជម្លោះ​ដី​ធ្លី ក្នុង​រាជធានី​ភ្នំពេញ តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI