វិវាទដីធ្លីនិងសេវាសាធារណៈនៅតែជាឧបសគ្គនៃកំណែទម្រង់!
ចុះផ្សាយនៅថ្ងៃ៖
ដំណោះស្រាយបញ្ហាដីធ្លី និងការបម្រើសេវាសាធារណៈគឺជាបញ្ហាអាទិភាព២ក្នុងចំណោមបញ្ហាជាច្រើនដែលរដ្ឋាភិបាលគណបក្សកាន់អំណាចត្រូវដោះស្រាយជាបន្ទាន់មុនគេដើម្បីសម្រេចគោលដៅកំណែទម្រង់របស់ខ្លួន។ ប៉ុន្តែ រយៈពេលជាងមួយឆ្នាំកន្លងទៅនៃរដ្ឋាភិបាលអាណត្តិទី៥នេះបញ្ហាដ៏សំខាន់ទាំងពីរនៅតែជាចំណុចប្រឈមជួរមុខនៅឡើយបើទោះជាលោកនាយករដ្ឋមន្ត្រីបានដាក់ចេញកំណែទម្រង់ជាច្រើនក៏ដោយ។ ការបណ្តែតបណ្តាយនឹងក្លាយជារឿងហួសពេលសម្រាប់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
ក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាត់បង់ប្រជាប្រិយភាព មានបញ្ហាសំខាន់២ដែលលេចធ្លោជាងគេ នោះគឺជម្លោះដីធ្លី និងការទារកម្រៃសេវាកម្មក្រៅផ្លូវការដែលជាទម្រង់នៃអំពើពុករលួយដុះស្លែមួយនៅក្នុងរដ្ឋបាលសាធារណៈ។
វាពិតជាមិនមែនជារឿងចៃដន្យទេដែលគណបក្សកាន់អំណាចបាត់បង់សន្លឹកឆ្នោតអស់ ២២ កៅអីពីក្នុងរដ្ឋសភា។ នរណាក៏ដឹងដែរថាបញ្ហាដីធ្លីដែលកើតមានក្នុងខេត្តក្រុងជាច្រើនបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋក្រីក្រជាច្រើន។ គ្រាន់តែជម្លោះដីនៅបូរីកីឡា និងបឹងកក់ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យបក្សកាន់អំណាចរបូតសំឡេងឆ្នោតអស់មិនស្ទើរឡើយ។ បញ្ហានេះក៏បានក្លាយទៅជារឿងភាពយន្តឯកសារដែលអង្រួនសហគមន៍អន្តរជាតិយ៉ាងខ្លាំងថែមទៀតផង។
តាមពិត បញ្ហាហាក់មិនពិបាកនឹងដោះស្រាយសោះ ប៉ុន្តែ «ការបណ្តែតបណ្តោយ» ឬស្ថានភាព«លេបស្លាក់ ខ្ជាក់ស្លែង» របស់អាជ្ញាធរបានធ្វើឲ្យបញ្ហាតូចតាចសោះប្រែក្លាយទៅជាព្យុះភ្លៀងស្ទើរគ្រប់ពេលវេលា។ ជម្លោះដីនៅកន្លែងជាច្រើនទៀតក៏មានលក្ខណៈស្រដៀងគ្នានេះដែរ។ បើទោះជាក្រសួងជំនាញនិងអាជ្ញាធរដែនដីបានបង្ហាញពីកិច្ចការដែលខ្លួននិងបានធ្វើជាច្រើនហើយក៏ដោយ ក៏របាយការណ៍របស់អង្គការសង្គមស៊ីវិលនៅតែបង្ហាញថាករណីវិវាទដីធ្លីនៅតែកើតមានយ៉ាងច្រើននៅឡើយ។
ចំណែកឯបញ្ហាពុករលួយនៅក្នុងរដ្ឋបាលសាធារណៈវិញក៏នៅតែជាទម្លាប់ដុះស្លែមួយដែលពិបាកកែដែរ ហើយវាកំពុងបន្តធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋឥតឈប់ឈរ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ពិតជាមានការប្រែប្រួលមួយចំនួនក្នុងការផ្តល់សេវាកម្មជូនពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញនូវកំណែទម្រង់ក្នុងវិស័យនេះ។ ប៉ុន្តែ ការប្រែប្រួលហាក់មានតែរូបភាពច្រើនជាងខ្លឹមសារ មានន័យថា បើគេមើលពីក្រៅទៅហាក់ដូចជាស្ងាប់ស្ងាត់ តែតាមការពិត ទម្លាប់ហុចលុយដើម្បីជាថ្នូរនឹងការទទួលបានសេវាឆាប់រហ័សនៅតែកើតមានដដែល។
បញ្ហាដែលពិបាកកែជាងគេមួយគឺស្ថិតក្នុងវិស័យអចលនទ្រព្យ ដូចជាការលក់និងទិញផ្ទះ និងជំនួញដីធ្លីជាដើម។ អ្នករត់ការបានត្អូញត្អែរពីភាពយឺតយ៉ាវដែលតម្រូវឲ្យពួកគេត្រូវផ្ទាប់លុយជាមួយឯកសារទើបទទួលបានការចុះហត្ថលេខាឆាប់រហ័ស។ បញ្ហាគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺ ម្ចាស់ផ្ទះជាច្រើនខកខ្លួននិយាយលែងចេញនៅពេលដែលពួកគេដឹងថា ផ្ទះដែលខ្លួនទើបតែទិញសោះនោះជាប់ពន្ធរហូតដល់ទៅច្រើនឆ្នាំដោយសារម្ចាស់អ្នកសាងសង់មិនបានបង់ពន្ធជូនរដ្ឋ។ បញ្ហាទាំងនេះកំពុងធ្វើឲ្យពលរដ្ឋចងកំហឹងជាមួយអាជ្ញាធររដ្ឋយ៉ាងខ្លាំង។ នេះសបញ្ជាក់ពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរក្នុងការបម្រើពលរដ្ឋ។
មូលហេតុដែលនាំឲ្យកំណែទម្រង់របស់រដ្ឋាភិបាលមិនសូវមានប្រសិទ្ធភាពនៅតែដដែលទេ គឺមកពីទម្លាប់ប្រើតួនាទីដើម្បីស្វែងរកលាភសក្ការៈរបស់មន្ត្រីអាជ្ញាធរសាធារណៈ។ ទម្លាប់នេះកប់យ៉ាងជ្រៅណាស់ដែលពិបាកដុះក្អែលលាងជម្រះ។ ពិបាកមកពីថ្នាក់លើមិនដឹងជារឿងមួយ តែដឹងហើយបិទភ្នែកមិនចាត់ការគឺជារឿងមួយទៀត។ ស្ថានភាពនេះពិតជាមិនអំណោយផលឡើយដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច។ ដូច្នេះ រដ្ឋាភិបាលគួរចាត់វិធានការឲ្យស៊ីជម្រៅថែមទៀតដើម្បីដេញទាន់ជាន់កែងមន្ត្រីក្រោមឱវាទណាដែលចូលចិត្តឆ្លៀតឱកាសប្រើតួនាទីដើម្បីលាភសក្ការៈ។
ពិតហើយថា រដ្ឋាភិបាលបានដាក់ចេញកំណែទម្រង់ជាច្រើនទាក់ទងនឹងបញ្ហាដីធ្លីក៏ដូចជាក្នុងសេវាកម្មសាធារណៈ។ ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក៏បានធ្វើកិច្ចការមិនតិចដែរដូចជាការវាស់វែងនិងចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងការដោះស្រាយទំនាស់ផ្សេងៗទៀត។ ប៉ុន្តែ វាមិនបានធ្វើឲ្យបញ្ហាដីធ្លីស្ងប់ស្ងាត់ឡើយ។ ជាញឹកញាប់ ពលរដ្ឋរងគ្រោះដោយទំនាស់ដីធ្លីតែងឡើងមកភ្នំពេញដើម្បីសុំអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល។
ដំណោះស្រាយត្រូវផ្តើមពីការលុបបំបាត់ទម្លាប់ឃុបឃិតដើម្បីផលប្រយោជន៍ ការលូកដៃពីអ្នកមានឥទ្ធិពល និងទម្លាប់ប្រើអំណាចដើម្បីរកលាភសក្ការៈ។ ប្រសិនបើឫសគល់ទាំងនេះ មិនត្រូវបានគាស់រំលើងទេ រាល់កំណែទម្រង់របស់រដ្ឋាភិបាលនឹងមិនអាចសម្រេចគោលដៅបានឡើយ។ ដូច្នេះ ទោះជាក្នុងតម្លៃណាក៏ដោយ បញ្ហាជាអាទិភាពទាំងនេះគួរត្រូវបានដោះស្រាយជាចាំបាច់។ ការយឺតយូរតែមួយជំហានទៀតវានឹងក្លាយជារឿងហួសពេលសម្រាប់រដ្ឋាភិបាលបក្សប្រជាជនកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ