ពលរដ្ឋបុរីកីឡា១១គ្រួសារគ្រោងស្នើទៅ លោកជា សុផារ៉ា ជួយរកដំណោះស្រាយបញ្ចប់
ចុះផ្សាយនៅថ្ងៃ៖
ពលរដ្ឋបុរីកីឡា១១គ្រួសារ នឹងងាកទៅរកដំណោះស្រាយពីរដ្ឋមន្រ្តីក្រសួងដែនដីលោក ជា សុផារ៉ា វិញប្រសិនបើមិនមានដំណោះស្រាយណាមួយជាមួយសាលាក្រុងដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ។ ការអះអាងនេះគឺធ្វើឡើងខណៈដែលពលរដ្ឋបុរីកីឡាដែលនៅសេសសល់ ត្រៀមចូលខ្លួនទៅដោះស្រាយជាមួយសាលារាជធានីភ្នំពេញជាលើកចុងក្រោយនាថ្ងៃពុធស្អែក។
គំរូនៃដំណោះស្រាយដ៏ល្អចំពោះពលរដ្ឋរស់នៅប៊ូឌីញគឺជាផ្នែកមួយជម្រុញដល់ពលរដ្ឋ១១គ្រួសាររស់នៅបុរីកីឡាចង់ងាកទៅរកដំណោះស្រាយពីរដ្ឋមន្រ្តីក្រសួងដែនដីលោក ជា សុផារ៉ាវិញ។ នេះបើតាមការអះអាងរបស់អ្នកស្រី ស ស៊ន តំណាងពលរដ្ឋរស់នៅបុរីកីឡា១១គ្រួសារ ចុងក្រោយ។ ក៏ប៉ុន្តែបើតាមអ្នកស្រី ស ស៊ន មុននឹងគាត់គ្រោងស្នើទៅ លោកជា សុផារ៉ា ជួយរកដំណោះស្រាយនៅសេសសល់ ពួកគាត់នឹងចូលខ្លួនដោះស្រាយបន្តជាមួយសាលារាជធានីភ្នំពេញនៅលើកចុងក្រោយសិន។
សូមបញ្ជាក់ថា ការចូលខ្លួនដោះស្រាយ របស់ពលរដ្ឋបុរីកីឡា១១គ្រួសារ នៅថ្ងៃពុធទី២៧ធ្នូជាមួយសាលារាជធានីភ្នំពេញ ធ្វើឡើងក្រោយពួកគាត់ រងការព្រមានប្ដឹងពីអភិបាលខណ្ឌ៧មករា ក្នុងករណីមិនព្រមទទួលយកសំណងទៅតាមការកំណត់របស់អាជ្ញាធរនៅក្នុងជំនួបមួយកាលពីថ្ងៃទី២៥ធ្នូ។ អាជ្ញាធរដែលកំណត់ឲ្យ៧គ្រួសារក្នុងចំណោម១១គ្រួសារត្រឡប់ទៅរស់នៅតំបន់អណ្ដូងជាយក្រុងដោយមានផ្ទះមួយខ្នងជាមួយនឹងថវិកា៤ពាន់ដុល្លារ។ រីឯ៣គ្រួសារទៀត ទទួលយកដំណោះស្រាយអភិវឌ្ឍន៍នៅនឹងកន្លែង។
ប៉ុន្តែយ៉ាងណាក៏ដោយដំណោះស្រាយនេះ ត្រូវបានអ្នកបុរីកីឡារិះគន់ថា ជាការដោះស្រាយដដែលៗ ដោយបន្តបញ្ជូនពួកគាត់ត្រឡប់ទៅរស់នៅភូមិអណ្ដូងវិញ ដែលផ្ទុយពីការចង់បានរបស់ពួកគាត់១១គ្រួសារដែលស្នើឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង។ បើតាមអ្នកស្រី ស ស៊ន តំណាងពលរដ្ឋ១១គ្រួសារ បានអះអាងប្រាប់វិទ្យុបារាំងថា កាលដែលពួកគាត់មិនចង់ចាកចេញពីបុរីកីឡាព្រោះបុរីកីឡាជាកន្លែងដែលគាត់ងាយស្រួលរកស៊ី។ ទោះជារងការព្រមានប្ដឹងបែបណាក៏ដោយអ្នកស្រី ស ស៊ន នៅតែអះអាងថា មិនចាកចេញនោះទេហើយមិនខ្លាចការប្ដឹងផ្តល់ដែរព្រោះយល់ថា ការប្ដឹងផ្តល់មិនមែនជារឿងថ្មីថ្មោងសម្រាប់ពួកគាត់នោះទេ។
ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញអះអាងថា ដំណោះស្រាយជាមួយប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាគឺបានអនុវត្តគ្រប់គ្រាន់ហើយ ហើយក៏មានការចូលរួមដោះស្រាយពីក្រុមអង្គការសង្គមស៊ីវិលដែរ។ ដោយក្នុងនោះមានគ្រួសារជាច្រើនយល់ព្រមទទួលយកដំណោះស្រាយ។ ចំពោះពលរដ្ឋនៅសេសសល់១១គ្រួសារនេះ សាលារាជធានីនឹងបន្តដោះស្រាយដោយយកចិត្តទុកដាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ