ក្រសួងដែនដីគ្រោងនឹងបញ្ចប់ការចុះបញ្ជីដីធ្លី៧លានក្បាលដីឲ្យចប់សព្វគ្រប់នៅឆ្នាំ២០២១
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ពេញមួយឆ្នាំ២០១៩ បានចេញប័ណ្ណកម្មសិទ្ធិដី ជាង៤៥ ម៉ឺនប័ណ្ណ ហើយ ក្រសួងគ្រោងនឹងបញ្ចប់ការចុះបញ្ជីដីធ្លីចំនួន៧លានក្បាលដី ឲ្យចប់សព្វគ្រប់តែម្តង នៅក្នុងឆ្នាំ២០២១ខាងមុខ។ ការលើកឡើងរបស់ក្រសួងដែនដីដូច្នេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ខ្លួន នៅថ្ងៃពុធនេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីជាង៣០០០នាក់។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឲ្យដឹងថា ក្នុងមួយឆ្នាំ២០១៩នេះ ក្រសួងបានចេញប័ណ្ណកម្មសិទ្ធិដីចំនួនជាង៤៥ម៉ឺន(៤៥៦ ២១០)បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួនជាង៣៥ម៉ឺន (៣៥៨ ៧៤៣)បណ្ណ ។ របាយការណ៍ដដែល បានបង្ហាញដឹងទៀតថា សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួនជាង៥លាន៥សែន (៥ ៥៨៤ ០៣៤) បណ្ណ ស្មើនឹង៧៩,៧៧% នៃក្បាលដីប៉ាន់ស្មាន៧លានក្បាលដី។
តាមលទ្ធផលសម្រេចបានបែបនេះ ក្រសួងដែនដី នឹងបន្តជំរុញគាំទ្រដល់រាជធានី-ខេត្តទាំង២៥ ដើម្បីធ្វើការចុះបញ្ជីដីធ្លីដំបូងសម្រេចឲ្យបាន៨០ម៉ឺនក្បាលដីនៅក្នុងឆ្នាំ២០២០ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីចំនួន៧លានក្បាលដីនៅក្នុងឆ្នាំ២០២១ខាងមុខ។
ដោយឡែកចំពោះវិវាទដីធ្លីវិញ ក្រសួងដែនដីបានទទួលពាក្យបណ្តឹងចំនួន៨១៧បណ្តឹង ទទួលដោះស្រាយចំនួន១០៥ករណី ។ ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨១ ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធវិញចំនួន ២៤ ករណី។ បើតាមក្រសួង ចាប់ពីឆ្នាំ២០០៥ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធនឹងជាង២ម៉ឺនគ្រួសារ (២១ ៧២៥)ស្មើនឹងផ្ទៃដីចំនួន៦៤ម៉ឺនហិកតា។
សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០០៣រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួលពាក្យបណ្តឹងចំនួន៨ ៦៤៣ករណី ដោះស្រាយបពា្ចប់ដោយគណៈកម្មការសុរិយោដីទាំង៣ថ្នាក់ចំនួន៤ ១៣៦ករណី។
ជាមួយនឹងលទ្ធផលនេះ ក្រសួងដែនដី ក៏បានប្រកាសពីការពង្រឹងកិច្ចការងាររបស់ខ្លួនសម្រាប់ឆ្នាំខាងមុខនេះ ដោយនឹងបន្តជំរុញ និងតាមដានករណីវិវាទដីធ្លីដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកកាន់ក្រសួង និងដោះស្រាយវិវាទនោះ។ បន្ថែមលើនេះ ក្រសួងដែនដីក៏បានអះអាងថា នឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីនីតិវិធីដោះស្រាយវិវាទដីធ្លីដល់មន្រ្តីថ្នាក់ក្រោមរបស់ខ្លួនផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ