រយៈពេល៦ខែ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានចុះដោះស្រាយបញ្ហាពលរដ្ឋជាង១០០លើក ភាគច្រើនជាជម្លោះដីធ្លី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដូចការគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៨ កុម្ភៈនេះ បានបើកកិច្ចប្រជុំប្រចាំឆមាសលើកទី០១ ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃគណបក្សនយោបាយចំនួន១៦។ ជាកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផលការងារ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងរយៈពេល៦ខែនេះ។ បើតាមរបាយការណ៍ ក្នុងរយៈពេល០៦ខែមកនេះ ឧត្តមក្រុមប្រឹក្សានេះ បានចុះបេសកកម្មទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមជូនដល់ប្រជាពលរដ្ឋបានជាង១០០លើក ហើយភាគច្រើនពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី។
ក្រោយពីចាប់ដំណើរការងារអស់រយៈពេល៦ខែមកនេះ ក្រុមប្រតិភូមកពីគណបក្សនយោបាយទាំង១៦ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបេសកកម្មទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋបានជាង១០០លើក។ ហើយភាគច្រើនពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី ដែលពួកគេបានបញ្ជូនរបាយការណ៍ទាំងនេះ ដាក់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យមុនចេញដំណោះស្រាយ។
តាមរយៈការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយព័ត៌មាននានា ដោយបានស្រង់សម្តី លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានអះអាងថា «សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទ និងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន»។ គួរជំរាបជូនថា នៅថ្ងៃទី ២៨ ខែកុម្ភៈនេះ គឺជាកិច្ចប្រជុំលើកដំបូងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃគណបក្សនយោបាយចំនួន១៦ ដើម្បីពិនិត្យមើលលទ្ធផលការងារ និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងរយៈពេល៦ខែនេះ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលមានចំនួន៣២រូបមកពីគណបក្សនយោបាយចំនួន១៦ ដែលសុទ្ធសឹងតែមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនេះ ត្រូវបានបង្កើតឡើង កាលពីខែកញ្ញាឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមគំនិតរបស់លោកនាយករដ្ឋមន្ត្រី ក្រោយពេលការបោះឆ្នោតជាតិអាណត្តិទី០៦ឆ្នាំ២០១៨។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ ត្រូវបានបង្កើតឡើង ដើម្បីប្រមូលធាតុចូល ទស្សនៈ ពហុគំនិត និងជាប្រយោជន៍ដល់ការស្ថាបនាជាតិ ដោយមានការចូលរួមពីគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងរដ្ឋសភា។ តាមរយៈទំព័រហ្វេសបុកនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកយន្តការថ្មីនេះថា គឺជាដំណើការនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយថា ការចូលរួមផ្តល់នូវមតិយោបល់ល្អៗពីគណបក្សនយោបាយទាំងអស់ដល់រាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខ។
សូមបញ្ជាក់ដែរថា ចាប់តាំងពីត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ ២០១៨មក ឧត្តមក្រុមប្រឹក្សានេះ បានបើកកិច្ចប្រជុំសរុបចំនួន១៣លើក និងបានកោះអញ្ជើញថ្នាក់ដឹកនាំក្រសួងមកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើក។ ក្នុងនោះរួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ