អានតួអត្ថបទ
កម្ពុជា-ច្បាប់

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត របស់​បក្ស​ប្រឆាំង​នឹង​ត្រូវ​លើក​យក​ទៅ​ជជែក​នៅ​សប្តាហ៍​ក្រោយ

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា REUTERS
ដោយ៖ ញឹម សុផល
១៦ នាទី

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ ជុំ​វិញ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ស្នើ​ឡើង​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៣៣​រូប។ ការ​សម្រេច​បើក​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​សប្តាហ៍​ក្រោយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​សុន ឆ័យ បាន​ដាក់​លិខិត ទៅ​កាន់​ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១១​ខែ​សីហា កន្លង​ទៅ ក្នុង​គោល​បំណង​ចង់​កែ​ប្រែ​មាត្រា​ចំនួន​៣​នៃ​ច្បាប់​បោះ​ឆ្នោត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​ចូល​រួម​បោះ​ឆ្នោត​បាន។

ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​នេះ​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​ស្នើ​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ដាក់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ​ទី​២១​សីហា​ខាង​មុខ ដើម្បី​ពិភាក្សា​បន្ទាប់​ពី​លោក​ទទួល​បាន​លិខិត​នេះ ហើយ​បញ្ជូន​ទៅ​កាន់​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន។

ជាមួយ​គ្នា​នេះ​លោក ឡេង ប៉េងឡុង មិន​អាច​បញ្ជាក់​បាន​ថា សេច​ក្តី​ស្នើ​នេះ នឹង​ត្រូវ​គណៈកម្មការ​រដ្ឋសភា​ចាត់​ការ​បន្ត​ឬ​ក៏​ទាត់​ចោល​យ៉ាង​ណា​នោះ​ទេ អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​គណៈកម្មការ​ជំនាញ។

ដោយ​ឡែក លោក សុន ឆ័យ តំណាង​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ហត្ថលេខី នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ដឹង​ដែរ​ថា ការ​ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​យល់​ព្រម​យក​សំណើ​របស់​លោក​ទៅ​ពិនិត្យ នៅ​ដើម​សប្តាហ៍​ក្រោយ​គឺ មិន​យឺត​យូរ​ពេល​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សង្ឃឹម​ថា​តើ​សំណើ​របស់​លោក ត្រូវ​បាន​គណៈកម្មការ​ពាក់​ព័ន្ធ​យក​ទៅ​ពិចារណា​ឬ​ក៏​ទាត់​ចោល​នោះ លោក​សុន ឆ័យ បាន​ស្នើ​ឲ្យ​រដ្ឋសភា​ធ្វើ​ទៅ​តាម​នីតិវិធី ពោល​គឺ​ត្រូវ​បញ្ជូន​សេចក្តី​ស្នើ​ច្បាប់​នេះ​ទៅ​គណៈកម្មការ​ជំនាញ​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប្រជុំ​រួច។ គណៈកម្មការ​ជំនាញ​ត្រូវ​អញ្ជើញ​អ្នក​ស្នើ​ច្បាប់​ទៅ​ពិភាក្សា​គ្នា ដោយ​មិន​ត្រូវ​សម្រេច​ទាត់​ចោល​ពាក់​កណ្តាល​ផ្លូវ​ដូច​ជា​ការ​ស្នើ​នានា​កន្លង​មក​នោះ​ទេ។ នេះ​បើ​តាម​លោក សុន ឆ័យ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក សុន ឆ័យ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៣​រូប បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដោយ​យោង​ទៅ​លើ​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា​៣៣ មាត្រា​៣៤​ថ្មី មាត្រា​៣៥ ដែល​ក្នុង​ន័យ​ថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​ឬ​រស់​នៅ​ឯ​បរទេស​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណា​ងរាស្ត្រ ដែល​ប្រកាស​ដោយ​ព្រះ​រាជ​ក្រម​ចុះ​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ​២០១៥។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ