កម្ពុជា-ច្បាប់

រដ្ឋាភិបាល​បើក​ផ្លូវ​ឲ្យ​ធ្វើ​វិសោធកម្ម​ច្បាប់​ជលផល

រូបភាព​ចាស់​៖ បទល្មើស​នេសាទ​បែប​នេះ កើត​មានកន្លង​មក​
រូបភាព​ចាស់​៖ បទល្មើស​នេសាទ​បែប​នេះ កើត​មានកន្លង​មក​ សហការី

រដ្ឋាភិបាល​បាន​បើក​ផ្លូវ​ឲ្យ​ធ្វើ​វិសោធកម្ម​មាត្រា​ចំនួន​៥​នៃ​ច្បាប់​ស្ដី​ពី​ជលផល។​ នេះ​បើ​ផ្អែក​លើ​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ទី​២៥​សីហា។ គោល​បំណង​នៃ​វិសោធកម្ម​នេះ​ដើម្បី​កែ​សម្រួល​ការ​គ្រប់​គ្រង​ផ្នែក​ជលផល​នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​កែ​សម្រួល​បន្ថយ​ទំហំ​ក្រឡា​សាច់​មង ឬ​អួន ។ នឹង​ចុង​ក្រោយ​ផ្តល់​សិទ្ធិ​ធ្វើ​នេសាទ ដោយ​ឧបករណ៍​នេសាទ លប ណរ៉ាវ ឬ​លប​ឡុក និង​ឧបករណ៍​អួន​ជូន​ប្រជា​នេសាទ។

ផ្សាយពាណិជ្ជកម្ម

គម្រោង​នៃ​ការ​ធ្វើ​វិសោធកម្ម​ច្បាប់​ស្ដី​ពី​ជលផល​គឺ បន្ទាប់​ពី​មាន​សំណូមពរ​របស់​ប្រជានេសាទ​តាម​រយៈ​ការ​ធ្វើ​វេទិកា​សាធារណៈ និង​វេទិកា​តុ​មូល​កន្លង​មក។ ខ្លឹមសារ​នេះ លោក ណៅ ធួក រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ពន្យល់​ថា តាម​រយៈ​វេទិកា​សាធារណៈ​ប្រជានេសាទ​បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​សាច់​អួន​ជំនួស​របាំង​ព្រួល​ក្នុង​ទំហំ​៣​សង់ទីម៉ែត្រ​វិញ។ ការ​ស្នើ​សុំ​នេះ​ក៏​ត្រូវ​បាន​ឯកភាព​តាម​រយៈ​វិសោធកម្ម​នៅ​ថ្ងៃ​ខាង​មុខ។ លោក​បន្ថែម​ថា ក៏​មាន​ដែរ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ខណ្ឌ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា​ស្ថាប័ន​ទាំង​ពីរ​ធ្វើ​ការ​មិន​សូវ​ស៊ី​សង្វាក់​គ្នា។

សូម​រម្លឹក​ថា មាត្រា​៤១​ក្នុង​ចំណោម​មាត្រា​៥​ដែល​នឹង​ធ្វើ​វិសោធកម្ម​នោះ​បាន​ហាម​ឃាត់​ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម ឬ ឧស្សាហកម្ម​នៅ​ក្នុង​រដូវ​បិទ​នេសាទ។ ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​ឧស្សាហកម្ម​នៅ​កន្លែង​នេសាទ​បម្រុង។ ការ​ធ្វើ​នេសាទ​ក្នុង​កន្លែង​នេសាទ​បម្រុង​ដោយ​ឧបករណ៍​គ្រប់​ប្រភេទ​រួច​ផ្សំ​ដោយ របាំង​ព្រួល​ដែល​មាន​បណ្តាយ​លើ​ពី​ហាសិប​(៥០)​ម៉ែត្រ ឬ​លាត​សន្ធឹង​លើ​ពី ពីរ​ភាគ​បី​(២/៣) នៃ​ទទឹង​មុខ​ទឹក ឬ ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ផល​យាន​គ្រប់​យ៉ាង។ ការ​ប្រើ​សាច់​មង អួន ឬ​លួស​សំណាញ់​ដែល​មាន​ក្រលា​តូច​ជាង​បួន (៤) សង់ទីម៉ែត្រ​ធ្វើ​ជា​របាំង​រួម​ផ្សំ ឬ ជំនួស​របាំង​ព្រួល។ ការ​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​ដាយ​ចាប់​ត្រី ឬ ចាប់​ដាយ​បង្កង​ខុស​ទី​តាំង​កំណត់ ។

នៅ​ពេល​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ជលផល​ត្រូវ​បាន​អនុម័ត វា​នឹង​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាត់​វិធានការ​គ្រប់​គ្រង និង​ថែរក្សា ការពារ​ធនធាន​ជលផល​ឲ្យ​មាន​និរន្តរភាព​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី។

និយាយ​ពី វិស័យ​ជលផល​នា​ពេល​បច្ចុប្បន្ន លោក ណៅ ធួក កត់​សម្គាល់​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​លុប​ចោល​ឡូតិ៍​នេសាទ​ក្នុង​ឆ្នាំ​២០១២​មក​ប្រជាជន នេសាទ​ទទួល​បាន​ផល​ច្រើន​ជាង​មុន។ ឆ្លើយ​តប​ចំពោះ​ផល​ត្រី​ថយ​ចុះ​លោក​ថា​នេះ បណ្ដាល​មក​ពី​ចំនួន​អ្នក​នេសាទ​មាន​ការ​កើន​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI